ប្រទេសរុស្ស៊ីនិយាយនៅថ្ងៃអង្គារនេះថា លោកប្រធានាធិបតី Vladimir Putin បានទៅធ្វើទស្សនកិច្ចនៅតំបន់ Kherson និង Luhansk របស់អ៊ុយក្រែន ដែលនៅទីនោះលោកបានស្តាប់របាយការណ៍ពីមេបញ្ជាការកងទ័ពរុស្ស៊ី។
វិមានក្រឹមឡាំងបានផ្សព្វផ្សាយវីដេអូមួយ ដែលបង្ហាញរូបភាពលោក Putin បា្រប់ដល់ក្រុមមេបញ្ជាការរុស្ស៊ីថា វាមានសារៈសំខាន់សម្រាប់លោក ក្នុងការស្តាប់ឮដោយផ្ទាល់ពីទស្សនៈរបស់ពួកគេ និងធ្វើការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក។
តំបន់ Kherson ដែលស្ថិតនៅភាគខាងត្បូងអ៊ុយក្រែន និង Luhansk នៅភាគកើតអ៊ុយក្រែន ជាតំបន់២ ដែលលោកPutin បានប្រកាសបញ្ចូលជាផ្នែកមួយរបស់រុស្ស៊ីកាលពីខែកញ្ញាឆ្នាំមុន ដែលជាទង្វើមួយ ដែលទទួលរងការបដិសេធយ៉ាងឱឡារិកពីមហាសន្និបាតអង្គការសហប្រជាជាតិ។
ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak ដែលហាក់និយាយយោងទៅលើដំណើរទស្សនកិច្ចរបស់លោក Putin នោះបានបង្ហោះសារលើបណ្តាញ Twitter នៅថ្ងៃអង្គារនេះ អំពីមេដឹកនាំរុស្ស៊ី«ដើរមើលទឹកដីដែលរងការខូចខាតនិងកាន់កាប់ និងសប្បាយជាមួយនឹងបេសកកម្មប្រកបដោយបទឧក្រិដ្ឋរបស់លោកជាលើកចុងក្រោយ»។
ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីការបរទសរុស្ស៊ី លោក Sergey Lavrov បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា រដ្ឋាភិបាលក្រុងមូស្គូ ចង់ឱ្យមានការបញ្ចប់ជម្លោះក្នុងប្រទេសអ៊ុយក្រែនឱ្យបានឆាប់រហ័សផងដែរ។
នៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយសមភាគីរបស់លោកគឺរដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Mauro Vieira នៅក្នុងរដ្ឋធានី Brasilia លោក Lavrov បានអរគុណដល់សមភាគីរបស់លោក ដែលបានយល់ពីប្រភពដើមនៃស្ថានភាពក្នុងប្រទេសអ៊ុយក្រែន។ លោកបន្ថែមថា រុស្ស៊ីចង់ឃើញជម្លោះនោះបញ្ចប់ទៅឱ្យបានឆាប់រហ័ស តាមដែអាចធ្វើទៅបាន។
រុស្ស៊ីបានគូសបញ្ជាក់សាជាថ្មីថា កិច្ចចរចារសន្តិភាពណាមួយនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវតែទទួលស្គាល់ស្ថានភាពជាក់ស្តែងនៃការដាក់បញ្ជូលខេត្តទាំង៤របស់អ៊ុយក្រែន ទៅជាផ្នែកមួយរបស់រុស្ស៊ីដោយឯកតោភាគី៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះបានមកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។