ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy ថា​លោក​នឹង​ចរចា​ជាមួយ​រុស្ស៊ី​នៅ​ពេល​ណា​ដែល​អាមេរិក​និង​អ៊ុយក្រែន​មាន​ជំហរ​រួម


លោក Zelenskyy ថ្លែង​នៅ​ក្នុង​សន្នសីទ​សារព័ត៌មាន​ទីក្រុង Munich កាលពីថ្ងៃ១៤ កុម្ភៈ ឆ្នាំ២០២៥។
លោក Zelenskyy ថ្លែង​នៅ​ក្នុង​សន្នសីទ​សារព័ត៌មាន​ទីក្រុង Munich កាលពីថ្ងៃ១៤ កុម្ភៈ ឆ្នាំ២០២៥។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​លោក​ត្រៀម​រួចរាល់​ក្នុង​ការ​ចរចា​ដោយ​ផ្ទាល់​ជាមួយ​រុស្ស៊ី នៅ​ពេល​ណា​ដែល​អ៊ុយក្រែន​សម្រេច​បាន​នូវ​គោល​ជំហរ​រួម​ជាមួយ​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប​លើ​វិធី​បញ្ចប់​សង្គ្រាម​រយៈពេល ៣ ឆ្នាំ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

លោក Zelenskyy ក៏​បាន​បញ្ជាក់​ផងដែរ​ថា ប្រធានាធិបតី​អាមេរិក​លោក Donald Trump មិន​ទាន់​សម្រេច​ចុងក្រោយ​លើ​ផែនការ​របស់​លោក​អំពី​វិធី​ដែល​លោក​ចង់​បញ្ចប់​សង្គ្រាម​នេះ​នៅឡើយ​ទេ។ លោក Zelenskyy ថ្លែង​ដូច្នេះ​ក្នុង​ពេល​ពីរ​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​លោក Trump បាន​សន្ទនា​តាម​ទូរស័ព្ទ​ដាច់​ដោយ​ឡែក​ពីគ្នា​ជាមួយ​លោក​និង​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin។

លោក Zelenskyy និយាយ​ថា៖ «យើង​ត្រៀម​រួចរាល់​សម្រាប់​ការ​សន្ទនា​ណាមួយ​ជាមួយ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​យើង»។

លោក​បាន​បន្ថែម​ថា៖ «ប្រសិនបើ​ពួកគេ​ផ្ដល់​ឲ្យ​យើង​នូវ​ចម្លើយ​ជាក់លាក់​ចំពោះ​សំណើ​ជាក់លាក់​របស់​យើង និង​ការ​យល់​រួមគ្នា​ថា​លោក Putin ជា​មនុស្ស​គ្រោះថ្នាក់ នោះ​ដោយសារ​ការ​យល់​រួមគ្នា​របស់​យើង យើង​នឹង​ត្រៀម​រួចរាល់​សម្រាប់​ការ​ចរចា​ជាមួយ​នឹង​រុស្ស៊ី»។

បំណង​ប្រាថ្នា​របស់​លោក Trump ដែល​ចង់​ឲ្យ​បញ្ចប់​សង្គ្រាម​នេះ​ឆាប់ៗ ការ​រិះគន់​ម្ដង​ហើយ​ម្ដង​ទៀត​របស់​លោក​លើ​ជំនួយ​សម្រាប់​អ៊ុយក្រែន និង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ដ៏​យូរ​របស់​លោក​ជាមួយ​លោក Putin នៅ​ដើម​សប្ដាហ៍​នេះ​បាន​ធ្វើឲ្យ​អ៊ុយក្រែន​ព្រួយ​បារម្ភ​ថា​ខ្លួន​អាច​ត្រូវបាន​បង្ខំ​ឲ្យ​ទទួល​យក​កិច្ច​ព្រមព្រៀង​សន្តិភាព​តាម​លក្ខខណ្ឌ​របស់​រុស្ស៊ី៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG