ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ថា​អ៊ុយក្រែន​បាញ់​ដ្រូន​សំដៅ​លើ​វិមាន​ប្រធានាធិបតី​រុស្ស៊ី​ដើម្បី​ប៉ុនប៉ង​សម្លាប់​លោក​ពូទីន


រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដឹកនាំកិច្ចប្រជុំមួយនៅវិមានក្រឹមឡាំង ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣។
រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដឹកនាំកិច្ចប្រជុំមួយនៅវិមានក្រឹមឡាំង ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣។

មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​ថា មីស៊ីល​និង​ដ្រូន​របស់​រុស្ស៊ី​បាន​វាយ​ប្រហារ​ទីក្រុង​កៀវ​និង​ទីក្រុង Odesa នៅ​ម៉ោង​ដំបូងៗ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

រដ្ឋបាល​ក្រុង​កៀវ​បាន​បញ្ជាក់​ថា៖ «រុស្ស៊ី​បាន​វាយ​ប្រហារ​ទីក្រុង​កៀវ​ដោយ​ប្រើ​អាវុធ​រេរា​តម្រង់​គោលដៅ Shahed និង​មីស៊ីល​ដែល​ទំនងជា​គ្រាប់​ផ្លោង​មីស៊ីល»។ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា មីស៊ីល​និង​ដ្រូន​ទាំង​អស់​នោះ​ត្រូវ​បាន​បង្អាក់​កម្ទេច​ចោល។

បញ្ជាការដ្ឋាន​យោធា​ភូមិភាគ​ខាង​ត្បូង​របស់​អ៊ុយក្រែន​បាន​បញ្ជាក់​ថា ដ្រូន ១២ គ្រឿង​ក្នុង​ចំណោម ១៥ គ្រឿង​ដែល​បាន​បាញ់​ដាក់​ទីក្រុង Odesa ត្រូវ​បាន​បំផ្លាញ។ ដ្រូន ៣ គ្រឿង​បាន​បាញ់​ចំ​បរិវេណ​សាកលវិទ្យាល័យ​មួយ​កន្លែង ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​និង​រង​របួស​នោះ​ទេ។

រដ្ឋាភិបាល​រុស្ស៊ី​បាន​អះអាង​កាលពី​ថ្ងៃ​ពុធ​ថា អ៊ុយក្រែន​បាន​បាញ់​ដ្រូន​ពីរ​គ្រឿង​ដាក់​វិមាន​ប្រធានាធិបតី​រុស្ស៊ី​របស់​លោក Vladimir Putin កាលពី​យប់ ប៉ុន្តែ​ថា ទីភ្នាក់ងារ​សន្តិសុខ​បាន​បង្អាក់​ដ្រូន​ទាំង​នោះ ហើយ​លោក Putin មិន​មាន​រង​របួស​អ្វី​ទេ។

ការ​អះអាង​របស់​រុស្ស៊ី​មិន​អាច​ត្រូវ​បាន​ផ្ទៀងផ្ទាត់​បាន​ភ្លាមៗ​នោះ​ទេ ហើយ​មន្ត្រី​អ៊ុយក្រែន​ម្នាក់​បាន​និយាយ​ថា រដ្ឋាភិបាល​អ៊ុយក្រែន​មិន​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ចោទ​ប្រកាន់​រឿង​វាយ​ប្រហារ​ដោយ​ដ្រូន​លើ​រុស្ស៊ី​នោះ​ឡើយ។

រុស្ស៊ី​បាន​បញ្ជាក់​ថា ខ្លួន​ «ចាត់ទុក​សកម្មភាព​ទាំង​នេះ​ថា​ជា​ការ​វាយ​ប្រហារ​ភេរវកម្ម​ដែល​រៀបចំ​ទុក​និង​ជា​ការ​ប៉ុនប៉ង​សំដៅ​លើ​លោក​ប្រធានាធិបតី [Putin]» ហើយ​ខ្លួន​រក្សា​សិទ្ធិ​ក្នុង​ការ​សងសឹក។ រុស្ស៊ី​បាន​បន្ថែម​ថា «សកម្មភាព​ទាន់​ពេល​ដែល​ធ្វើ​ឡើង​ដោយ​យោធា​និង​ទីភ្នាក់ងារ​ពិសេស» បាន​បង្អាក់​ដ្រូន​ទាំង​នោះ។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov បាន​និយាយ​ថា លោក Putin មិន​ស្ថិត​នៅ​ក្នុង​វិមាន​ប្រធានាធិបតី​នោះ​ទេ​ នៅ​ពេល​ហេតុការណ៍​នោះ​កើតឡើង។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​ថា លោក​មិន​អាច​ផ្ទៀងផ្ទាត់​ការ​អះអាង​របស់​រុស្ស៊ី​បាន​ទេ។ លោក​ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​ចាត់ទុក​អ្វី​ដែល​រុស្ស៊ី​អះ អាង​ឡើង​ថា​ ជា​រឿង​មិន​ពិត»។

លោក Mykhailo Podolyak ដែល​ជា​ទីប្រឹក្សា​របស់​ប្រធានាធិបតី​អ៊ុយក្រែន បាន​បញ្ជាក់​នៅ​ក្នុង​សារ​ដែល​ផ្ញើ​ទៅ​កាន់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថាការចោទ​ប្រកាន់​ដែល​ថា អ៊ុយក្រែន​ស្ថិត​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នេះ និង​ការ​ចោទ​ប្រកាន់​ដែល​ថា​រុស្ស៊ី​ចាប់​ខ្លួន​អ្នក​បំផ្លិចបំផ្លាញ​ជនជាតិ​អ៊ុយក្រែន​នៅ​តំបន់ Crimea អាច​ជា​សញ្ញា​បង្ហាញ​ថា រុស្ស៊ី​មាន​ផែនការ​ធ្វើ​ការ​វាយ​ប្រហារ «ភេរវកម្ម» ទ្រង់ទ្រាយ​ធំ​លើ​អ៊ុយក្រែន​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន AP ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters

XS
SM
MD
LG