ឆ្នាំ២០១៨ គឺជាឆ្នាំដ៏អាក្រក់សម្រាប់សិទ្ធិមនុស្សក្នុងទ្វីបអាហ្រិ្វក នេះបើយោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស។ ក្រុមអង្គការសិទ្ធិមនុស្សបានលើកឡើងពីក្តីបារម្ភនៃបញ្ហាស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសស៊ីមបាវ៉េ និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលបញ្ហាសិទ្ធិមនុស្សនេះបានកើតមានតាំងពីឆ្នាំមុននៅតែបន្តមកដល់បច្ចុប្បន្ន។
បញ្ហាសិទ្ធិមនុស្សក្នុងឆ្នាំ២០១៨ បានបន្តកើតមានគ្រប់ទម្រង់ទាំងអស់ក្នុងប្រទេសអាហ្វ្រិកទាំងពីរ នេះបើតាមសំដីរបស់ក្រុមតស៊ូមតិផ្នែកសិទ្ធិមនុស្សដែលបានថ្លែងនៅពេលពួកគេរៀបចំកិច្ចប្រជុំតុមូលប្រចាំឆ្នាំនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំទ្វីបអាហ្រ្វិក ក្នុងទីក្រុង Johannesburg កាលពីពាក់កណ្តាលខែមករាកន្លងមក។
របាយការណ៍សិទ្ធិមនុស្សនៅឆ្នាំនេះ ដែលគ្រោងនឹងផ្សព្វផ្សាយនៅក្នុងរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា ប៉ុន្តែត្រូវបានប្តូរថ្ងៃបរិចេ្ឆទ បន្ទាប់មានការវាយប្រហារពីពួកភេរវករទៅលើសណ្ឋាគារទំនើបមួយកន្លែងដែលបានបណ្តាលឲ្យបាត់បង់ជីវិតមនុស្សជាង២០នាក់។
របាយការណ៍ដដែលនេះ ក៏បានលើកឡើងពីក្តីបារម្ភអំពីអំពើហិង្សា និងការគាបសង្កត់សិទ្ធិមនុស្សនៅតាមបណ្តាប្រទេសមួយចំនួនក្នុងទ្វីបអាហ្រ្វិក រួមមាន ប្រទេសប៊ូរុនឌី ម៉ូសំប៊ិក និង eSwatini ដែលជាអតីតប្រទេសស្វាស៊ីឡង់។
ចំណែកឯប្រទេស២ផ្សេងទៀត គឺសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងស៊ីមបាវ៉េ ដែលប្រទេសទាំងពីរនេះមានបញ្ហានៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ ហាក់មានស្ថានភាពលេចធ្លោជាងគេ នេះបើយោងតាមក្រុមអ្នកជំនាញ។
លោក Dewa Mavhinga គឺជាអ្នកស្រាវជ្រាវនៃអង្គការសិទ្ធិមនុស្សអាហ្រ្វិកខាងត្បូង។
លោកបាននិយាយថា៖ «យើងបានទទួលរបាយការណ៍នានាស្តីពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាច្រើនករណី ដូចជាការវាយដំ ការចាប់ខ្លួន ការធ្វើទុក្ខបុកម្នេញ និងសកម្មភាពនានាដែលមានជាប់ពាក់ព័ន្ធនឹងគណបក្សដឹកនាំប្រទេស គឺគណបក្ សZANU-PF ដែលជាអ្នកវាយដំលើមនុស្សនៅតាមតំបន់ប្រជុំជននានានៅជុំវិញរដ្ឋធានីហារ៉ារ៉េ»។
លោក Mavhinga បាននិយាយថា លោកមានការសោកស្តាយចំពោះការរាយការណ៍អំពី រដ្ឋាភិបាលថ្មីរបស់លោកប្រធានាធិបតី Emmerson Mnangagwa ដែលទើបជាប់ឆ្នោតកាលពីឆ្នាំមុន មិនបានធ្វើឲ្យស្ថានភាពក្នុងប្រទេសស៊ីមបាវ៉េ មានភាពល្អប្រសើរឡើងអ្វីនោះទេ។
