និស្សិតផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបង្ហាញការសោកស្តាយចំពោះមរណភាពរបស់លោកស្រី សាហា ហាឌីដ (Zaha Hadid) ដែលជាស្ថាបត្យករដ៏ល្បីល្បាញរបស់ពិភពលោក។ និស្សិតទាំងនេះបាននិយាយថា ការទំនាក់ទំនងរបស់ពួកគេជាមួយក្រុមការងាររបស់លោកស្រីហាឌីដតាមរយៈគម្រោងប្លង់វិទ្យាស្ថានស្លឹករឹត បានធ្វើឱ្យពួកគេទទួលបានបទពិសោធន៍ស្ថាបត្យកម្មជាអន្តរជាតិមួយ។
លោកស្រី សាហា ហាឌីដ គឺជាស្ថាបត្យករស្ត្រីដ៏អស្ចារ្យជនជាតិអង់គ្លេសដើមកំណើតអ៊ីរ៉ាក់តែម្នាក់គត់ដែលបានទទួលពានរង្វាន់ Pritzker Prize ដែលជាពានរង្វាន់ល្បីល្បាញសម្រាប់ស្នាដៃស្ថាបត្យកម្ម។ លោកស្រីបានទទួលមរណភាពក្នុងវ័យ៦៥ឆ្នាំដោយសារគាំងបេះដូងកាលពីសប្តាហ៍មុនខណៈពេលដែលលោកស្រីកំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យមួយនៃក្រុង Miami សហរដ្ឋអាមេរិក។
មានសិស្សស្ថាបត្យកម្មជាច្រើននាក់បានចូលរួមក្នុងកិច្ចការគូសប្លង់វិទ្យាស្ថានស្លឹករឹតហើយសិស្សទាំងនោះបានទទួលការជំរុញទាំងផ្នែកស្មារតីនិងជំនាញពីលោកស្រី និងក្រុមការងារលោកស្រី។
កញ្ញា យ៉េង សិរីរ័ត្ននិស្សិតស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានចូលរួមផ្ទាល់នៅក្នុងគម្រោងសាងសង់វិទ្យាស្ថានស្លឹករឹត។ នាងបាននិយាយថានាងនិងសិស្សដទៃៗទៀតបាននិងឃើញឮអំពីស្នាដៃរបស់លោកស្រីសាហា ហាឌីដតាមរយៈប្រព័ន្ធអ៊ីនធឺណិតមុនពេលដែលពួកគេបានចូលរួមធ្វើកិច្ចការជាមួយក្រុមរបស់លោកស្រីតាមរយៈគម្រោងប្លង់វិទ្យាស្ថានស្លឹករឹត។ វិទ្យាស្ថានស្លឹករឹតនឹងត្រូវសាងសង់ឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជាដើម្បីឧទ្ទិសដល់ប្រជាជនប្រហែល២លាននាក់ដែលបានស្លាប់នៅក្នុងសម័យខ្មែរក្រហម។
«មានសិស្សច្រើនដែលគាត់មានឥទ្ធិពលទៅលើនៅក្នុងថ្នាក់ខ្ញុំមានគេចូលចិត្តគាត់ច្រើនមិនថាតែប្រុសមិនថាតែស្រីទេ។ ប៉ុន្តែគ្រាន់តែថាមានមនុស្សស្រី ច្រើន ដែល មានអារម្មណ៍ថាមានភាពកក់ក្តៅនៅពេលដែលឮថាអ្វីដែលគាត់និយាយចេញមកនិយាយហើយគាត់ធ្វើបានចេញជារូបរាងទៀត»។
កញ្ញាបានបន្ថែមថា៖
«ខ្ញុំស្រឡាញ់គាត់ដោយសារគាត់ជាមនុស្សស្រីដែលគាត់ហ៊ានជំនះរាល់ឧបសគ្គនៅក្នុងវិស័យហ្នឹង។ ព្រោះអីវិស័យហ្នឹងសូម្បីតែខ្លួនខ្ញុំផ្ទាល់ក៏ជួបបញ្ហាដូចថាគេអត់សូវឱ្យតម្លៃនៅពេលដែលយើងជាស្ថាបត្យករឬជាសិស្សស្ថាបត្យកម្ម។ គេថាយើងធ្វើអត់កើតដូចថាគេរាងខ្លាចរអា»។
កញ្ញា យ៉េង សិរីរ័ត្នបាននិយាយថារចនាបទបែបកោងដែលជាអត្តសញ្ញាណស្ថាបត្យកម្មរបស់លោកស្រីរួមជាមួយនឹងការជំនះនិងការតស៊ូរបស់លោកស្រីបានធ្វើឱ្យសិស្សស្ថាបត្យកម្មជាច្រើនកោតស្ញប់ស្ញែង។
«ប៉ុន្តែគាត់វិញគាត់ខុសពីស្ថាបត្យករដទៃស្ថាបត្យករដទៃក៏ល្អដែរគ្រាន់តែថាគាត់ជាមនុស្សស្រីប៉ុន្តែគាត់បានផ្លាស់ប្តូរផ្នត់គំនិតហ្នឹងហើយគាត់ជំរុញទឹកចិត្តឱ្យក្មេងៗស្រីហ្នឹងធ្វើអាខាងស្ថាបត្យកម្មឱ្យបានល្អទៀតហើយគាត់ក៏ធ្លាប់និយាយដែរថាគាត់ក៏សប្បាយរីករាយចិត្តដែរនៅពេលដែលគាត់ឃើញមនុស្សស្រីនៅក្នុងការិយាល័យOffice គាត់ហ្នឹងមានមនុស្សស្រីច្រើនជាងមុន»។
កញ្ញាបានបន្ថែមទៀតថា៖
«ខ្ញុំនឹងយកទ្រឹស្តីរបស់គាត់មកអនុវត្តខ្ញុំស្រឡាញ់ការប្តេជ្ញារបស់គាត់»។
លោកលឹមយ៉ុងហួតនិស្សិតផ្នែកស្ថាបត្យកម្មឆ្នាំទី៥នៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបាននិយាយថាលោកបានទទួលការអនុវត្តជាក់ស្តែងតាមរយៈការធ្វើការជាមួយក្រុមការងារលោកស្រីហាឌីដ។
«ខ្ញុំបានចាប់ផ្តើមធ្វើការនេះតាំងពីឆ្នាំ២០១៤ហើយគឺខ្ញុំចេះច្រើនមែនទែនគឺខ្ញុំបានទទួលបទពិសោធជាអន្តរជាតិមួយពីគម្រោងប្លង់របស់គាត់គឺខ្ញុំបានស្វែងយល់ពីដំណើរការសិក្សាពីការសិក្សាទស្សនទានការសិក្សាពីវប្បធម៌។ទំរាំតែចេញជាអគារហ្នឹងមួយមកគឺវាជំរុញទឹកចិត្តខ្ញុំមែនទែន។ហើយជាពិសេសហ្នឹងគឺខ្ញុំបានពាក់ព័ន្ធជាមួយនឹងការងារនេះផ្ទាល់អញ្ចឹងធ្វើឱ្យខ្ញុំរិតតែមានជំនឿចិត្តនិងស្រឡាញ់ការងារហ្នឹងខ្លាំងឡើង»។
លោកបានបន្ថែមថាបទពិសោធន៍ដែលលោកបានទទួលនោះបានធ្វើឱ្យលោកទទួលបានជោគជ័យក្នុងការប្រកួតប្រជែងស្ថាបត្យកម្មក្នុងស្រុកមួយ។
«ខ្ញុំបានទទួលបទពិសោធន៍ច្រើនគំនិតថ្មីច្រើនដូចជាសិក្សាពីប្រជាជននិងបានជួយសង្គមហើយខ្ញុំគិតថាវាក៏ជាកត្តាមួយដែរដែលអាចឱ្យខ្ញុំឈានទៅដល់ជ័យជំនះក្នុងការប្រកួតប្រជែងប្លង់ស្ថាបត្យកម្មមួយនៅស្រុកខ្មែរហើយខ្ញុំបានទៅបន្តការទទួលហ្វឹកហាត់ការងារនៅទីក្រុងសៀងហៃទៀត»។
លោកមានប្រសាសន៍បន្ថែមថាលោកមានការសោកស្តាយចំពោះការបាត់បង់ស្ថាបត្យករដ៏អស្ចារ្យរបស់ពិភពលោកមួយរូបនេះ។
«ក្នុងរយៈពេលថ្មីៗហ្នឹងខ្ញុំបានទទួលដំណឹងថាគាត់ទទួលមរណភាពហើយខ្ញុំពិតជាមានភាពសោកស្តាយមែនទែន»។
លោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាបាននិយាយថាស្ថាបត្យកម្មដ៏អស្ចារ្យរបស់លោកស្រីសាហា ហាឌីដដែលបានផ្តល់គំនិតថ្មីដ៏វិចិត្រឱ្យពិភពលោកនឹងត្រូវបានសិក្សាដោយសិស្សស្ថាបត្យកម្មនៅពេលអនាគត។
«អញ្ចឹងឱ្យតែសិស្សណារៀនស្ថាបត្យកម្មទៅមុខគឺត្រូវតែរៀនអំពីគាត់»។
អគារល្បីៗជាច្រើននៅក្នុងពិភពលោកមានដូចជាស្ថានីយ Vitra Fire Station នៅប្រទេសអាល្លឺម៉ង់ មជ្ឈមណ្ឌលសិល្បៈសហស្សសម័យនៅសហរដ្ឋអាមេរិកសារមន្ទីរសិល្បៈ Maxxi នៅប្រទេសអ៊ីតាលី មជ្ឈមណ្ឌលកីឡាហែលទឹកនៅប្រទេសអង់គ្លេស សាលសិល្បៈនៅប្រទេសចិន គឺជាអគារដែលជាស្ថាបត្យកម្មរបស់លោកស្រីសាហាហាឌីដ៕