ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរបស់លោកនៅតែត្រៀមលក្ខណៈរួចរាល់ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្រជាមួយសហរដ្ឋអាមេរិក ហើយលោកជឿថាលោកអាចស្រោចស្រង់ទំនាក់ទំនងជាមួយនឹងប្រធានាធិបតីអាមេរិកលោក Donald Trump បាន។
លោក Zelenskyy បានថ្លែងទៅកាន់អ្នកយកព័ត៌មាននៅក្រោយជំនួបជាមួយនឹងបណ្ដាមេដឹកនាំអឺរ៉ុបនៅចក្រភពអង់គ្លេសថា លោកគិតថាសហរដ្ឋអាមេរិកក៏ត្រៀមលក្ខណៈរួចរាល់ផងដែរក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែនេះ ប៉ុន្តែប្រហែលជា «ត្រូវការពេលដើម្បីវិភាគលើចំណុចខ្លះ»។
ភាគីទាំងពីរបានត្រូវគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែនេះកាលពីសប្ដាហ៍មុនក្នុងអំឡុងទស្សនកិច្ចរបស់លោក Zelenskyy នៅសេតវិមាន ប៉ុន្តែការរៀបចំនេះបានបរាជ័យបន្ទាប់ពីមានការជជែកគ្នាតឹងសរសៃកក្នុងអំឡុងជំនួបជាមួយនឹងលោក Trump និងអនុប្រធានាធិបតីអាមេរិកលោក JD Vance។
លោក Zelenskyy បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ុយក្រែនពឹងលើជំនួយរបស់សហរដ្ឋអាមេរិកក្នុងការប្រយុទ្ធនឹងការឈ្លានពាន ៣ ឆ្នាំកន្លងមកនេះរបស់រុស្ស៊ី។
លោក Trump បានហៅលោក Zelenskyy ថាមិនបានដឹងគុណក្នុងអំឡុងជំនួបកាលពីថ្ងៃសុក្រសប្ដាហ៍មុន និងចង់បានកិច្ចព្រមព្រៀងរ៉ែនេះដើម្បីជាវិធីមួយក្នុងការឲ្យអ៊ុយក្រែនសងសហរដ្ឋអាមេរិកវិញនូវជំនួយរាប់ពាន់លានដុល្លារដែលអាមេរិកបានផ្ដល់ដល់អ៊ុយក្រែន។
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Keir Starmer បានប្រាប់សម្ព័ន្ធមិត្តចំនួន ១៨ នៅក្រោយកិច្ចប្រជុំកាលពីថ្ងៃអាទិត្យថាដោយសារគ្មានការធានាថាសហរដ្ឋអាមេរិកនឹងគាំទ្រពីក្រោយសម្រាប់កងកម្លាំងរក្សាសន្តិភាពណាមួយដែលនឹងត្រូវបង្កើតឡើង «អឺរ៉ុបត្រូវតែធ្វើកិច្ចការធ្ងន់» ក្នុងការសម្រេចឲ្យបានសន្តិភាពនៅអ៊ុយក្រែន។ លោកបានបន្ថែមថា«ក្រុមចម្រុះដែលមានឆន្ទៈ» បានត្រៀមខ្លួនរួចរាល់ដើម្បីជួយការពារកិច្ចព្រមព្រៀងឈប់បាញ់គ្នាណាមួយ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន Associated Press, Agence France-Presse និង Reuters.
វេទិកាបញ្ចេញមតិ