នៅក្នុងរបាយការណ៍របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch «ដូចរស់ក្នុងឋាននរក» ចំនួន៤៨ ទំព័រ កាលពីថ្ងៃអង្គារ បានទទូចឲ្យអាជ្ញាធររដ្ឋាភិបាលកម្ពុជាអនុវត្តច្បាប់ដើម្បីគាំទ្រផ្នែកសុខាភិបាល សង្គមកិច្ច និងសេវាកម្មច្បាប់ដល់ជនរងគ្រោះរួចពីស្លាប់ ដោយសារការវាយប្រហារទឹកអាស៊ីដ។
ការបញ្ជាក់យ៉ាងដូច្នេះដោយសារថា ជនរងគ្រោះត្រូវបានបដិសេធផ្តល់ការព្យាបាលដោយឥតគិតថ្លៃផង រងសម្ពាធហើយបង្ខំឲ្យទទួលយកការដោះស្រាយក្រៅប្រព័ន្ធច្បាប់ដែលផ្ទុយពីច្បាប់អាស៊ីដ ដែលបានអនុម័តកាលពីឆ្នាំ២០១២ ដែលចែងពីការដាក់ទោសទណ្ឌជនល្មើសតឹងរឹង និងជួយព្យាបាលរកយុត្តិធម៌ជូនជនរងគ្រោះផង។
លោក Brad Adam នាយកអង្គការសិទ្ធិមនុស្ស យូមែនរ៉ៃវ៉ច( Human Rights Watch) ប្រចាំតំបន់អាស៊ី បានថ្លែងថា៖
«រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការដ៏សំខាន់រឿងច្បាប់ស្តីពីអាស៊ីដ ដោយបានបញ្ជាក់តាមការសន្យាយ៉ាងច្បាស់ជាមួយនឹងជនរងគ្រោះរួចពីការស្លាប់ដោយការវាយប្រហារទឹកអាស៊ីដ។ ការខកខានរបស់រដ្ឋាភិបាលដើម្បីអនុវត្តច្បាប់ នៅតាមបណ្តាខេត្តនានា ក្រៅពីទីក្រុងភ្នំពេញ ដើម្បីនាំខ្លួនជនល្មើសមកកាត់ទោសឬធានាការព្យាបាលសមរម្យនិងធានាផ្តល់សំណងដល់ជនរងគ្រោះ បានបន្សល់ទុកការសន្យាជាអាសាបង់ ដែលធ្វើឲ្យជនរងគ្រោះមានផលវិបាកអស់មួយជីវិត»។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យបានថ្លែងការពាររដ្ឋាភិបាលរបស់លោក ប្រឆាំងនឹងរបាយការណ៍អង្គការសិទ្ធិមនុស្ស Human Rights Watch ដោយបញ្ជាក់ថា ការតាំងចិត្តរបស់រដ្ឋាភិបាល ក្នុងការសម្រេចបានជាច្បាប់មួយបានធ្វើឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំងចំពោះការវាយប្រហារទឹកអាស៊ីដនៅកម្ពុជា។
«យើងបានធ្វើច្បាប់មួយដើម្បីប្រឆាំងនឹងការប្រើប្រាស់ទឹកអាស៊ីដទៅលើរូបបុគ្គលណាមួយដែលជាការប្រើប្រាស់មួយប្រឆាំងនឹងច្បាប់។ នៅពេលច្បាប់ហ្នឹងកើតឡើងជាមួយនឹងការផ្សព្វផ្សាយដែលបញ្ជ្រាបដល់សហគមន៍ យើងឃើញមានការកាត់បន្ថយច្រើនមែនទែន។ រឿងនេះជាជោគជ័យនៃច្បាប់»។
លោកថ្លែងផងដែរថា កម្ពុជាមានមន្ទីរពេទ្យសាធារណៈដែលព្យាបាលតាមលទ្ធភាព។ តែបច្ចេកទេសទំនើបរឿងធ្វើការព្យាបាលកែកុនស្បែក ឬរឿងអ្វីផ្សេងទៀតនោះ កម្ពុជាមិនមានទេ។ ដោយឡែករឿងយុត្តិធម៌វិញ លោក ផៃ ស៊ីផាន បានលើកទឹកចិត្តដល់ជនរងគ្រោះដាក់ពាក្យប្តឹងទៅតុលាការទាំងបីថ្នាក់។
