ប្រធានាធិបតីរយៈពេលយូរអង្វែងនៃប្រទេសស៊ីមបាវ៉េ កំពុងជាប់ឃុំនៅក្នុងគេហដ្ឋានរបស់លោក។ នេះបើយោងតាមសម្តីរបស់ប្រធានាធិបតីអាហ្វ្រិកខាងត្បូងកាលពីថ្ងៃពុធ។ វាសនារបស់លោកប្រធានាធិបតី Robert Mugabe នៅមិនទាន់ប្រាកដប្រជានៅឡើយទេ បន្ទាប់ពីហេតុការណ៍ដែលទំនងជាកិច្ចខិតខំប្រឹងប្រែងរបស់យោធាក្នុងការទម្លាក់លោកចេញពីតំណែង ក្រោយកាន់អំណាចអស់រយៈពេល៣៧ឆ្នាំ។
គណនីលើបណ្តាញសង្គមរាយការណ៍ថា ស្ថានភាពមានភាពតានតឹងនៅក្នុងរដ្ឋធានី Harare ខណៈដែលអាជីវកម្មមួយចំនួនត្រូវបិទទ្វារមុនកំណត់។
រថក្រោះនានាបានបើកកាត់រដ្ឋធានី Harare កាលពីថ្ងៃអង្គារ មួយថ្ងៃបន្ទាប់ពីមេបញ្ជាការកងទ័ពស៊ីមបាវ៉េ លោកឧត្តមសេនីយ៍ Constantino Chiwenga បានព្រមានថា លោកនឹងលូកដៃចូល លុះត្រាណា តែលោកប្រធានាធិបតី Mugabe ឈប់ព្យាយាមកម្ចាត់អ្នកគាំទ្រលោកអតីតអនុប្រធានាធិបតី Emmerson Mnangagwa នៃគណបក្សកាន់អំណាច ZANU-PF។ មនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួន ចាប់តាំងពីលោក Mugabe បានបណ្តេញលោកអនុប្រធានាធិបតីចេញពីតំណែងកាលពីថ្ងៃទី៥ ខែវិច្ឆិកាមក។
គណបក្សកាន់អំណាចស៊ីមបាវ៉េ បានចោទប្រកាន់លោក Chiwenga ថា «ធ្វើសកម្មភាពក្បត់ជាតិ» បន្ទាប់ពីលោកបានចេញសេចក្តីថ្លែងការណ៍នោះមក៕