ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការស្នើសុំជំនួយរបស់លោក Zelenskyy ប្រឈមការជំទាស់ពីបក្សសាធារណរដ្ឋ ខណៈលោក Biden ព្រមានថាជា«អំណោយ»ដល់លោក Putin


ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថ្លែងនៅក្នុងជំនួប​មួយ​ជាមួយ​ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅ​សេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថ្លែងនៅក្នុងជំនួប​មួយ​ជាមួយ​ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅ​សេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden កាលពី​ថ្ងៃអង្គារ​ បាន​ព្រមាន​ថា ការ​បញ្ចប់​ជំនួយ​យោធា​អាមេរិក​ដល់​អ៊ុយក្រែន​អាច​ក្លាយ​ជា​«អំណោយ​បុណ្យ​ណូអែល»​ដល់​រុស្ស៊ី ខណៈ​ពេល​ដែលការ​ស្នើសុំ​ជា​បន្ទាន់​របស់ប្រធានាធិបតី​អ៊ុយក្រែន​ លោក Volodymyr Zelenskyy ដើម្បី​ជំនួយ​បន្ថែម បាន​ប្រឈម​នឹង​ការ​ជំទាស់​ពី​សមាជិក​នៃ​គណបក្ស​សាធារណរដ្ឋ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

នៅពេល​ដែល​រដ្ឋាភិបាល​រុស្ស៊ី​បាន​អះអាង​ដណ្តើម​កាន់កាប់​ជា​បន្តបន្ទាប់​នៅ​សមរភូមិ​ថ្មីៗនេះ ហើយ​បាន​ទស្សន៍ទាយ​ថា​រាល់​ជំនួយ​ថ្មី​ដល់​រដ្ឋាភិបាល​អ៊ុយក្រែន​អាច​នឹង​ជា «បរាជ័យដ៏​ធំ» នោះ លោក​ Zelenskyy បាន​ថ្លែង​ទៅ​កាន់​លោក Biden ក្នុង​ជំនួប​មួយ​នៅ​សេតវិមាន​ថា «អ៊ុយក្រែន​អាច​ឈ្នះ»។

លោក Zelenskyy អាយុ ៤៥ឆ្នាំ បាន​ចាប់​ដៃ​ជាមួយ​នឹង​មេដឹកនាំ​អាមេរិក​លោក Biden អាយុ ៨១ឆ្នាំ ខណៈ​មេដឹកនាំ​ទាំងពីរ​អង្គុយ​ពិភាក្សា​គ្នា​នៅ​ក្នុង​ការិយាល័យ​ប្រធានាធិបតី​អាមេរិក។

លោក​ Biden បាន​ថ្លែង​ទៅកាន់​លោក Zelenskyy ថា៖ «យើង​នឹង​ឈរ​នៅ​ខាង​អ្នក​» បើទោះបីជាការ​អំពាវ​នាវ​ដ៏​តក់ក្រហល់​របស់​មេដឹកនាំ​អ៊ុយក្រែន​ទៅ​សភា​អាមេរិក​ឱ្យ​អនុម័ត​សំណើ​ថវិកា ៦០ពាន់លាន​ដុល្លារ​អាមេរិក​ក្នុង​ជំនួយ​ថ្មី​មួយ​ដល់​អ៊ុយក្រែន​មិន​ត្រូវបាន​អើពើ​ក៏ដោយ។

លោក​ Biden បាន​ថ្លែង​បន្ថែម​ថា៖ «សភា​អាមេរិក​ចាំបាច់​ត្រូវតែ​អនុម័ត​សំណើ​ជា​មូលនិធិ​បន្ថែម​ដល់​អ៊ុយក្រែន … មុន​ពេល​ពួកគេ​ឱ្យ​លោក Putin នូវ​អំណោយ​បុណ្យ​ណូអែល​ដ៏​អស្ចារ្យ​នោះ»។

​បន្ទាប់​ពី​សេតវិមាន​បាន​ព្រមាន​ថា​ មូលនិធិ​សម្រាប់​រដ្ឋាភិបាល​អ៊ុយក្រែន​នឹង​អស់​នៅ​ចុង​ឆ្នាំ​នេះ​មក កិច្ច​ប្រឹងប្រែង​របស់​ លោក Zelenskyy ក្នុងការ​រក្សា​ការ​គាំទ្រ​របស់​អាមេរិក​ដល់​អ៊ុយក្រែន​បាន​ធ្លាក់​ចូល​ក្នុង​តថភាព​នៃ​ភាព​បែកខ្ញែក​គ្នា​ខាង​នយោបាយ​ក្នុង​ស្រុក​ដ៏​ជូរចត់​របស់​សហរដ្ឋអាមេរិក។

ប្រធាន​រដ្ឋសភា​អាមេរិក​មក​ពី​គណបក្ស​សាធារណរដ្ឋ​លោក Mike Johnson ដែល​ជាអ្នក​ចាត់ចែង​លើ​កិច្ចព្រមព្រៀងគ្នា​លើ​សំណើ​នេះ បាន​ថ្លែង​ថា គណបក្ស​របស់​លោក​នឹង​មិន​យល់​ព្រម​តាម​សំណើ​របស់​លោក Biden ក្នុង​ការ​ផ្តល់​ជំនួយ​បន្ថែម​ដល់​អ៊ុយក្រែន​ឡើយ លុះត្រា​តែ​គណបក្ស​ប្រជាធិបតេយ្យ​សម្រេច​ធ្វើ​តាម​ការ​ទាមទារ​របស់​បក្ស​សាធារណរដ្ឋ​ពាក់ព័ន្ធ​នឹង​បញ្ហា​អន្តោប្រវេសន៍ និង​ព្រំដែន​សហរដ្ឋអាមេរិក-ម៉ិកស៊ិក។

លោក Johnson បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​បាន​ជួប​ពិភាក្សា​ជាមួយ​លោក Zelenskyy ថា៖ «អ្វីដែល​រដ្ឋបាល​លោក Biden ទំនង​នឹង​ស្នើ​សុំ​នោះ​គឺ​ទឹកប្រាក់​រាប់ពាន់លាន​ដុល្លារ​បន្ថែម​ទៀត​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ គ្មាន​យុទ្ធសាស្ត្រ​ដើម្បី​ជ័យ​ជម្នះ​ឱ្យ​បាន​ច្បាស់លាស់ និង​គ្មាន​ចម្លើយ​ទៅ​នឹង​អ្វី​ដែល​ខ្ញុំ​គិត​ថា ពលរដ្ឋអាមេរិក​ត្រូវការ​នោះ»៕

XS
SM
MD
LG