ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅព្រហស្បតិ៍ថា លោកជឿជាក់ថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងប្រឈមការកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមនៅពេលណាមួយ ពីបទចូលឈ្លានពានប្រទេសអ៊ុយក្រែន។
នៅក្នុងសុន្ទរកថាមួយនៅតុលាការព្រហ្មទណ្ឌអន្តរជាតិក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ លោក Zelenskyy និយាយថា៖ «គ្រាន់តែឧក្រិដ្ឋកម្មរបស់រុស្ស៊ីមួយប៉ុណ្ណោះ អាចនាំទៅដល់ឧក្រិដ្ឋកម្មផ្សេងៗទៀត ដូចជាឧក្រិដ្ឋកម្មឈ្លានពាន ការចាប់ផ្តើមអំពើអាក្រក់។ នេះជាឧក្រិដ្ឋកម្មចម្បង។ ត្រូវតែមានការទទួលខុសត្រូវនូវឧក្រិដ្ឋកម្មទាំងនេះ»។
តុលាការព្រហ្មទណ្ឌអន្តរជាតិ កាលពីខែមីនាកន្លងទៅ បានចេញដីកាចាប់ខ្លួនលោក Putin ពីបទឧក្រិដ្ឋកម្មសង្គ្រាមមួយ ពាក់ព័ន្ធនឹងការផ្ទេរនិងបញ្ជូនកុមារអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ី។ លោក Zelenskyy និយាយថាលោក Putin «សមនឹងត្រូវកាត់ទោសទៅលើសកម្មភាពនៃឧក្រិដ្ឋកម្មទាំងនេះក្នុងទីក្រុងនៃច្បាប់អន្តរជាតិនៅទីនេះ»។
តុលាការព្រហ្មទណ្ឌអន្តរជាតិមិនអាចចោទប្រកាន់ពីបទសង្គ្រាមឈ្លានពានបានឡើយ ប៉ុន្តែលោក Zelenskyy បានអំពាវនាវឱ្យមានតុលាការកាត់ក្តីដ៏ពេញលេញមួយ ដើម្បីកាត់ទោសឧក្រិដ្ឋកម្មដែលជាប់ពាក់ព័ន្ធគ្នានេះ។
លោកថ្លែងថា៖ «ប្រសិនបើយើងចង់បានយុត្តិធម៌ពិតប្រាកដ យើងមិនត្រូវសម្លឹងទៅរកការលើកលែងណាមួយ ហើយក៏មិនត្រូវយោងទៅលើគុណវិបត្តិនៃច្បាប់អន្តរជាតិបច្ចុប្បន្ន ប៉ុនែ្តត្រូវតែធ្វើការសម្រេចចិត្តដោយក្លាហាន ដែលនឹងកែប្រែគុណវិបត្តិទាំងនោះ ដែលកំពុងកើតមាននៅលើច្បាប់អន្តរជាតិ»។
លោក Zelenskyy ត្រូវបានទទួលស្វាគមន៍នៅខាងក្រៅអគារតុលាការព្រហ្មទណ្ឌអន្តរជាតិ ដោយប្រធានរបស់តុលាការនេះ គឺលោក Piotr Hofmański ដែលជាជនជាតិប៉ូឡូញ។ បុគ្គលិកតុលាការ បានមកជុំគ្នាមើលតាមបង្អួចតុលាការ ពេលលោក Zelenskyy ធ្វើដំណើរមកដល់ ហើយមានបង្ហូតទង់ជាតិអ៊ុយក្រែន ទន្ទឹមនឹងទង់ជាតិរបស់តុលាការនេះ នៅក្រៅអគារតុលាការផងដែរ៕