កាលពីជាង១០០ឆ្នាំមុន ជនជាតិអាមេនី (Armenia) ប្រមាណ ១,៥លាននាក់បានស្លាប់ដោយអំពើប្រល័យពូជសាសន៍នៅក្នុងអតីតចក្រភព Ottoman ដោយការកៀងគរប្រមូលផ្តុំគ្នា ការចាប់ខ្លួន និងការបណ្ដេញចេញ។ ស្ថាបនិកវិទ្យាស្ថានស្លឹករឹត លោក ឆាំង យុ ចង់ឃើញប្រទេសនេះ ជាប្រមុខនៃការទប់ស្កាត់អំពើប្រល័យពូជសាសន៍។
លោក ឆាំង យុ ដែលជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជាផងដែរនោះ បានស្នើឲ្យប្រទេសអាមេនី ធ្វើជាអ្នកនាំមុខគេក្នុងការបង្កើតកម្មវិធីអប់រំអំពីអំពើប្រល័យពូជសាសន៍នេះ ព្រោះប្រជាជននៃប្រទេសដែលស្ថិតនៅទិសខាងលិចនៃទ្វីបអាស៊ីនេះ ធ្លាប់រងគ្រោះដោយអំពើប្រល័យពូជសាសន៍ កាលពីជាង១០០ឆ្នាំមុន។ នេះបើយោងទៅតាមសេចកី្តរាយការណ៍ដែលចេញផ្សាយដោយភ្នាក់ងារព័ត៌មាននៅក្នុងប្រទេសអាមេនី កាលពីសប្តាហ៍មុន។
មជ្ឈមណ្ឌលឯកសារកម្ពុជា ជាមជ្ឈមណ្ឌលដែលបានធ្វើការប្រមូលឯកសារនានា ទាក់ទិននឹងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ មជ្ឈមណ្ឌលក៏បានផ្តើមការសាងសង់វិទ្យាស្ថានស្លឹករឹត ដែលជាកន្លែងរក្សាទុកឯកសារនានាពាក់ព័ន្ធជាមួយនឹងរបបខ្មែរក្រហមសម្រាប់ការសិក្សាស្រាវជ្រាវ។
ភ្នាក់ងារព័ត៌មាន ARMENPRESS បានដកស្រង់សម្តីដើមរបស់លោក ឆាំង យុ ដែលបានចូលរួមវេទិកាពិភពលោក «ប្រឆាំងនឹងឧក្រិដ្ឋកម្មនៃអំពើប្រល័យពូជសាសន៍» (Against the Crime of Genocide) នៅទីក្រុង Yerevan (យ៉េរ៉េវ៉ាន់) យ៉ាងដូច្នេះថា៖ «ការអប់រំអំពីអំពើប្រល័យពូជសាសន៍ គឺជាតម្រូវការចាំបាច់ សម្រាប់សន្តិភាព និងភាពចម្រើនរុងរឿង ក្នុងនោះមានការការពារសិទ្ធិមនុស្សផងដែរ»។
(វីដេអូបង្ហាញពីពិធីរំឭកអំពើប្រល័យពូជសាសន៍មកលើប្រជាជនអាមេនី Armenia ដោយ RFE/RL)
លោក ឆាំង យុ ត្រូវបាន ARMENPRESS ដកស្រង់សម្តីដើមបន្ថែមថា៖ «ប្រទេសអាមេនីគួរតែនាំមុខ និងសហការជាមួយ ប្រទេសដទៃទៀត ដែលធ្លាប់ឆ្លងកាត់អំពើប្រល័យពូជសាសន៍ និងយើងទាំងអស់គ្នាដែលធ្លាប់ទទួលការឈឺចាប់ពីអំពើប្រល័យពូជសាសន៍ត្រូវឆក់យកឱកាសនេះ បង្កើតកម្មវិធីអប់រំអំពីអំពើប្រល័យពូជសាសន៍ដំបូងគេរបស់ពិភពលោក»។
កាលពីថ្ងៃសៅរិ៍កន្លងទៅ ប្រទេសអាមេនី បានរៀបចំវេទិកាពិភពលោក«ប្រឆាំងនឹងឧក្រិដ្ឋកម្មនៃអំពើប្រល័យពូជសាសន៍» ដែលបាននិយាយដល់ការស្លាប់មនុស្ស១.៥លាននាក់ នៅក្នុងអំពើប្រល័យពូជសាសន៍មួយ កើតឡើងពីឆ្នាំ១៩១៥ដល់ឆ្នាំ១៩២៣ និងត្រូវបានទទួលស្គាល់ ដោយប្រទេសជិត៣០ ក្នុងនោះមានប្រទេសប្រេស៊ីល រុស្សី បារាំង និងអាល្លឺម៉ង់។ អំពើប្រល័យពូជសាសន៍នេះ ត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយប្រទេសជាច្រើន រួមមាន ប្រទេសបារាំង អ៊ីតាលី ប៊ែលហ្ស៊ិក រុស្ស៊ី និងហូឡង់។ នេះបើយោងទៅតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន ARMENPRESS។
សាធារណរដ្ឋតួកគី ដែលត្រូវបានបង្កើតឡើង បន្ទាប់ពីការដួលរលំនៃចក្រភព Ottoman នៅឆ្នាំ១៩២២ ត្រូវគេចោទថាជាអ្នកទទួលខុសត្រូវក្នុងការកាប់សម្លាប់នេះ។ ចក្រភព Ottoman ត្រូវគេចោទថា បានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មនេះ នៅក្នុងឆ្នាំ១៩១៥។ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ សាធារណរដ្ឋតួកគី ប្រកាន់យកគោលនយោបាយ បដិសេធមិនទទួលស្គាល់អំពើប្រល័យពូជសាសន៍នេះទេ។
កាលពីថ្ងៃអាទិត្យកន្លងទៅ ប្រទេសអាមេនីបានរៀបចំពិធីថ្ងៃចងចាំអំពើប្រល័យពូជសាសន៍នេះ ហើយការតវ៉ា ក៏បានកើតឡើងផងដែរ។ យុវជនអាមេនី ជាច្រើនបានចេញដើមតាមដងផ្លូវ និងបានដុតទង់ជ័យប្រទេសតួកគីទៀតផង។ នេះបើយោងទៅតាមការបញ្ជាក់ពីលោក ឆាំង យុ ដែលកំពុងស្នាក់នៅក្នុងប្រទេសអាមេនី។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាស្ថាបនិកវិទ្យាស្ថានស្លឹករឹត បានឲ្យ VOA ដឹងតាមសារអេឡិចត្រូនិក ឬ អ៊ីមែលថា ការប្រកែកមិនទទួលស្គាល់អំពើប្រល័យពូជសាសន៍ពីប្រទេសតួកគី បានបង្កជាភាពតានតឹង។ លោកបានស្នើឲ្យរដ្ឋមន្ត្រីការបរទេសប្រទេសអាមេនី បង្កើតកម្មវិធីអប់រំអំពីអំពើប្រល័យពូជសាសន៍ពិភពលោក ដែលអាចទាញការចូលរួមពីយុវជនតួកគី ឲ្យនិយាយគ្នាអំពីបញ្ហាដ៏សំខាន់នេះ។
លោកបានសរសេរថា៖«យុវជនប្រទេសទាំងពីរចាំបាច់ត្រូវមានការចងចាំត្រឹមត្រូវមួយនៃសង្គមរបស់ពួកគេ»។
លោក ឆាំង យុ បានឲ្យដឹងបន្តថា លោក George Clooney តារាភាពយន្តហូលីវូដ ដ៏ល្បីល្បាញ បានអញ្ជើញទៅចូលរួមនៅក្នុងវេទិកាពិភពលោក «ប្រឆាំងនឹងឧក្រិដ្ឋកម្មនៃអំពើប្រល័យពូជសាសន៍»ផងដែរ។ លោកបញ្ជាក់ថា លោក George Clooney តែងតែនិយាយពីប្រទេសកម្ពុជានៅក្នុងការថ្លែងរបស់លោក។ លោកបានជួបសន្ទនាជាមួយតារាភាពយន្តរូបនេះ។ នៅក្នុងការសន្ទនានោះ លោកបានស្នើឲ្យលោក George Clooney គួរមកលេងប្រទេសកម្ពុជា ហើយលោក George Clooney បានឆ្លើយតបថា លោកគួរតែមកប្រទេសកម្ពុជា។
ប្រទេសកម្ពុជាបានឆ្លងកាត់អំពើប្រល័យពូជសាសន៍ផងដែរ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ បន្ទាប់ពីការឡើងកាន់អំណាចរបស់ក្រុមកុម្មុយនិស្តជ្រុលនិយមខ្មែរក្រហម កាលពីថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥។ មនុស្សប្រមាណ១.៧លាននាក់ បានស្លាប់នៅក្នុងរបបនោះ។
របបដែលគេតែងហៅថា របប ប៉ុល ពត នោះ បានដួលរលំទៅវិញនៅថ្ងៃទី៧ ខែមករាឆ្នាំ១៩៧៩ ដោយការវាយប្រយុទ្ធពីកងទ័ពបដិវត្តន៍ប្រជាជនកម្ពុជា ក្រោមការជួយគាំទ្រកម្លាំងយោធាពីប្រទេសវៀតណាម។ មូលហេតុចម្បងនៃការកាប់សម្លាប់នៅក្នុងរបបនោះ នៅតែស្ថិតជាអាថ៌កំបាំងនៅឡើយ។
អតីតមេដឹកនាំជាន់ខ្ពស់របស់របបខ្មែរក្រហមពីររូបគឺ លោក ខៀវ សំផន និង នួន ជា កំពុងទទួលការកាត់ទោសពីសាលាក្តីខ្មែរក្រហម។ អតីតមេដឹកនាំមួយចំនួនទៀត ក៏កំពុងរងការចោទប្រកាន់ពីតុលាការនេះដែរ។
លោក ឆាំង យុ បានមានប្រសាសន៍បន្ថែមថា អំពើប្រល័យពូជសាសន៍បានកើតមានម្តងហើយម្តងទៀត ចាប់តាំងពីការផ្ទុះនៃការសម្លាប់រង្គាលលើជនជាតិអាមេនី។ លោកថា នេះ ជាមេរៀនសម្រាប់ប្រទេសកម្ពុជា ជាពិសេសយុវជនកម្ពុជា មិនត្រូវឈប់និយាយពីអំពើប្រល័យពូជសាសន៍កម្ពុជានោះទេ។ វាអាចនឹងកើតមានឡើងម្តងទៀត ប្រសិនបើមានការបរាជ័យក្នុងការកត់ត្រារឿងរ៉ាវនេះទុក និងអប់រំប្រជាពលរដ្ឋពីពេលឥឡូវនេះទៅ៕