ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy និយាយ​ថា អ៊ុយក្រែន​ត្រូវការ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​និង​ជំនួយ​សម្រាប់​ប្រព័ន្ធ​ថាមពល


ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Volodymir Zelenskyy ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។
ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Volodymir Zelenskyy ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​បញ្ជាក់ពី​ភាព​ចាំបាច់នូវ​ប្រព័ន្ធការពារ​ដែន​អាកាស​ និង​ការស្ថាបនា​ឡើង​វិញ​នូវ​ប្រព័ន្ធ​ថាមពល​របស់ប្រទេស​លោក​ ខណៈ​លោក​បាន​ថ្លែង​ទៅ​កាន់សន្និសីទស្តី​ពី​ការ​ស្ថាបនាប្រទេសអ៊ុយក្រែន​ឡើងវិញ​ ដែល​រៀប​ចំ​ឡើង​ដោយ​ប្រទេស​អាល្លឺម៉ង់​កាល​ពី​ថ្ងៃ​អង្គារ។

លោក ​Zelenskyy បាន​និយាយ​ថា​ កង​កម្លាំង​រុស្ស៊ី​បាន​កំណត់​យក​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​អ៊ុយក្រែន​ ធ្វើ​ជា​គោលដៅ​នៃ​ការវាយប្រហារក្នុង​ពេល​កន្លង​ទៅ​ ដោយ​ធ្វើ​ការ​វាយប្រហារ​តាម​ដ្រូន​និងគ្រាប់មីស៊ីល​ ដោយ​បំផ្លាញ​សមត្ថភាព​ផលិត​ថាមពលអ៊ុយក្រែន​អស់​ពាក់​កណ្តាល​ចាប់​តាំង​ពី​រដូវ​រងា​ក្នុង​ពេល​កន្លង​ទៅ។ ​

លោក​និយាយទៀត​ថា​ ក្រោយ​សង្គ្រាម​អស់​រយៈពេល ​២ ​ឆ្នាំ​កន្លង​ទៅ​ ​កងយោធា​អ៊ុយក្រែន បាន​បង្ហាញ​ថា​ ខ្លួនអាច​ទប់ទល់ជាមួយ​រុស្ស៊ី​បាននៅសមរភូមិ​ជួរមុខ​ ​និង​នៅ​តែ​អាច​ប្រើប្រាស់​បានសមុទ្រខ្មៅ​ដដែល​។

ប៉ុន្តែ​លោក Zelenskyy​ និយាយ​ថា​៖ «រុស្ស៊ី​មាន​ប្រៀប​ខ្លាំងជា​យុទ្ធសាស្ត្រលើ​អ៊ុយក្រែន គឺ​លើ​ផ្ទៃ​អាកាស។ វា​ជា​ការវាយប្រហារ​ដោយ​គ្រាប់មីស៊ីលនិង​គ្រាប់ផ្លោង​ ដែល​បាន​ជួយ​ដល់​កងទ័ព​ថ្មើរជើង​របស់​គេនៅ​លើ​ដីឱ្យ​រុល​ទៅ​មុខ។ ​មាន​តែ​ប្រព័ន្ធការពារ​ដែន​អាកាស​ប៉ុណ្ណោះ​ទេ​ ដែល​អាចឆ្លើយ​តប​លើ​រឿង​នេះ​បាន»។ ​

លោក​និយាយ​ទៀត​ថា​ អ៊ុយក្រែន​សង្ឃឹម​ថា​ ខ្លួន​នឹង​ទទួល​បាននូវជំនួយ​ដែល​មាន​ទឹកប្រាក់រាប់ពាន់​លាន​ដុល្លារ​ សម្រាប់​កងយោធា​អ៊ុយក្រែន​និង​សេចក្តី​ត្រូវការខាង​ហេដ្ឋារចនា​សម្ព័ន្ធ​របស់​ខ្លួន។ ​

សន្និសីទ​ក្នុង​ទីក្រុង​បែរឡាំង ប្រទេស​អាល្លឺម៉ង់​នេះ​ កើត​មាន​ឡើងតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ មុន​សន្និសីទស្តី​ពី​សន្តិភាព​មួយ​ ដែល​នឹង​ត្រូវ​ប្រារព្ធធ្វើ​ឡើងនៅ​ក្នុង​ប្រទេស​ស្វីស​នៅ​ចុងសប្តាហ៍​នេះ ​ដែល​មាន​ប្រទេសនិង​អង្គការ​ប្រមាណ ​៩០ ​ចូលរួម​ ដែល​នឹង​ធ្វើ​ការ​ក្នុង​ក្របខណ្ឌ​មួយ​ ​ដើម្បីបង្កើត​ឡើងនូវ​ផែនការ​សន្តិភាព​មួយ ​ក៏​ដូច​ជារកវិធី​ដើម្បី​ធ្វើ​ឱ្យ​រុស្ស៊ី​និង​អ៊ុយក្រែន​ចូលរួម​ពាក់ព័ន្ធនៅ​ក្នុង​ដំណើរ​ការ​សន្តិភាពនេះ​។

រុស្ស៊ី​នឹង​មិន​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំសន្តិភាព​នៅ​ក្នុង​ប្រទេស​ស្វីសនេះ​ឡើយ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្តី​រាយការណ៍​នេះ​ផ្តល់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​Associated Press ​និង​ Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG