ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមប្រឹក្សាអូតង់-អ៊ុយក្រែននឹងបើកកិច្ចប្រជុំអំពីការវាយប្រហារដោយដ្រូននិងមីស៊ីលរបស់រុស្ស៊ី


សំណង់អគារមួយកន្លែងត្រូវបានបំផ្លាញក្រោយការ​វាយប្រហារ​ដោយ​ដ្រូន​របស់​រុស្ស៊ី នៅទីក្រុងកៀវ ប្រទេស​អ៊ុយក្រែន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។
សំណង់អគារមួយកន្លែងត្រូវបានបំផ្លាញក្រោយការ​វាយប្រហារ​ដោយ​ដ្រូន​របស់​រុស្ស៊ី នៅទីក្រុងកៀវ ប្រទេស​អ៊ុយក្រែន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។

មន្ត្រី​អង្គការ​អូតង់ (NATO) និង​មន្ត្រី​អ៊ុយក្រែន​គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​នៅ​សប្ដាហ៍​ក្រោយ​ដើម្បី​ពិភាក្សា​អំពី​យុទ្ធនាការ​វាយ​ប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​រលក​នៃ​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​តាំងពី​ដើម​ឆ្នាំ​ថ្មី​នេះ​ផង​ដែរ។

អ្នក​នាំពាក្យ​អង្គការ​អូតង់​លោក Dylan White បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg នឹង​កោះ​ប្រជុំ​ក្រុមប្រឹក្សា​អូតង់-អ៊ុយក្រែន​នៅ​ថ្ងៃ​ទី ១០ ខែ​មករា​ខាង​មុខ «បន្ទាប់ពី​មាន​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​និង​ដ្រូន​របស់​រុស្ស៊ី​កាលពី​ពេល​ថ្មីៗ​នេះ​មក»។

មន្ត្រី​អ៊ុយក្រែន​បាន​ជំរុញ​ឱ្យ​សម្ព័ន្ធមិត្ត​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន ស្រប​ពេល​ដែល​រុស្ស៊ី​បាន​វាយ​ប្រហារ​ដោយ​មីស៊ីល​និង​ដ្រូន​លើ​ទីក្រុង​នានា​របស់​អ៊ុយក្រែន​ជា​រៀងរាល់​ថ្ងៃ។

ក្នុង​អំឡុង​មួយ​សប្ដាហ៍​កន្លង​មក​នេះ រុស្ស៊ី​បាន​វាយ​ប្រហារ​ខ្លាំងក្លា​បំផុត​ពីរ​ដង​នៅ​ពេល​យប់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​និង​ដ្រូន​រាប់​សិប​គ្រឿង​លើ​ទីក្រុង​កៀវ​ផង​ដែរ។

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ប្រធាន បទ​ចម្បង​មួយ​សម្រាប់​កិច្ច​ប្រជុំ​របស់​ក្រុមប្រឹក្សា​អូតង់-អ៊ុយក្រែន​គឺ​ការ​ពង្រឹង​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន ហើយ​លោក​បាន​ហៅ​ការ​ពិភាក្សា​គ្នា​នេះ​ថា​ជា «សញ្ញា​ដ៏​សំខាន់​មួយ​នៃ​សាមគ្គីភាព​រវាង​បណ្ដា​ប្រទេស​អឺរ៉ុប​និង​បណ្ដា​ប្រទេស​ជាប់​មហាសមុទ្រ​អាត្លង់ទិក​ខាង​ជើង​នៅ​ក្នុង​ការ​ប្រឈម​នឹង​អំពើ​ឃោរឃៅ​កើនឡើង​របស់​រុស្ស៊ី»។

អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា រុស្ស៊ី​បាន​បន្ត​វាយ​ប្រហារ​តាម​អាកាស​កាលពី​យប់​មិញ​ដោយ​ប្រើ​ដ្រូន​ពីរ​គ្រឿង​ដែល​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន​បាន​បាញ់​ទម្លាក់​នៅ​ក្នុង​តំបន់ Khmelnytskyi។

កងទ័ព​ជើង​អាកាស​របស់​អ៊ុយក្រែន​បាន​បញ្ជាក់​ថា រុស្ស៊ី​ក៏​បាន​ប្រើ​ដ្រូន​ដែល​មាន​ការ​បញ្ជា​ចំនួន ៣ គ្រឿង​ផង​ដែរ​ដើម្បី​វាយ​ប្រហារ​លើ​ទីក្រុង Kharkiv និង​ទីក្រុង Donetsk៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG