អង្គការ Freedom House បានដាក់ប្រទេសកម្ពុជានៅក្នុងចំណោមប្រទេសដែលមានលក្ខណៈគួរឱ្យកត់សម្គាល់ ដោយសារតែការវិវត្តន៍ថយក្រោយនៃសិទ្ធិសេរីភាពដូចប្រទេសចិន អ៊ីរ៉ាក់និងស្រីលង្កាជាដើម។ ជាពិសេសការវិវត្តន៍នយោបាយក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ ដែលរដ្ឋាភិបាលបានរំលាយគណបក្សប្រឆាំងដ៏ធំនិងចាប់ប្រធានគណបក្សដាក់ឃុំឃាំង ហើយគណបក្សកាន់អំណាចបានរៀបចំការបោះឆ្នោតជាតិ ដោយគ្មានគូប្រកួតប្រជែងដែលមានសក្តានុពល។
អង្គការសិទ្ធិមនុស្សរបស់អាមេរិកាំងនេះបានបញ្ជាក់នៅក្នុងរបាយការណ៍ថា៖
«លោកហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានពង្រឹងការក្តោបអំណាចស្ទើរតែទាំងស្រុង ក្រោមការបោះឆ្នោតជាតិដែលលោកមានកម្លាំងខ្លាំងតែម្នាក់ឯង ដោយធ្វើឡើងក្រោយពីអាជ្ញាធរបានរំលាយគណបក្សប្រឆាំងដ៏ធំ និងបំបិទបណ្តាញសារព័ត៌មានឯករាជ្យ»។
ពិន្ទុនៃសេរីភាពនៅកម្ពុជាបានធ្លាក់ចុះទាបជាងមុន ដោយមានកម្រិតលើសពី២៥ បន្តិចគឺថយចំនួន៤ពិន្ទុ ហើយនៅក្រោមប្រទេសថៃ ប៉ុន្តែនៅលើប្រទេសវៀតណាម និងឡាវ។
សកម្មជនកម្ពុជាមើលឃើញថា រូបភាពសិទ្ធិមនុស្សក្នុងពេលកន្លងមកហាក់មានភាពអវិជ្ជមាន ជាពិសេសក្នុងសិទ្ធិនយោបាយ។
លោកសួន ប៊ុនស័ក្តិ អ្នកឯកទេសខាងផ្នែកសិទ្ធិមនុស្សបានបញ្ជាក់ថា៖
«ជាទស្សនទានរបស់ខ្ញុំផ្ទាល់ ទីមួយពាក់ព័ន្ធនឹងសិទ្ធិនយោបាយ ខ្ញុំក្នុងឋានៈជាពលរដ្ឋខ្មែរ ខ្ញុំមានការសោកស្តាយបន្តិច។ សោកស្តាយត្រង់ថា សកម្មជននយោបាយជាពិសេសគណបក្សនយោបាយដែលប្រជាពលរដ្ឋយល់ឃើញថាជាគូប្រជែងនយោបាយដ៏សំខាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺថាទទួលរងវិធានការតាមផ្លូវច្បាប់រហូតដល់មានជាប់គុក។ នេះជាបញ្ហាផ្លូវច្បាប់កម្ពុជាដែលគេយល់ថា មានបញ្ហាប៉ុន្តែ....អ្នកនយោបាយគួរតែមានការអត់ឱនខ្ពស់ក្នុងចំណោមអ្នកនយោបាយដូចគ្នា»។
លោកប៊ុនស័ក្តិ បន្ថែមថា ឥទ្ធិពលនេះបង្កការភ័យខ្លាចដល់ពលរដ្ឋធម្មតាផងដែរ៖
«ខ្ញុំសង្កេតឃើញនៅស្រុកយើងបច្ចុប្បន្នតាំងពីមុនបោះឆ្នោតក៏ដូចជាក្រោយបោះឆ្នោតមកដល់បច្ចុប្បន្ន ការបញ្ចេញមតិផ្សេងៗហាក់ដូចជាមានការរំជើបរំជួល បើនិយាយឱ្យចំទៅដូចជាមិនសូវមានការបញ្ចេញមតិ ជាពិសេសពីរឿងនយោបាយឱ្យពេញមាត់ប៉ុន្មានទេ»។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ក៏មើលឃើញពីនិន្នាការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា ដោយបានដាក់កំហុសលើលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថាជាតួអង្គសំខាន់ក្នុងការទាញប្រទេសកម្ពុជាឱ្យដើរថយក្រោយ។
អង្គការ Human Rights Watch យល់ថាដល់ពេលវេលាដែលសហគមន៍អន្តរជាតិត្រូវប្រកាន់ជំហរតឹងរឹងចំពោះកម្ពុជាដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សឡើងវិញ។
លោកហ្វីល រ៉ូប៊ឺតសុន អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានបញ្ជាក់ប្រាប់វីអូអេថា៖
«គ្មានអ្នកណាមានកំហុសទេគឺមានតែលោកហ៊ុន សែន និងរដ្ឋាភិបាលរបស់គាត់។ ពួកគេគឺជាអ្នកដែលរំលោភជាប្រព័ន្ធលើសន្ធិសញ្ញាសិទ្ធិមនុស្សនានាដែលរដ្ឋាភិបាលបានផ្តល់សច្ចាប័ន ហើយឥឡូវនេះបែរជាមកបន្ទោសសហភាពអឺរ៉ុប។ សហភាពអឺរ៉ុបត្រូវតែប្រកាន់ជំហរឱ្យរឹងមាំ។ ពួកគេត្រូវទទួលស្គាល់ថាលោកហ៊ុន សែន គឺជាជើងកាង ហើយពួកជើងកាងនឹងចុះញ៉មពេលដែលអ្នកងើបឡើងប្រឆាំងវិញ»។
លោកហ្វីល រ៉ូប៊ឺតសុន បានបញ្ជាក់ថា អង្គការបានបញ្ជូនលិខិតមួយទៅសហភាពអឺរ៉ុបដើម្បីឱ្យដាក់ទណ្ឌកម្មដកឋានៈអនុគ្រោះពន្ធ «រាល់មុខទំនិញលើកលែងសព្វាវុធ» ពីប្រទេសកម្ពុជា។
លោករ៉ូប៊ឺតសុន បានបញ្ជាក់ប្រាប់វីអូអេខេមភាសាថា៖
«យើងជឿថា ការពិតទៅគឺរដ្ឋាភិបាលកម្ពុជាមិនធ្វើតាមការទាមទាររបស់សហភាពអឺរ៉ុបទេ។ រដ្ឋាភិបាលកម្ពុជានៅបន្តលេងល្បិច ដោយព្យាយាមបញ្ចុះបញ្ចូលសហភាពអឺរ៉ុបមិនឱ្យចាត់ការតាមដំណាក់កាលបន្ទាប់បើទោះបីជាខ្លួនមិនគោរពតាមកិច្ចព្រមព្រៀងរបស់ EBA ជាពិសេសលើផ្នែកគោរពសិទ្ធិមនុស្សជាអន្តរជាតិនិងកតិការសញ្ញាស្តីពីពលកម្ម»។
សហភាពអឺរ៉ុបបានកំណត់ថ្ងៃទី២៩ ខែមករាជាថ្ងៃចុងក្រោយសម្រាប់ប្រទេសសមាជិកផ្តល់ភ្លើងខៀវឱ្យដកឋានៈអនុគ្រោះពន្ធដែលកម្ពុជានាំទំនិញដោយរួចពន្ធចូលទីផ្សារសហភាពអឺរ៉ុបហើយចំណេញប្រាក់ពន្ធជិត៧០០លានដុល្លារក្នុងមួយឆ្នាំៗ។
លោកស្រីឃីងហ្កា ម៉ាលីណូវស្កា មន្ត្រីព័ត៌មានទទួលបន្ទុកខាងផ្នែកពាណិជ្ជកម្មនៃសហភាពអឺរ៉ុបបានបញ្ជាក់ប្រាប់វីអូអេតាមសារអេឡិកត្រូនិកថា កិច្ចប្រជុំផ្ទៃក្នុងជាមួយនឹងប្រទេសសមាជិកនៅតែធ្វើឡើងនៅឡើយ ពាក់ព័ន្ធនឹងករណីប្រទេសកម្ពុជាដោយឈរលើក្របខណ្ឌការងារនិងច្បាប់ពាក់ព័ន្ធ។
លោកស្រីបានបញ្ជាក់ជាថ្មីពីជំហររបស់សហភាពអឺរ៉ុបថា៖
«សហភាពអឺរ៉ុបនៅតែបើកចំហរការចរចាជាមួយនឹងប្រទេសកម្ពុជា។ ការបើកច្រកចរចានេះត្រូវបានបញ្ជាក់ជាថ្មីក្នុងកិច្ចប្រជុំរវាងលោកស្រីស្នងការម៉ាល់ស្ត្រូម ជាមួយនឹងលោករដ្ឋមន្ត្រីការបរទេសកម្ពុជា»។
លោកស្រីស៊ីស៊ីលលៀ ម៉ាល់ស្ត្រូម បានជួបជាមួយនឹងលោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជានៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃទី២១ ខែមករា។
អតីតអ្នកការទូតបស្ចិមប្រទេសដែលបានធ្វើកិច្ចការជួយប្រទេសកម្ពុជាក្នុងអតីតកាលបានសម្តែងការខកចិត្តចំពោះការវិវត្តនយោបាយកម្ពុជាក្ នុងរយៈពេលចុងក្រោយនេះ។
លោកហ្ការ៉េត អេវ៉ាន អតីតរដ្ឋមន្ត្រីការបរទសអូស្រ្តាលីនិងជាស្ថាបនិកម្នាក់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានលើកឡើងក្នុងសុន្ទរកថាស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាលពីចុងឆ្នាំ២០១៨ ដោយចាត់ទុកថាលទ្ធផលដែលទទួលបានពីកិច្ចព្រមព្រៀងដែលមានចំណាស់ជាង២៦ឆ្នាំនេះ គឺជា«ការបរាជ័យ»របស់ខ្លួនលោកផ្ទាល់និងសហគមន៍អន្តរជាតិ។
លោកហ្ការ៉េត អេវ៉ាន បានលើកឡើងពីករណីរំលោភសិទ្ធិមនុស្សនានា ដូចជាការបាញ់សម្លាប់លោកកែម ឡី ការបិទកាសែត The Cambodia Daily ការធ្វើទុក្ខទោសអង្គការសង្គមស៊ីវិល ការចាប់លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដាក់ឃុំឃាំង និងការរំលាយអតីតគណបក្សប្រឆាំងនេះផងដែរ។
លោកបានបន្ថែមថា ដោយលោកហ៊ុន សែន ឡើងកូដយ៉ាងខ្ពស់ក្រោយពីការបោះឆ្នោតក្លែងក្លាយនៅឆ្នាំ២០១៨ គឺលោកបានកសាងត្រកូលគ្រួសារដើម្បីទ្រទ្រង់គាត់ ហើយរស់បានដោយសារតែការចងប្រទាក់ក្រឡានៃអំពើពុករលួយនៅជុំវិញខ្លួនគាត់ និងជំនួយហិរញ្ញវត្ថុដែលកម្ពុជាទទួលបានមកពីចិនហើយអាស៊ាន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត មិនមានចេតនាក្នុងការព្យាយាមដាក់សម្ពាធធ្ងន់ធ្ងរអ្វីទេ។
លោកបន្ថែមថា៖
«មិនមានហេតុផលច្រើនដើម្បីសម្តែងសុទ្ទិដ្ឋិនិយមថា ស្ថានភាពដ៏ក្រៀមក្រំខ្លាំងនេះនឹងអាចវិលត្រឡប់មកល្អវិញបានក្នុងពេលណាមួយនោះឡើយ»។
ប៉ុន្តែលោកក៏មានក្តីសង្ឃឹមលើពលរដ្ឋកម្ពុជាដែលមានសេចក្តីក្លាហាននិងស៊ូទ្រាំចំពោះព្រឹត្តិការណ៍ដែលកើតមានឡើងចំពោះពួកគេ។
រីឯលោកសួន ប៊ុនស័ក្តិ ក៏មើលឃើញសញ្ញាវិជ្ជមានខ្លះក្រោយពីការបោះឆ្នោតជាតិ៖
«ជាវិជ្ជមាន ខ្ញុំឃើញថាក្រោយការបោះឆ្នោត ឃើញថាចេតនានយោបាយល្អ រដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោតឃើញថាចេតនានយោបាយល្អដែលមានសេចក្តីប្រកាសជាលាយលក្ខអក្សរ។ ខ្ញុំឃើញអីចឹង ក៏ប៉ុន្តែថាការអនុវត្តជាក់ស្តែងយើងចាំមើលការអនុវត្តទាំងអស់គ្នាទៀត»។
