ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី នឹងដឹកនាំគណៈប្រតិភូសិទ្ធិមនុស្សកម្ពុជា ទៅធ្វើសេចក្ដីរាយការណ៍ពីបញ្ហាសិទ្ធិមនុស្សកម្ពុជា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅចុងខែមករានេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានមួយរបស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដែលVOAបានទទួលនៅថ្ងៃសុក្រនេះ។
សេចក្ដីប្រកាសរបស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានបញ្ជាក់ឲ្យដឹងថា របាយការណ៍នានារបស់លោក កែវ រ៉េមី ស្ដីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានេះ នឹងត្រូវពិនិត្យដោយក្រុមការងារពិនិត្យរបាយការណ៍ជាសកលតាមកាលកំណត់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិជាលើកទីបីនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ គឺក្នុងថ្ងៃដែលលោក កែវ រ៉េមី ត្រូវធ្វើបទបង្ហាញអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងទីក្រុងហ្សឺណែវ។
សេចក្ដីប្រកាសដដែលបានឲ្យដឹងថា ការពិនិត្យនឹងធ្វើដោយផ្អែកលើកត្តាបីគឺ១)របាយការណ៍ជាតិ ដែលជាព័ត៌មានផ្ដល់ឲ្យដោយរដ្ឋស្ថិតក្រោមការពិនិត្យ ២) ព័ត៌មានដែលមាននៅក្នុងរបាយការណ៍របស់អ្នកជំនាញ និងក្រុមអ្នកជំនាញសិទ្ធិមនុស្សឯករាជ្យ ដែលគេស្គាល់ថា ជានីតិវិធីពិសេស ស្ថាប័នសន្ធិសញ្ញាសិទ្ធិមនុស្សនិងអង្គភាពដទៃទៀតរបស់អង្គការសហប្រជាជាតិ និង៣) ព័ត៌មានដែលផ្ដល់ដោយភាគីពាក់ព័ន្ធផ្សេងៗ រួមទាំងស្ថាប័នជាតិសិទ្ធិមនុស្ស អង្គការតំបន់ និងក្រុមសង្គមស៊ីវិល។
VOA ព្យាយាមសុំការអធិប្បាយពីលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃសុក្រនេះ តែទូរស័ព្ទលោករោទ៍គ្មានអ្នកទទួល។
ការឃ្លាំមើលរបស់ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួន បានបញ្ជាក់ឲ្យដឹងថាការគោរពសិទ្ធិមនុស្សនៅកម្ពុជា នៅតែស្ថិតក្នុងស្ថានភាពល្អក់កករ ដោយសារតែការរឹតត្បិតសេរីភាពរបស់រដ្ឋាភិបាលមកលើក្រុមអ្នកមានទស្សនៈនយោបាយផ្ទុយពីរដ្ឋាភិបាល និងការប្រើប្រាស់ច្បាប់ជាច្រើនដែលធ្វើឲ្យសិទ្ធិពលរដ្ឋក្នុងការនិយាយស្ដី កាន់តែរួញតូចទៅ តួយ៉ាងដូចជាច្បាប់ហាមមិនឲ្យមាក់ងាយអង្គព្រះមហាក្សត្រជាដើម។
រដ្ឋាភិបាលខ្មែរ ក៏ត្រូវគេចោទថា បានបង្កើនការគាបសង្កត់ក្រុមគណបក្សប្រឆាំងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ និងការរៀបចំបោះឆ្នោតមួយដែលបានជាន់ឈ្លីលើឆន្ទៈរបស់ពលរដ្ឋ។
ជាក់ស្ដែង ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ហៅកាត់ថា APHR បានបញ្ជាក់ឲ្យដឹងតាមសេចក្ដីប្រកាសចុងក្រោយមួយថា ស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា កាន់តែអាក្រក់ទៅ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំបំផុតត្រូវបានហាមឃាត់តាមតែអំពើចិត្ត មិនឲ្យចូលរួមការបោះឆ្នោត ដោយសេចក្ដីសម្រេចរបស់តុលាការកំពូលកាលពីខែវិច្ឆិកាឆ្នាំ២០១៧។
ការណ៍នេះ បានបើកផ្លូវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជារបស់លោកឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០១៨។
ការបោះឆ្នោតនោះត្រូវបានសហគមន៍អន្តរជាតិចាត់ទុកជាទូទៅថា ជាការបោះឆ្នោត«ក្លែងក្លាយ»។
រីឯ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក បានសរសេរក្នុងរបាយការណ៍ពិភពលោកឆ្នាំ២០១៩ របស់ខ្លួនថា នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន បានប្រើការបង្ក្រាបលើសិទ្ធិមនុស្សនិងប្រើការបោះឆ្នោតក្លែងបន្លំដើម្បីពង្រឹងការក្ដាប់អំណាចរបស់លោកតាមប្រព័ន្ធឯកបក្ស។
អាជ្ញាធរកម្ពុជា បានប្រើប្រព័ន្ធតុលាការពុករលួយនិងបម្រើនយោបាយធ្វើជាអាវុធនយោបាយដើម្បីកាត់ទោសអ្នកគាំទ្រសិទ្ធិមនុស្សនិងអ្នកដែលមានទស្សនៈប្រឆាំង។ នេះបើយោងតាមអង្គការសិទ្ធិមនុស្សដដែល។
លោក Brad Adams ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សនេះប្រចាំតំបន់អាស៊ី បានឲ្យដឹងថា ក្នុងឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំផ្លាញប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ដោយប្រមាញ់អ្នករិះគន់ រំលាយគណបក្សប្រឆាំងដ៏សំខាន់ និងរៀបចំការបោះឆ្នោតដែលធានាថា ការគ្រប់គ្រងផ្ដាច់ការរបស់លោក ហ៊ុន សែន ប្រាកដនឹងបន្ត។
លោក Brad Adams បានបញ្ជាក់ឲ្យដឹងទៀតថា លោក ហ៊ុន សែន បានរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលមានគោលបំណងបង្កើតឱ្យមានប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ខណៈដែលហត្ថលេខីភាគច្រើនរបស់កិច្ចព្រមព្រៀងនេះ បានងាកមុខចេញធ្វើមិនដឹង។
រដ្ឋាភិបាលបានរឹតបន្តឹងលើសិទ្ធិសេរីភាពបញ្ចេញមតិនិងសេរីភាពជួបប្រជុំដោយសន្តិវិធីដោយអនុម័តវិសោធនកម្មច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនិងច្បាប់សហជីព រួមទាំងច្បាប់ប្រមាថព្រះមហាក្សត្រនិងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
ឆ្លើយតបទៅនឹងស្ថានភាពសិទ្ធិមនុស្សដ៏ដុនដាបរបស់កម្ពុជាយ៉ាងដូច្នេះ សហរដ្ឋអាមេរិក បានជំរុញឱ្យមានការកែលម្អសិទ្ធិមនុស្សតាមរយៈច្បាប់ Magnitsky សម្រាប់ដាក់ទណ្ឌកម្មចំពោះការរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ស្របពេលដែលសហភាពអឺរ៉ុប បានធ្វើការពិនិត្យមើលឡើងវិញជាផ្លូវការនូវការអនុគ្រោះពន្ធពាណិជ្ជកម្មលើគ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ (Everything But Arms ឬEBA) ដែលឲ្យប្រទេសកម្ពុជារួចពីការបង់ពន្ធជាង៦០០លានដុល្លារក្នុងមួយឆ្នាំៗ។ ទន្ទឹមនឹងនេះដែរ ចិនបានដាក់វិនិយោគទុនរាប់ពាន់លានដុល្លារនៅក្នុងប្រទេសកម្ពុជា ដោយមិនគិតពីសិទ្ធិមនុស្ស។
លោក Brad Adams បាននិយាយទៀតថា សហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុប បានបង្ហាញពីភាពជាអ្នកដឹកនាំប្រឆាំងនឹងការបោះឆ្នោតកាលពីខែកក្កដា ដោយដកមូលនិធិគាំទ្រការបោះឆ្នោត និងមិនបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត ហើយទីបំផុតបានដាក់ទណ្ឌកម្មដើម្បីលើកស្ទួយសិទ្ធិមនុស្សទាមទារឱ្យមានកំណែទម្រង់រដ្ឋាភិបាល។ រដ្ឋាភិបាលនៃប្រទេសម្ចាស់ជំនួយផ្សេងទៀតគួរតែធ្វើតាមហើយឲ្យលោក ហ៊ុន សែន ទទួលខុសត្រូវចំពោះអំពើរំលោភបំពានរបស់លោក។
ចំណែកអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានកត់សម្គាល់នូវការបន្តរំលោភសិទ្ធិនយោបាយរបស់មេដឹកនាំគណបក្សជំទាស់គឺលោក កឹម សុខា និងបញ្ហាអយុត្តិធម៌សង្គមនានា ក្នុងនោះគឺការរំលោភសិទ្ធិដីធ្លី។
ការកត់សម្គាល់របស់អ្នកស្រី ស្មីត នេះ កើតមានឡើង ក្រោយការបញ្ចប់ដំណើរទស្សនកិច្ចមួយរបស់អ្នកស្រីនៅកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ។
យ៉ាងណាក៏ដោយ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្លាប់បានបញ្ជាក់ ថា រដ្ឋាភិបាលកម្ពុជា មិនអាចទុកឲ្យបញ្ហាសិទ្ធិមនុស្សមកធ្វើឲ្យរាំងស្ទះដល់កិច្ចអភិវឌ្ឍន៍សង្គមនោះទេ។
លោកថា ដើម្បីប្រយោជន៍ពលរដ្ឋមួយភាគធំ រដ្ឋាភិបាលត្រូវហ៊ាន អារកាត់ចំណែករាំងស្ទះណាមួយ។ ការថ្លែងរបស់លោកនេះ ធ្វើឡើងក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សទទួលបានការគាំទ្រពីប្រជារាស្ត្រខ្មែរជាង៤០ភាគរយក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧៕