ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថាបត្យកម្ម​របស់​លោកស្រី Zaha Hadid អាច​ជះ​ឥទ្ធិពល​ដល់​ស្ថាបត្យករ​ខ្មែរ​វ័យ​ក្មេង​


​លោក​​ស្រី ​ហ្សាហា ​ហាឌីដ​ (Zaha ​Hadid) ស្ថាបត្យករ​​​គូស​​ប្លង់​​​អគារ​​វិទ្យាស្ថាន​​ស្លឹករឹត​​​។ (រូបថត​ផ្តល់​ឲ្យ​ដោយ Steve Double)
​លោក​​ស្រី ​ហ្សាហា ​ហាឌីដ​ (Zaha ​Hadid) ស្ថាបត្យករ​​​គូស​​ប្លង់​​​អគារ​​វិទ្យាស្ថាន​​ស្លឹករឹត​​​។ (រូបថត​ផ្តល់​ឲ្យ​ដោយ Steve Double)

និស្សិត​របស់​លោក​ប្រមាណ​៥០​នាក់​ បាន​ទទួល​ឱកាស​ដ៏​កម្រ​មួយ​ដើម្បី​រៀន​សូត្រ​ពី​ស្នាដៃ​ស្ថាបត្យកម្ម​របស់​លោកស្រី Zaha Hadid

លោក ​ឆ័យ ​ការណូ ​ដឹង​ច្បាស់​ថា​លោក​ចង់​ក្លាយ​ជា​ស្ថាបត្យករ​តាំង​ពី​ពេល​ដែល​លោក​នៅ​រៀន​ថ្នាក់​ទី​១០​ម្ល៉េះ​ ដោយ​សារ​លោក​មាន​ការ​ជំរុញ​ទឹក​ចិត្ត​ពី​សាច់ញាតិ​របស់​លោក​ផ្ទាល់ ដែល​ជា​វិស្វករ​និង​ស្ថាបត្យករ​ដ៏​ល្បីល្បាញ​ដូច​ជា​លោក វណ្ណ ម៉ូលីវណ្ណ ជាដើម។

ក្រោយ​ពី​ចាប់​យក​ការ​សិក្សា​ជំនាញ​ស្ថាបត្យកម្ម​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ក្រោយ​មក​បាន​បញ្ចប់​ការ​សិក្សា​ជំនាញ​នេះ​ថ្នាក់​អនុបណ្ឌិត​ពី​សាកលវិទ្យាល័យ ឈៀង ម៉ៃ​នៅ​ប្រទេស​ថៃ​ទៀត​នោះ ទី​បំផុត​លោក ក៏​បាន​ក្លាយ​ជា​ស្ថាបត្យករ​ម្នាក់ ដូច​ក្តី​សុបិន​របស់​លោក។

​ដោយ​បាន​ក្លាយ​ជា​សាស្ត្រាចារ្យ​ខាង​ស្ថាបត្យកម្ម​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ផង​នោះ លោក ​ឆ័យ ​ការណូ វ័យ​៣៨​ឆ្នាំ​ បាន​គូស​ប្លង់​អគារ​ជា​ច្រើន​ដូច​ជា​រមណីយដ្ឋាន​ទេសចរណ៍ ​សណ្ឋាគារ​ សាលា​រៀន​ ផ្ទះ​និង​វិមាន​ផ្សេង​ទៀត​ជាដើម។

បច្ចុប្បន្ន​ ក្រៅ​ពី​ការ​បង្រៀន លោក​ក៏​កំពុង​គូស​ប្លង់​សម្រាប់​សាលា​ភាសា​អន្តរជាតិ​Western ​Interntional​ និង​សណ្ឋាគារ​មួយ​នៅ​ខេត្ត​ព្រះសីហនុ​ផង​ដែរ។

លោក ឆ័យ ​ការណូ​ បាន​ប្រាប់ VOA ថា​ ក្រៅ​ពី​ស្នាដៃរបស់​ស្ថាបត្យករ​ជើង​ចាស់​ដូច​ជា​លោក​វណ្ណ ម៉ូលីវណ្ណ​ជាដើម ​លោក ក៏​ទទួល​ការ​ជំរុញ​ទឹក​ចិត្ត​តាមរយៈ​ការងារ​របស់​ស្ថាបត្យករ​ដ៏​អស្ចារ្យ​ផ្សេងៗ​ទៀត​ដូចជា​លោកស្រី ​Zaha Hadid ផងដែរ នៅ​ពេល​ដែល​លោក​មាន​ឱកាស​បាន​ធ្វើ​ការ​ជាមួយ​ក្រុម​ការងារ​របស់​លោកស្រី។

លោកស្រី Zaha Hadidដែល​បាន​លា​ចាកលោក​ទៅ​ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ ​គឺ​ស្ថាបត្យករដ៏​ល្បីល្បាញ ដែល​បាន​ឈ្នះ​ពាន​រង្វាន់​Pritzker​ Architecture Prize ។ ស្ថាបត្យករ​ស្ត្រី​ដែល​មាន​សញ្ជាតិ​អង់គ្លេស ដើម​កំណើត​អ៊ីរ៉ាក់​រូប​នេះ បាន​រចនា​ប្លង់​វិទ្យាស្ថាន​ស្លឹករឹត ដែល​ជា​មជ្ឈមណ្ឌល​មួយ​សម្រាប់​ការ​សិក្សា​ពី​អំពើ​ប្រល័យ​ពូជសាសន៍​និង​ជា​ការ​ចងចាំ​ អំពើ​ឃោរឃៅ​ដែល​បាន​ប្រព្រឹត្ត​ក្នុង​របប​ខ្មែរ​ក្រហម ដែល​ជា​គំនិត​ផ្តួតផ្តើម​និង​ដឹកនាំ​ដោយ​លោក ឆាំង យុ នាយក​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​បច្ចុប្បន្ន​នេះ។

លោក ឆ័យ ​ការណូ ​ដែល​បាន​ដើរ​តួ​ជា​អ្នក​សម្របសម្រួល​រវាង​ក្រុម​ការងារ​លោក​ស្រី ​Zaha​ Hadid ​និង​និស្សិត​ស្ថាបត្យកម្ម​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​របស់​លោក​នោះ បាន​និយាយ​ថា​និស្សិត​របស់​លោក​ប្រមាណ​៥០​នាក់​ បាន​ទទួល​ឱកាស​ដ៏​កម្រ​មួយ​ដើម្បី​រៀន​សូត្រ​ពី​ស្នាដៃ​ស្ថាបត្យកម្ម​របស់​លោកស្រី Zaha Hadid នៅ​ពេល​ដែល​ក្រុម​ការងារ​របស់​លោក​ស្រី បាន​និង​កំពុង​ធ្វើ​ការ​លើ​ប្លង់​អាគារ​វិទ្យាស្ថាន​ស្លឹករឹត​នោះ។

«ខ្ញុំ​គិត​ថា​វា​ជា​ឱកាស​ល្អ​សម្រាប់​មហាវិទ្យាល័យ​ក្នុង​ការ​រចនា​ប្លង់​អគារ​ដ៏​សំខាន់​មួយ​ដែល​តំណាង​ឲ្យ​មនុស្ស​ជាតិ​ទាំងមូល​ហើយ​និង​តំណាង​ឲ្យ​ប្រវត្តិសាស្ត្រ​ហើយ​ខ្ញុំ​គិត​ថា​មជ្ឈមណ្ឌល​ស្លឹករឹត​គឺ​ជា​មជ្ឈមណ្ឌល​មួយ​បើ​សិន​ជា​បាន​សង់​ហើយ​ធ្វើ​ឲ្យ​ទី​ក្រុង​ភ្នំពេញ​ឬ​ក៏​ជាតិ​ខ្មែរ​ទាំង​មូល​មាន​មោទនភាព​ដោយ​ភាព​អស្ចារ្យ​នៃ​ការ​រចនា​និង​សំណង់​អគារ​នោះ​ហើយ​ធ្វើ​អោយ​សង្គម​ខ្មែរ​ទាំង​មូល​ចាប់​យល់​ដឹង​អំពី​តម្លៃ​នៃ​ការ​រចនា​ប្លង់»។

អ្នក​ដែល​ចូលរួម​នៅ​ក្នុង​គម្រោង​នេះ​បាន​និយាយ​ថា​ គម្រោង​នេះ​នៅតែ​ដំណើរ​ការ​ទៅ​មុខ​បើ​ទោះ​បី​ជា​ការ​ស្វែង​រក​ក្រុមហ៊ុន​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​ខុសត្រូវ​ចំពោះ​ការ​សាងសង់​អគារ​ដ៏​អស្ចារ្យ​ដែល​មាន​ភាព​កោង​និង​គូស​ប្លង់​ដោយ​លោក​ស្រី ​Zaha ​Hadid​មាន​ការ​លំបាក​យ៉ាង​ណា​ក៏ដោយ។

លោក ​ការណូ​ បាន​បង្ហាញ​សេចក្ដី​សង្ឃឹម​ថា​ បើ​ទោះ​ជា​លោក​ស្រី​ Zaha ​Hadid​ បាន​ស្លាប់​បាត់​ទៅ​ហើយ​ ហើយ​បើ​ទោះបី​ជា​លោក​ស្រី​មិន​ដែល​បាន​មក​ប្រទេស​កម្ពុជា​ក៏​ដោយ ក៏​ស្ថាបត្យកម្ម​របស់​លោក​ស្រី​ នៅ​តែ​មាន​ឥទ្ធិពល​វិជ្ជមាន​មក​លើ​ប្រទេស​កម្ពុជា​ដែរ។

«លោក​ស្រី ​Zaha ​Hadid​ គាត់​ជា​អ្នក​នាំ​ផ្លូវ​អញ្ចឹង​ខ្ញុំ​គិត​ថា​ប្រសិន​បើ​គម្រោង​នេះ​សាងសង់​បាន​សម្រេច​អនាគត​នឹង​មាន​ស្ថាបត្យករ​ល្បីៗ​មក​តទៅ​ទៀត​ពី​ព្រោះ​នៅ​ក្នុង​សង្គម​ខ្មែរ​ខ្ញុំ​គិត​ថា​គាត់​អាច​មាន​លទ្ធភាព​ក្នុង​ការ​អញ្ជើញ​ស្ថាបត្យករ​ល្បីៗ​ឲ្យ​មក​បន្ត​បន្ទាប់​ទៀត​បាទ៎»។

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​លោក ​ឆាំង​ យុ​ មាន​ប្រសាសន៍​ថា​ទស្សនវិស័យ​ស្ថាបត្យកម្ម​របស់​លោក​ស្រី​ Zaha​ Hadid ​នឹង​ស្ថិត​នៅ​ប្រទេស​កម្ពុជា​ដោយ​សារ​តែ​ស្ថាបត្យករ​វ័យ​ក្មេង ​នឹង​រៀន​ពី​លោកស្រី​និង​រចនាបថ​ដ៏​អស្ចារ្យ​របស់​លោកស្រី​ហើយ​សម្រប​ទៅ​តាម​រចនាបថ​នោះ។​

«គាត់​នៅ​តែ​នៅ​ជាមួយ​យើង​ គំនិត​ទស្សន​របស់​គាត់​នៅ​ជាមួយ​យើង​។ពីព្រោះ​គាត់​ខ្លាំង​ដោយសារ​គាត់​មាន​ទស្សនវិស័យ​មួយ​លេច​ធ្លោ​ជាង​គេ។ការ​រចនា​គឺ​គាត់​មាន​ដូច​ជា​Curv​គាត់​ធ្វើ​គឺ​ថា​ភាព​កោង​របស់​អគារ​មួយ​ហ្នឹង​គឺ​អត់​មាន​អ្នកណា​ធ្វើ​ដូច​គាត់​ទេ​នៅ​លើ​ពិភពលោក»។​

លោក​ ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​រៀប​ចំ​ដែន​ដីនគររូបនីយកម្ម​និង​សំណង់​និង​ជា​អគ្គលេខាធិការ​នៃ​គណៈ​ស្ថាបត្យករ​កម្ពុជា​ហើយ​ថែម​ទាំង​ជា​សាស្ត្រាចារ្យ​ជំនាញ​ស្ថាបត្យកម្ម បាន​និយាយ​ថា​ស្ថាបត្យកម្ម​របស់​លោក​ស្រី​ Zaha​ Hadid​ អាច​មាន​ឥទ្ធិពល​ដល់​ស្ថាបត្យករ​ក្នុង​ប្រទេស​កម្ពុជា។

«ស្ថាបត្យករ​យក​គំនិត​យក​ទ្រឹស្ដី​យក​គោលការណ៍​ដែល​គេ​រៀន​ចេះ​មក​ពី​ស្ថាបត្យករ​ម្នាក់ៗ​ដែល​មាន​ដូច​ទស្សន​ស្ថាបត្យកម្ម​រៀងៗ​ខ្លួន​ហ្នឹង​យក​ទៅ​ប្រើប្រាស់​តាម​ស្ថាបត្យកម្ម​ខ្លួន​ដែរ។​មាន​ន័យ​ថា​ស្ថាបត្យករ​ក្មេងៗ​រៀន​សូត្រ​ហើយ​ក៏​ត្រូវ​បង្កើត​នូវ​ពុទ្ធិ​ចំណេះដឹង​របស់​ខ្លួន​ដើម្បី​បង្កើត​នូវ​សំណង់​មួយ​ឬ​ក៏​ស្ថាបត្យកម្ម​មួយ​យោង​ទៅ​តាម​ស្ថានភាព​យោង​ទៅ​តាម​ប្រធានបទ​យោង​ទៅ​តាម​ទស្សនៈ​ស្ថាបត្យកម្ម​ដែល​គេ​បង្កើត​ហ្នឹង»។

បើ​ទោះ​ជា​យ៉ាងណា​ក៏​ដោយ ​លោក​ ឆ័យ ការណូ មាន​ប្រសាសន៍​ថា​លោក​មិន​ច្បាស់​ទេ​ថា​ការ​ចូលរួម​រយៈពេល​ខ្លី​របស់​លោក​ស្រី ​Zaha ​Hadid ​ជាមួយ​ប្រទេស​កម្ពុជា​អាច​មាន​ឥទ្ធិពល​កម្រិត​ណាលើ​ស្ថាបត្យករ​របស់​ប្រទេស​កម្ពុជា​ដូច​ជា​និស្សិត​របស់​លោក​នោះ​ទេ។

ប៉ុន្តែ​លោក​បាន​បន្ថែម​ថា​យ៉ាង​ហោច​ណាស់​ស្ថាបត្យកម្ម​របស់​លោក​ស្រី​អាច​ជួយ​លើក​តម្កើង​ការ​យល់​ដឹង​ពី​សារសំខាន់​នៃ​ការងារ​ស្ថាបត្យកម្ម​នេះ៕

XS
SM
MD
LG