នៅមុនទិវាសិទ្ធិមនុស្ស១០ធ្នូ ក្រុមយុវជន៣០នាក់បានចាប់ផ្តើមយុទ្ធនាការជិះកង់ ក្នុងចម្ងាយផ្លូវជាង៣០០គីឡូម៉ែត្រ ចេញពីមុខអង្គរវត្តក្នុងខេត្តសៀមរាប មកកាន់រាជធានីភ្នំពេញ ក្នុងគោលបំណងជំរុញឱ្យរដ្ឋាភិបាល គោរព និងផ្តល់សិទ្ធិសេរីភាពដល់ពលរដ្ឋ ឱ្យដូចទៅនឹងអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។
យុទ្ធនាការជិះកង់ដើម្បីសិទ្ធិមនុស្សនេះ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១០ ខែធ្នូ ដែលនឹងមកដល់រាជធានីភ្នំពេញនៅថ្ងៃ១០ ខែធ្នូ ដើម្បីចូលរួមប្រារព្ធទិវាសិទ្ធិមនុស្ស ជាមួយក្រុមអង្គការសង្គមស៊ីវិលផ្សេងទៀត ដែលគ្រោងជួបជុំមនុស្សប្រមាណ២ពាន់នាក់ នៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ។
លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា(CYN)ដែលបានដឹកនាំយុវជនចំនួន៣០នាក់ធ្វើយុទ្ធនាការជិះកង់ដើម្បីសិទ្ធិមនុស្សនេះ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាយុទ្ធនាការនេះ គឺដើម្បីផ្សព្វផ្សាយ និងទាមទារឱ្យរដ្ឋាភិបាលគោរព និងផ្តល់សិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋឱ្យបានពេលលេញ ស្របទៅតាមច្បាប់ដែលមានចែង ព្រោះលោកកត់សម្គាល់ថាប្រជាពលរដ្ឋនៅតែរងការរឹតត្បិតទាក់ទងការអនុវត្តសិទ្ធិ ដូចជាសិទ្ធិបញ្ចេញមតិ សិទ្ធិនយោបាយជាដើម។
លោកថ្លែងថា៖ «យើងមើលឃើញថា លំដាប់នីតិរដ្ឋរបស់កម្ពុជាមានការធ្លាក់ចុះ ហើយការគោរពសិទ្ធិជាមូលដ្ឋានផ្សេងៗ រងការរឹតត្បិត រួមមានសិទ្ធិផ្នែកនយោបាយ តាមរយៈរូបភាពរំលាយអតីតគណបក្សប្រឆាំងជាដើម។ ហើយក្រៅពីនេះ យើងឃើញថាសិទ្ធិសហគមន៍ សិទ្ធិជួបជុំ សិទ្ធិកូដកម្ម ដែលបានកំណត់ដោយរដ្ឋធម្មនុញ្ញ តែងតែរឹតត្បិតចំពោះការអនុវត្ត មានការរំលោភសិទ្ធិជាដើម ដែលធ្វើឱ្យយើងទាំងអស់ដែលជាក្រុមយុវជនសម្រេចចិត្តធ្វើយុទ្ធនាការនេះឡើង ដើម្បីផ្សព្វផ្សាយ និងជំរុញឱ្យរដ្ឋាភិបាលអនុវត្តឱ្យបានម៉ឺងម៉ាត់នូវគោលការណ៍បី [គឺ] គោរព ការពារ និងលើកកម្ពស់ សិទ្ធិមនុស្ស ដែលជាបទដ្ឋានសិទ្ធិសកលសម្រាប់ពិភពលោក ហើយកម្ពុជាបានផ្តល់បរិយាប័ន្ន»។
ចំពោះគោលបំណងផ្សេងទៀតនៃយុទ្ធនាការជិះកង់នេះ គឺដើម្បីអបអរសាទរ ខួបលើកទី៧៤នៃទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំ២០២២ផងដែរ។
នៅថ្ងៃទី១០ ខែធ្នូ ខាងមុខ ក្រុមអង្គការសង្គមស៊ីវិលចំនួន២៤ស្ថាប័ន រួមមានអង្គការអាដហុក សង់ត្រាល់ និង CHRAC នឹងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ ដោយពួកគេទាមទារឱ្យរដ្ឋាភិបាលបើកលម្ហសេរីភាពនៃការបញ្ចេញមតិ សិទ្ធិពលរដ្ឋ និងនយោបាយជាដើម។ នេះបើយោងតាមលោក រស់ សុដ្ឋា នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CHRAC។
លោក រស់ សុដ្ឋា ប្រាប់វីអូអេថានៅថ្ងៃ១០ធ្នូ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ អង្គការសង្គមស៊ីវិលបានរៀបចំដាក់លិខិតជូនដំណឹងទៅសាលារាជធានីភ្នំពេញ ដើម្បីសុំជួបជុំមនុស្សចំនួន២ពាន់នាក់ ដែលក្នុងនោះមានសហជីព អង្គការសង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស អ្នកស្រឡាញ់បរិស្ថាន រួមទាំងជនរងគ្រោះដែលប្រឈមបញ្ហានានាជាដើម។
លោកបញ្ជាក់ថា៖ «បង្កើតជាវេទិកាមួយ ឱ្យគាត់អាចឱ្យរៀនសូត្រ បញ្ចេញមតិរបស់គាត់ ជុំវិញស្ថានភាពសិទ្ធិនយោបាយក្នុងប្រទេសកម្ពុជា ដើម្បីឱ្យអ្នកពាក់ព័ន្ធបានឭ។ ហើយក៏ដូចជាការជំរុញឱ្យរដ្ឋាភិបាល ក៏ដូចជាអ្នកពាក់ព័ន្ធ យកទៅធ្វើការកែលម្អ»។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ មិនទាន់អាចបញ្ជាក់អ្វីបាននៅឡើយទេ ដោយលោកថាចាំជួបជាមួយក្រុមអង្គការសង្គមស៊ីវិល ពិភាក្សាគ្នាអំពីរឿងនេះជាមុនសិន។
លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ ចាត់ទុកការទាមទាររបស់អង្គការសង្គមស៊ីវិលឱ្យរដ្ឋាភិបាលគោរពសិទ្ធិ និងសេរីភាពពលរដ្ឋថាជាការទាញយកផលចំណេញនយោបាយ ឬផលប្រយោជន៍ផ្សេង។ លោកការពារថាលម្ហសេរីភាព ឬប្រជាធិបតេយ្យមិនមានការរឹតត្បិត ឬរួមតូចអ្វីនោះទេ ដោយប្រជាពលរដ្ឋច្រើនលើសលប់ប្រើប្រាស់សិទ្ធិសេរីភាព និងប្រកបរបររកស៊ីដោយសេរី ស្របទៅតាមច្បាប់មិនមានបញ្ហាអីនោះទេ។
លោកបញ្ជាក់ថា៖ «បើយើងសង្កេតឱ្យគ្រប់ទិដ្ឋភាពទៅ យើងឃើញ ប្រជាពលរដ្ឋផ្សេងទៀត ដូចជាគេប្រកបរបររកស៊ី គេបញ្ចេញមតិ ដូចជាមិនដែលមានបញ្ហាអ្វីទេ គេមិនយកចិត្តទុកដាក់ផង មែនទែនទៅគេប្រើប្រាស់សិទ្ធិ និងធ្វើសកម្មភាពតាមផ្លូវច្បាប់ អ៊ីចឹងគេមិនមានការបារម្ភអ្វីទេ។ ប៉ុន្តែយើងឃើញថាអ្នកដែលបារម្ភ ហើយធ្វើការរិះគន់តែមួយក្រុមតូច ហើយក្រុមនេះ តែងតែធ្វើសកម្មភាពមានចេតនានយោបាយ ចេតនាទុច្ចរិតនៅក្រោយ អ៊ីចឹងហើយបានចេះតែមានខ្លួន ហើយចេះតែមានការភ័យខ្លាច»។
ចំណែក លោក រស់ សុដ្ឋា នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ថ្លែងថាពលរដ្ឋកម្ពុជាមានសិទ្ធិ ប៉ុន្តែមិនទាន់មានសេរីភាពពេញលេញក្នុងការបញ្ចេញនូវអ្វីដែលពួកគេចង់និយាយ ឬចង់ធ្វើនៅឡើយទេ ដូច្នេះរដ្ឋាភិបាលគួរបង្កបរិយាកាសល្អប្រសើរ និងធានាថាពលរដ្ឋអាចប្រើប្រាស់សិទ្ធិ និងសេរីភាពរបស់ខ្លួន ដោយមិនមានការភ័យខ្លាច។
លោកថ្លែងថា៖ «សិទ្ធិមានហើយ មានគ្រប់តែគ្នាហ្នឹង ភាគច្រើនគឺមាន តែយើងអត់មានសេរី។ អ៊ីចឹងបើរដ្ឋាភិបាលចង់ឱ្យលម្ហប្រជាធិបតេយ្យ ឬសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាដំណើរការបានល្អ ហើយពេញលេញ គឺយើងបើកសេរីភាពឱ្យបានច្រើន ពេលនោះកម្ពុជាយើងនឹងបានដើរតាមគន្លងមួយ ដែលយើងចង់បានតាមផ្លូវសិទ្ធិមនុស្ស»។
លោកបន្តថាមិនមែនមានតែអង្គការសង្គមស៊ីវិល ដែលមើលឃើញថាសិទ្ធិសេរីភាពរបស់ពលរដ្ឋកម្ពុជានៅរងការរឹតត្បិត គឺសូម្បីតែអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ក៏លើកឡើងអំពីបញ្ហានេះផងដែរ។
លិខិតមួយច្បាប់ ចុះថ្ងៃទី៥ ខែធ្នូ របស់អង្គការសង្គមស៊ីវិល ជូនដំណឹងទៅអភិបាលរាជធានីភ្នំពេញ ក្នុងការជួបជុំមនុស្សប្រមាណ២ពាន់នាក់ នៅថ្ងៃទី១០ ធ្នូ ខួប៧៤ឆ្នាំនៃទិវាសិទ្ធិមនុស្សអន្តរជាតិ បញ្ជាក់ថាគោលបំណងនៃការជួបជុំនេះ គឺដើម្បីបង្កើនការចងចាំនូវសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ សិទ្ធិនយោបាយ និងដើម្បីពលរដ្ឋបានបញ្ចេញសំឡេងពីកង្វល់ និងសំណូមពរផ្សេងៗទៅកាន់រដ្ឋាភិបាល ទាក់ទិននឹងសិទ្ធិនយោបាយ ស្របតាមគោលនយោបាយប្រទេសកម្ពុជា៕