លោកសួន ប៊ុនស័ក្តិ ស្នើឱ្យអាជ្ញាធរមូលដ្ឋានកម្ពុជាបង្ហាញការទទួលខុសត្រូវចំពោះទង្វើជាក់ស្តែងឱ្យស្របគ្នាជាមួយនឹងគោលនយោបាយ និងការប្តេជ្ញាចិត្តនៅថ្នាក់ជាតិក្នុងការលើកកម្ពស់សិទ្ធិមនុស្ស។
រដ្ឋាភិបាលកម្ពុជាតែងតែលើកឡើងពីការអភិវឌ្ឍសេដ្ឋកិច្ច និងផ្តល់តម្លៃដល់សុខសន្តិភាព។ ជាពិសេសក្រោយការកម្ចាត់អតីតគណបក្សប្រឆាំងដែលរដ្ឋាភិបាលចោទថាមានបំណងធ្វើបដិវត្តន៍ពណ៍ ដើម្បីផ្តួលរំលំរដ្ឋាភិបាលនិងបង្កអស្ថិរភាព។
លោកផៃ ស៊ីផាន រដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រីនិងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ប្រាប់វីអូអេថា៖
«ក្នុងពេលកន្លងមក យើងឃើញកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងកិច្ចការថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ ក៏ដូចគ្នានេះដែរយើងឃើញសក្តានុពលនៃសន្តិភាពនេះហើយដែលធ្វើឱ្យពលរដ្ឋឱ្យតម្លៃនៃជីវិតរៀងៗខ្លួនដែលធ្វើឱ្យកំណើននៃការគោរពសេរីភាពស៊ីវិល ដែលធ្វើឱ្យមានតុល្យភាពជាមួយនឹងប្រព័ន្ធច្បាប់ក៏ដូចជាអំណាចរដ្ឋដែលយើងវាយតម្លៃខ្ពស់នៅក្នុងរបបប្រជាធិបតេយ្យរបស់កម្ពុជា»។
លោកផៃ ស៊ីផាន បន្ថែមថា ប្រតិកម្មរបស់បស្ចិមប្រទេសគឺដោយសារតែប្រទេសចិនមានការរីកចម្រើនខ្លាំងខាងផ្នែកសេដ្ឋកិច្ច ហើយបានជះផ្លែផ្កានៃការអភិវឌ្ឍនេះដល់ប្រទេសដទៃទៀត ដូចជាកម្ពុជាជាដើម៖
«ចិនមានប្រៀបច្រើនក្នុងការទម្លាក់លុយដែលធ្លាក់មកក្នុងតំបន់ ក៏ដូចជាស្ថានភាពនៅក្នុងតំបន់អាហ្វ្រិកក៏ដូចជាតំបន់ដទៃទៀតដែលធ្វើឱ្យមានភាពប្រឈមនិងការតិះតៀនជាច្រើន ដែលបង្កើតឱ្យមានការភ័យព្រួយបារម្ភនៃពួកខាងលិច។ ដូច្នេះកម្ពុជាក៏ទទួលផលនៃការរីកចម្រើនដូចប្រទេសថៃក្នុងជំនាន់ ដែលការគៀងគរកម្លាំងប្រតិបត្តិការកម្លាំងសេអាតូក្នុងទសវត្សរ៍ទី៦០»។
នៅក្នុងរបាយការណ៍ដាក់ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលចុងខែមករា រដ្ឋាភិបាលកម្ពុជាបានអះអាងពីការបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងអង្គការសង្គមស៊ីវិល និងការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅកម្ពុជាដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស៕