ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចោទប្រកាន់កងទ័ពរុស្ស៊ីពីការ ពាក់ព័ន្ធនឹង«អំពើភេរវកម្មដោយចេតនា»ដោយធ្វើការវាយប្រហារដោយកាំភ្លើងធំនិងកាំភ្លើងត្បាល់លើសង្កាត់នានាដែលមានអ្នកស្រុករស់នៅក្នុងទីក្រុង Kharkiv ខណៈដែលកងទ័ពអ៊ុយក្រែននៅក្នុងទីក្រុង Mariupol ភាគខាងត្បូង បានបំពានពេលកំណត់របស់រុស្ស៊ីឲ្យទម្លាក់អាវុធរបស់ពួកគេនោះ។
លោក Zelenskyy បានបញ្ជាក់នៅក្នុងសុន្ទរកថាតាមវីដេអូកាលពីយប់ថ្ងៃអាទិត្យថា លោករំពឹងថា រុស្ស៊ីនឹងចាប់ផ្តើមវាយប្រហារនៅក្នុងតំបន់ Donbas ភាគខាងកើត«ក្នុងពេលឆាប់ៗ នេះ»។
ការដកកងទ័ពរបស់រុស្ស៊ីចេញពីតំបន់នានានៅជុំវិញរដ្ឋធានីកៀវ និងផ្នែកនានានៃតំបន់ភាគខាងជើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗកន្លងទៅនេះ បានបណ្តាលឲ្យមានការវាយតម្លៃដោយក្រុមមន្ត្រីយោធាប្រទេសលោកខាងលិចថា រុស្ស៊ីបានពង្រឹងកម្លាំងនិងដាក់ពង្រាយកងទ័ពឡើងវិញនៅភាគខាងកើតប្រទេសអ៊ុយក្រែន។
ការកាន់កាប់តំបន់ Donbas ដែលរួមមានតំបន់ LuhanskនិងDonetsk រួមជាមួយទីក្រុងកំពង់ ផែ Mariupol នៅភាគខាងត្បូងផង នឹងអនុញ្ញាតឲ្យរុស្ស៊ីត្រួតត្រារបៀងដីគោកនៅឧបទ្វីប Crimea ដែលខ្លួនបានកាន់កាប់ក្នុងឆ្នាំ២០១៤។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍CNNកាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយដែលត្រូវបានផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញ លោក Zelenskyy បាននិយាយថា ការប្រយុទ្ធដើម្បីតំបន់ Donbas នឹងក្លាយជារឿងសំខាន់មួយ ហើយថាប្រសិនបើរុស្ស៊ីដណ្តើមយកបានតំបន់នោះ រុស្ស៊ីអាចព្យាយាមម្តងទៀតដណ្តើមយករដ្ឋធានីកៀវ។
លោកប្រធានាធិបតី Zelenskyy បានមានប្រសាសន៍ទៀតថា «វាមានសារៈសំខាន់សម្រាប់យើងដែលមិនអនុញ្ញាតឲ្យពួកគេនៅលើដីរបស់យើង ពីព្រោះសមរភូមិនេះអាចមានឥទ្ធិពលទៅលើសង្គ្រាមទាំងមូល»។
រុស្ស៊ីបានអំពាវនាវឲ្យពួកអ្នកប្រយុទ្ធដែលនៅសេសសល់នៅក្នុងទីក្រុង Mariupol ចុះចាញ់ ដោយនិយាយថា ខ្លួនបានត្រួតត្រាតំបន់នានានៃទីក្រុង ស្របពេលដែលមានទាហានអ៊ុយក្រែនប្រហែល២ពាន់៥រយនាក់និងទាហានស៊ីឈ្នួល៤រយនាក់ស្ថិតនៅរោងចក្រដែកថែប Azovstal។
នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានប្រាប់កម្មវិធី«This Week»របស់ទូរទស្សន៍ ABC កាលពីថ្ងៃអាទិត្យម្សិលមិញថា កងទ័ពអ៊ុយក្រែន «នឹងប្រយុទ្ធដល់ទីបញ្ចប់» នៅក្នុងទីក្រុង Mariupol។ លោកបន្តទៀតថា ទីក្រុងនេះនៅមិនទាន់ធ្លាក់ទៅក្នុងដៃរបស់រុស៊្សីនៅឡើយទេគឺប៉ុន្មានម៉ោងក្រោយផុតកាលបរិច្ឆេទដែលប្រកាសដោយរុស្ស៊ីនោះ។
នៅពេលសួរអំពីសេចក្តីរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជឿថា រដ្ឋាភិបាលក្រុងមូស្គូនឹងឈ្នះសង្គ្រាមនេះ លោក Shmyhal បាននិយាយថា ខណៈដែលទីក្រុងជាច្រើនកំពុងស្ថិតនៅក្នុងការឡោមព័ទ្ធនោះ មានតែទីក្រុង Kherson តែមួយគត់នៅក្នុងតំបន់ភាគខាងត្បូងអ៊ុយក្រែន ដែលបានធ្លាក់នៅក្នុងការត្រួតត្រារបស់រុស្ស៊ី។
លោក Shmyhal និយាយទៀតថា៖ «ទីក្រុង ទីប្រជុំជន និងភូមិជាង៩០០ បានត្រូវរួចផុតពីការ ត្រួតត្រារបស់រុស្ស៊ី»។ លោកបានបន្ថែមទៀតថា អ៊ុយក្រែន មិនមានបំណងចុះចាញ់នៅក្នុងតំបន់ Donbas ភាគខាងកើតទេ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន APទីភ្នាក់ងារព័ត៌មាន Reuters និងទីភ្នាក់ងារព័ត៌មាន AFP។