ក្រុមមន្ត្រីនៅតំបន់ភាគនិរតីរុស្ស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារដោយដ្រូនមួយរបស់អ៊ុយក្រែន បានធ្វើឱ្យមានភ្លើងឆេះនៅទីតាំងចម្រាញ់ប្រេងមួយកន្លែង។
លោក Vasily Golubev អភិបាលតំបន់ Rostov-on-Don បាននិយាយនៅលើបណ្តាញតេឡេក្រាមថា ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន បានត្រូវចំកន្លែងចម្រាញ់ប្រេង Novoshakhtinsk។ លោកថា សកម្មភាពការងារនៅទីនោះត្រូវបានផ្អាក។
ដោយឡែកក្នុងតំបន់ Belgorod របស់រុស្ស៊ីវិញ លោក Vyacheslav Gladkov អភិបាលតំបន់នេះ បាននិយាយថា ដ្រូន kamikaze របស់អ៊ុយក្រែនមួយគ្រឿង បានបាញ់ចំឃ្លាំងប្រេងមួយកន្លែងក្នុងទីក្រុងStary Oskol របស់រុស្ស៊ី។ ការវាយប្រហារដោយដ្រូនមួយផ្សេងទៀត បានធ្វើឱ្យខូចខាតដល់ទីតាំងអាជីវកម្មកសិកម្មមួយកន្លែងផងដែរ។ នេះបើតាមការបញ្ជាក់របស់អភិបាលតំបន់រូបនេះ។
ទន្ទឹមនឹងនេះដែរ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានស្ទាក់បាញ់ដ្រូនអ៊ុយក្រែនចំនួន ៦ គ្រឿងនៅលើតំបន់ Belgorod ក៏ដូចជា ១៣ គ្រឿងផ្សេងទៀតនៅលើតំបន់គ្រីមៀ ដែលរុស្ស៊ីគ្រប់គ្រង។
ដោយឡែកយោធាអ៊ុយក្រែនបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ ពីការបាញ់ទម្លាក់ដ្រូន ១៧ គ្រឿង ក្នុងចំនួន ១៨ គ្រឿង ដែលរុស្ស៊ីប្រើប្រាស់ធ្វើការវាយប្រហារកាលពីយប់ម្សិលមិញ។
កម្លាំងការពារដែនអាកាសអ៊ុយក្រែននិយាយថា ការបាញ់ស្ទាក់ដ្រូនរុស្ស៊ីនោះធ្វើឡើងលើតំបន់ Kherson, Khmelnytskyi, Mykolaiv និងតំបន់ Zaporizhzhia។
លោក Serhii Tiurin អភិបាលតំបន់ Khmelnytskyi បានរាយការណ៍ពីការខូចខាតអគារហេដ្ឋារចនាសម្ព័ន្ធមួយ ប៉ុន្តែគ្មានអ្នករងរបួសពីការវាយប្រហារនោះឡើយ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយកាលពីថ្ងៃពុធថា រុស្ស៊ីអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើបូរណភាពទឹកដីរបស់ខ្លួនរងការគំរាមកំហែងនោះ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានThe Associated Press, Reuters និង Agence France-Presse ។
វេទិកាបញ្ចេញមតិ