ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចេញការស្តីបន្ទោសដ៏ល្វីងជូរចត់មួយដល់ប្រទេសលោកខាងលិចចំពោះការមិនបានធ្វើឱ្យល្មមគ្រប់គ្រាន់ដើម្បីជួយរដ្ឋាភិបាលរបស់លោក ដើម្បីយកឈ្នះសង្គ្រាម នៅពេលដែលការប្រយុទ្ធដ៏ខ្លាំងបានរាលដាលនៅក្នុងតំបន់ខាងកើតអ៊ុយក្រែន ហើយកងទ័ពរុស្ស៊ីបានខិតកាន់តែជិតដើម្បីឡោមព័ទ្ធទីក្រុងឧស្សាហកម្មដ៏សំខាន់មួយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ដោយអំពាវនាវរកជំនួយ«ដោយគ្មានកំណត់» ជាពិសេសការដឹកជញ្ជូនអាវុធធុនធ្ងន់ លោក Zelenskyy ក៏បានស្តីបន្ទោសការស្នើកាលពីពេលថ្មីៗនេះឱ្យមានការចរចាសន្តិភាពមួយដែលអាចរួមបញ្ចូលទាំងការផ្តល់សម្បទានទឹកដីផង។
លោក Sergiy Gaiday អភិបាលតំបន់ Luganskបាននិយាយថា នៅខាងក្រៅទីក្រុង Severodonetsk ឥឡូវនេះ ចំណុចនៃតំបន់ប្រសព្វគ្នាក្នុងការបន្តការវាយប្រហាររបស់រុស្ស៊ីក្នុងតំបន់ Donbas នៃប្រទេសអ៊ុយក្រែនបានធ្វើឱ្យការប្រយុទ្ធមានការលំបាកជាខ្លាំង។
ក៏ប៉ុន្តែ លោកបាននិយាយនៅក្នុងវីដេអូដែលបានចុះផ្សាយនៅលើ Telegram កាលពីថ្ងៃពុធម្សិលមិញថា ទីក្រុងឧស្សាហកម្មនេះ នៅមិនទាន់ត្រូវបានឡោមព័ទ្ធនៅឡើយនោះទេ។
ដោយមានការទស្សន៍ទាយថា«ក្នុងមួយសប្តាហ៍ខាងមុខនឹងក្លាយជាការសំខាន់» នោះ លោក Gaiday បាននិយាយទៀតថា ទីក្រុងនេះនឹងត្រូវទទួលរងការបាញ់ផ្តក់ដោយកងទ័ពរុស្ស៊ីដែលកំពុងប៉ុនប៉ងប្រយុទ្ធដណ្ដើមកាន់កាប់ទីក្រុងនេះ។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានប្រាប់អ្នកចូលរួមនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុង Davos ថា ប្រទេសរបស់លោកត្រូវការប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតដែអាចបាញ់ចេញបានច្រើនគ្រាប់ដើម្បីទប់ទប់នឹងអាវុធប្រហាក់ប្រហែលនេះរបស់រុស្ស៊ីដែលកំពុងប្រើប្រាស់ក្នុងសមរភូមិនៅក្នុងតំបន់ Donbas ផងដែរ។
លោក Zelenskyy បានថ្លែងនៅក្នុងសុន្ទរកថាប្រចាំថ្ងៃទៅកាន់ប្រទេសជាតិថា៖ «យើងត្រូវការជំនួយរបស់ដៃគូយើងគឺអាវុធសម្រាប់អ៊ុយក្រែន។ ការជួយឱ្យបានពេញលេញដោយគ្មានការលើកលែង ដោយគ្មានកំណត់ដែលល្មមគ្រប់គ្រាន់ដើម្បីឈ្នះ»៕
លោក Zelenskyy ស្តីបន្ទោសប្រទេសលោកខាងលិចនៅពេលដែលរុស្ស៊ីខិតកាន់តែជិតទៅកាន់ទីក្រុងសំខាន់របស់អ៊ុយក្រែន
ក្រុងកៀវ —