ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានជួបពិភាក្សាជាបន្ទាន់នៅរដ្ឋធានីវ៉ាស៊ីនតោនដើម្បីស្នើសុំជំនួយពីសហរដ្ឋអាមេរិកបន្តទៀតកាលពីថ្ងៃអង្គារ ខណៈរុស្ស៊ីបានវាយដណ្តើមដែនដីជាបន្តបន្ទាប់នៅជួរសមរភូមិហើយទាល់ចោលឥទ្ធិពលរបស់ជំនួយលោកខាងលិចដល់ទីក្រុងកៀវ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ក្រោយពីលោក Zelenskyy បានជួបពិភាក្សាជាមួយមេដឹកនាំគណបក្សប្រជាធិបតេយ្យនិងមេដឹកនាំគណបក្សសាធារណរដ្ឋប្រចាំព្រឹទ្ធសភាអាមេរិកមក លោក Chuck Schumer មេដឹកនាំសំឡេងភាគច្រើនពីគណៈបក្សប្រជាធិបតេយ្យក្នុងព្រឹទ្ធសភា បានព្រមានថា អ៊ុយក្រែនត្រូវការចាំបាច់នូវជំនួយជាបន្ទាន់ដើម្បីរារាំងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ពីការដណ្តើមជ័យជម្នះ។
បន្ទាប់មកទៀត លោក Zelenskyក៏បានជួបពិភាក្សាជាមួយនឹងប្រធានរដ្ឋសភាអាមេរិកលោក Mike Johnson ដែលមកពីបក្សសាធារណៈរដ្ឋហើយគ្រោងនឹងជួបពិភាក្សាទល់មុខគ្នាជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ហើយនឹងធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយ។
លោក Schumer បានថ្លែងក្រោយពីជួបពិភាក្សាជាមួយលោក Zelenskyy ថា៖ «លោក [Zelenskyy] បានថ្លែងយ៉ាងច្បាស់ ហើយយើងទាំងអស់គ្នាក៏បាននិយាយច្បាស់ថា បើយើងចាញ់ លោក Putin ឈ្នះ»។
ដំណើរទស្សនកិច្ចដើម្បីជំនួបទាំងនេះធ្វើឡើង ខណៈប្រព័ន្ធប្រតិបត្តិការនៃសេវាទូរស័ព្ទរបស់ប្រទេសអ៊ុយក្រែនកំពុងរងការវាយប្រហារដ៏ធំមួយ។ ដំណើរទស្សនកិច្ចនេះតំណាងឱ្យការស្វះស្វែងរកជំនួយដ៏តក់ក្រហល់ដោយលោក Zelenskyy ដើម្បីធ្វើយ៉ាងណាកុំឱ្យភាគីអន្តរជាតិដ៏សំខាន់បំផុតដែលគាំទ្រអ៊ុយក្រែនងាករេ។
ក៏ប៉ុន្តែស្របពេលដែលលោក Zelenskyy ទទួលបានការសាទរពីសមាជិកព្រឹទ្ធសភា អ្នកនយោបាយមកពីគណបក្សសាធារណរដ្ឋខ្លះក៏កាន់តែមិនសូវអើពើអំពីភាពចាំបាច់ក្នុងការគាំទ្រអ៊ុយក្រែនផងដែរ។
ពួកគេកំពុងរារាំងសំណើរបស់លោក Biden សម្រាប់ទឹកប្រាក់ ៦០ពាន់លានដុល្លារក្នុងជំនួយយោធាថ្មី លុះត្រាតែលោក Biden យល់ព្រមចាត់វិធានការលើកំណែទម្រង់សន្តិសុខនិងអន្តោប្រវេសន៍នៅតាមព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ដែលជាបញ្ហាដ៏ពិបាកដោះស្រាយបំផុតមួយក្នុងនយោបាយអាមេរិក។
កាលពីពេលកន្លងទៅ សេតវិមានបានព្រមានថា ថវិកាសម្រាប់អ៊ុយក្រែននឹងអស់នៅត្រឹមចុងឆ្នាំនេះ បើសិនជាគ្មានការព្រមព្រៀងមួយជាមួយសភាអាមេរិក៕
ប្រធានាធិបតីអ៊ុយក្រែនស្នើបន្ទាប់សម្រាប់ជំនួយអាមេរិក ខណៈរុស្ស៊ីវាយដណ្តើមជាបន្តបន្ទាប់
![ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានមកជួបប្រធានាធិបតី Joe Biden នៅសេតិវិមានក្នុងរដ្ឋធានី Washington កាលពីថ្ងៃអង្គារទី១២ ធ្នូ ឆ្នាំ២០២៣។(AP Photo/Andrew Harnik)](https://gdb.voanews.com/845e2570-8e3f-4708-851e-3c40e716f224_w250_r1_s.jpg)