លោកបានបន្ថែមថា៖ «តាមរយៈសេចក្តីថ្លែងការណ៍ និងការសំណេះសំណាលជាសាធារណៈកាលពីដំបូងរបស់លោកប្រធានាធិបតី Mnangagwa ដែលនៅពេលនោះលោកបានសន្យាជាច្រើនដើម្បីធ្វើឲ្យប្រទេសជាតិប្រសើរឡើង។ លោកនឹងបង្កើតប្រព័ន្ធនយោបាយថ្មីមួយដែលមានការគោរពសិទ្ធិមនុស្ស។ ប៉ុន្តែស្ថានភាពហាក់ដូចជាមិនបានធូរស្រាលឡើយ បន្ទាប់ពីមានព្រឹត្តិការណ៍ហិង្សាមួយក្រោយការបោះឆ្នោតកាលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨។ មកទល់ពេលនេះ មិនមានស្ថាប័នណាមួយទទួលខុសត្រូវលើការរំលោភបំពាននានាដែលបានកើតឡើងកាលពីអតីតកាល ក៏ដូចជាការរំលោភបំពានធ្ងន់ធ្ងរកាលពីប៉ុន្មានថ្ងៃកន្លងទៅ ដែលមានជាប់ពាក់ព័ន្ធទៅនឹងកងកម្លាំងសន្តិសុខជាតិដែលបានធ្វើឲ្យខូចខាតដល់តម្លៃសិទ្ធិមនុស្សក្នុងប្រទេសស៊ីមបាវ៉េ»។
ដូចគ្នានេះដែរ នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្រុមមន្រ្តីសិទ្ធិមនុស្ស បាននិយាយថាភាពចម្រូងចម្រាស និងការពន្យាពេលការបោះឆ្នោតបានបង្កឲ្យមានការភ័យខ្លាចលើការរំលោភសិទ្ធិមនុស្សក្នុងវិស័យនយោបាយផងដែរ។ នាយកក្រុមអង្គការតស៊ូមតិប្រចាំទ្វីបអាហ្វ្រិក បានគូសបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីមួយជូនអ.ស.ប.ដោយបានចោទប្រកាន់ថាមនុស្សជាង៨០០នាក់ត្រូវបានសម្លាប់នៅតាមតំបន់ជនបទភាគខាងកើតប្រទេសកុងហ្គោ។
លោកស្រី Carine Kaneza Nantulya គឺជានាយកក្រុមអង្គការតស៊ូមតិប្រចាំទ្វីបអាហ្វ្រិក។
លោកស្រី Nantulya បាននិយាយថា៖ «ជារួម គឺមានស្ថានភាពមួយដែលការបោះឆ្នោតអាចប្រព្រឹត្តទៅបានប៉ុន្តែទន្ទឹមនឹងនេះគេក៏ឃើញយ៉ាងច្បាស់ថាមានអំពើហិង្សា ការគាបសង្កត់ទៅលើអ្នកបោះឆ្នោតជាដើម។ ដែលការណ៍នេះរឹតតែធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងក្រុមនានាក្នុងប្រទេស ហើយភាពតានតឹងនេះបានកើតឡើងតាំងពីមុនពេលបោះឆ្នោតមកម៉្លេះ»។
បើយោងតាមក្រុមអ្នកជំនាញសិទ្ធិមនុស្ស ប្រទេសក្នុងទ្វីបអាហ្រ្វិកទាំងពីរនេះ មានស្ថានភាពសិទ្ធិមនុស្សគួរឲ្យព្រួយបារម្ភដូចគ្នា។ សិទ្ធិក្នុងការបញ្ចេញមតិដោយសេរី ត្រូវបានគេបំបិទ។ ប្រជាពលរដ្ឋមានអារម្មណ៍ខឹងសម្បារ។ ស្ថានភាពនយោបាយមានភាពតានតឹងកាន់តែខ្លាំង ការប្រេះស្រាំ និងឈានទៅរករបបផ្តាច់ការ។ ក្រុមអ្នកជំនាញសិទ្ធិមនុស្សក៏បានបន្ថែមទៀតថា ស្ថានការណ៍បែបនេះ កំពុងតែធ្វើឲ្យព្រួយបារម្ភដល់និន្នាការសាកលលោក៕
ប្រែសម្រួលដោយ កោះ សុគន្ធី