ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយ​ប្រហារ​​​​​មីស៊ីល​​​រុស្ស៊ី​​​សំដៅ​លើ​​​ក្រុង​កៀវ ​​នៅ​ពេលលោក​ Zelenskyy ជំរុញ​ឱ្យមានជំនួយ​សហរដ្ឋអាមេរិក


ប្រជាជន​ឈរ​មើល​អគារ​ដែល​ត្រូវបាន​បំផ្លាញ​ដោយសារ​ការវាយប្រហារ​របស់​រុស្ស៊ី​ក្នុង​ទីក្រុង​កៀវប្រទេស​អ៊ុយក្រែន​កាលពីថ្ងៃទី​១៣ ធ្នូ ឆ្នាំ២០២៣។ (AP Photo/Evgeniy Maloletka)
ប្រជាជន​ឈរ​មើល​អគារ​ដែល​ត្រូវបាន​បំផ្លាញ​ដោយសារ​ការវាយប្រហារ​របស់​រុស្ស៊ី​ក្នុង​ទីក្រុង​កៀវប្រទេស​អ៊ុយក្រែន​កាលពីថ្ងៃទី​១៣ ធ្នូ ឆ្នាំ២០២៣។ (AP Photo/Evgeniy Maloletka)

ការ​វាយ​ប្រហារដោយ​មីស៊ីល​រុស្ស៊ី​យក​រដ្ឋធានី​កៀវនៃប្រទេស​អ៊ុយក្រែន​ជាទីដៅ​នាំឱ្យ មនុស្ស​យ៉ាង​តិច​ណាស់៤៥នាក់ត្រូវ​របួសនៅ​ថ្ងៃពុធនេះ នៅ​ពេលលោក​ប្រធានាធិបតី Volodymyr Zelenskyy សុំ​ឱ្យ​ពួក​មន្ត្រី​អាមេរិក​យល់ព្រម​ផ្តល់ជំនួយ​ថ្មី​ចំនួន​៦១​ពាន់​លាន​ដុល្លារដើម្បី​ជួយប្រទេស​លោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ការលុកលុយ​របស់រុស្ស៊ី។

កង​ទ័ព​អាកាសអ៊ុយក្រែនបាននិយាយថាកងការពារ​ដែន​អាកាសប្រទេសអ៊ុយក្រែនបាន​បាញ់ទម្លាក់មីស៊ីល​ ballistic ១០គ្រាប់​ដែល​បាញ់ដោយ​រុស្ស៊ី។

លោក​ Vitaly Klitschko អភិបាល​ក្រុង​កៀវបាននិយាយថាកម្ទេចមីស៊ីល​ត្រូវ​បាញ់​ទម្លាក់​បាន​ធ្វើឱ្យ​ខូចខាតមន្ទីរពេទ្យ​កុមារមួយនិងប្រព័ន្ធ​ទឹក​ក្រុង​នេះ។ លោក Serhiy Popko ប្រធាន​រដ្ឋបាល​យោធា​ក្រុង​កៀវ​បានថ្លែង​ថា​កម្ទេចមីស៊ីល​រុស្ស៊ីក៏​បានធ្លាក់​ចំ​ផ្ទះ​មួយ​ចំនួនផង​ដែរ។​

លោក Zelenskyy បាន​ថ្លែងនៅថ្ងៃពុធ​នេះ​តាម​បណ្តាញ​សង្គ​ម​ថា​«ប្រទេស​រុស្ស៊ីបានបង្ហា​ញ​ឱ្យ​ឃើញ​ម្តងទៀត​ថា​ជាប្រទេសសាហាវយង់ឃ្នងដែល​បាញ់មីស៊ីល​នៅ​ពេល​យប់​ឱ្យចំតំបន់អ្នកស្រុក​រស់នៅ កន្លែង​ថែទាំកុមារ​និងកន្លែង​ថាមពល​នៅ​ពេល​រដូវធ្លាក់ទឹកកក។ នឹង​មានការតបត​ ដោយពិត​ប្រាកដ‍»។

លោក Zelenskyy​ បានបន្ថែម​ថា​លោក​និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden​ បានយល់ស្រប​ឱ្យមានកំណើនប្រព័ន្ធ​ដែនអាកាស​អ៊ុយក្រែននិង​ថា​រុស្ស៊ី​បាន«​បង្ហាញ​ឱ្យ​ឃើញ​ថា​តើ​សេចក្តី​សម្រេចនេះសំខាន់បែប​ណា‍»។

កាលពីថ្ងៃអង្គារ រដ្ឋបាល​លោក Biden ​បាន​ប្រកាស​ផ្តល់​ជំនួយ​យោធា​ថ្មីរហូត​ដល់​២០០​លាន​ដុល្លារ​ មានរួមមីស៊ីលការពារ​ដែន​អាកាស​និងគ្រឿង​បន្លាស់​សម្រាប់​អ៊ុយក្រែន​ពីខ្ទង់​ថវិកា​ដែលបានយល់ព្រម​ពី​ពេលមុន។​

សេចក្តី​ប្រកាស​នេះ​មាន​ឡើងនៅ​ពេល​លោក Zelenskyy ប្រើ​ទស្សនកិច្ចរបស់​លោក​នៅក្រុង​វ៉ាស៊ីនតោនដើម្បីសុំជំនួយថ្មី​ចំនួន​៦១​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​បុព្វហេតុសង្គ្រាម​របស់​ប្រទេស​លោកនៅពេល​សភា​អាមេរិកសម្រេច​អំពី​បញ្ហា​នេះ៕

XS
SM
MD
LG