«យើងឃើញមានករណីខ្លះ យើងទទួលបានកិច្ចសហការពីដើមបណ្តឹង ហើយជួនកាលដើមបណ្តឹងមិនចូលសហការជាមួយនឹងព្រះរាជអាជ្ញានោះទេ ដែលករណីហ្នឹងត្រូវបាត់បង់ពាក់កណ្តាលផ្លូវ ដែលយើងប្រទះឃើញ។ តែទោះជាយ៉ាងណាយើងកំពុងពង្រឹងការប្រឆាំងនឹងការប្រើប្រាស់ទឹកអាស៊ីដជាអាវុធ»។
តែរបាយកាណ៍អង្គការ Human Rights Watch ដដែលក៏បានបញ្ជាក់ពីការស្ទង់មតិរបស់ខ្លួនដោយការនិយាយជាមួយមនុស្ស៨១នាក់ រួមទាំងជនរងគ្រោះរួចជីវិត១៧នាក់ពីការវាយប្រហារដោយទឹកអាស៊ីដក្នុងទីក្រុងភ្នំពេញនិងខេត្តកំពង់ចាម សាច់ញាតិ អ្នកច្បាប់ អ្នកជំនាញ និងអ្នកលក់ទឹកអាស៊ីដជាដើមផង។ អង្គការនេះក៏បានលើកយករឿងរ៉ាវស្ទើរតែគ្រប់ករណីដែលគ្មានការព្យាបាលពីមន្ទីរពេទ្យរដ្ឋ និងទទួលបានយុត្តិធម៌ ដែលរួមទាំងករណីរបស់អ្នកស្រី តាត ម៉ារីណា ដែលរងការវាយប្រហារទឹកអាស៊ីដពីភរិយារបស់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ កាលពីឆ្នាំ១៩៩៩។
ខ្លឹមសារមួយផ្នែកនៃរបាយការណ៍នេះបានបង្ហាញថាដោយសារក្នុងសង្គមកម្ពុជា មានការយល់ឃើញជាទូទៅមួយថា ដើមចមនៃអំពើវាយប្រហារដោយអាស៊ីដ គឺមកពីរឿងរ៉ាវស្នេហាត្រីកោណ មានមនុស្សជាច្រើនរួមទាំងមន្ត្រីប៉ូលិស និងតុលាការផងជាពិសេសក្នុងករណីជនរងគ្រោះជាស្ត្រីភេទ ដែលតែងតែបង្ហាញឥរិយាបថមកលើជនរងគ្រោះ ក្នុងរបៀបសន្មតទុកជាមុនថា ជនរងគ្រោះនោះសមនឹងគេជះទឹកអាស៊ីដព្រោះបានប្រព្រឹត្តអំពើផិតក្បត់ ឬជា «ស្រីកំណាន់» របស់ស្វាមីនារីដទៃ។ ស្លាកស្នាមដ៏ធ្ងន់ធ្ងរដែលបណ្ដាលមកពីអំពើវាយប្រហារ ប្រែកា្លយជាតំណាងឲ្យ«បាបកម្ម» របស់ពួកគេជារៀងរហូតដែលមិនអាចលុបលាងជ្រះ ដោយធ្វើឲ្យជនរងគ្រោះជាច្រើនមានអារម្មណ៍កាន់តែឃ្លាតឆ្លាយពីសង្គម។
ជាឧទាហរណ៍របាយការណ៍អង្គការសិទ្ធិមនុស្សនេះក៏បានលើកយកករណីមួយទៀតមកបញ្ជាក់ដែរគឺ ជនរងគ្រោះម្នាក់ឈ្មោះ ស៊ុន សុខនី ដែលត្រូវបានស្វាមីវាយប្រហារដោយអាស៊ីដ កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងផ្សារដ៏មមាញឹកមួយ បានមានប្រសាសន៍ថា មនុស្សម្នាដែលនៅជុំវិញនាងក្នុងពេលកើតហេតុនោះមិនព្រមជួយនាងភ្លាមៗទេរហូតទាល់តែនាងពន្យល់ពួកគេថា នាងគឺជាប្រពន្ធរបស់បុរសដែលជះអាស៊ីដនោះមិនមែនជាស្រីកំណាន់គេទេ។ នាងបានបន្ថែមថា នៅពេលហ្វូងមនុស្សនៅទីនោះព្រមជឿនាង ពួកគេបែរជាស្រែកបណ្ដេញបុរសដែលប្រព្រឹត្តនោះឲ្យរត់គេចខ្លួនឲ្យបានមុនពេលប៉ូលិសមកដល់ទៅវិញ៕