ក្រុមអង្គការសង្គមស៊ីវិលចំនួន២៤ស្ថាប័ន រួមមានអង្គការអាដហុក សង់ត្រាល់ និង CHRAC នឹងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ ដោយពួកគេទាមទារឱ្យរដ្ឋាភិបាលបើកលម្ហសេរីភាពនៃការបញ្ចេញមតិ សិទ្ធិពលរដ្ឋ និងនយោបាយជាដើម។ នេះបើយោងតាមលោក រស់ សុដ្ឋា នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CHRAC។
លោក រស់ សុដ្ឋា បានឱ្យដឹងថា ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូនេះ គឺដើម្បីបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជាអំពីសិទ្ធិមនុស្ស ជាពិសេសសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។លោកបន្តថា អង្គការសង្គមស៊ីវិលគ្រោងនឹងរៀបចំឱ្យមានមនុស្សប្រមាណ២ពាន់នាក់ចូលរួម ប៉ុន្តែលោកថា មិនទាន់បានដាក់លិខិតទៅសាលារាជធានីភ្នំពេញ និងថា តើអាជ្ញាធរក្រុងនឹងអនុញ្ញាតឱ្យចូលរួមទាំងអស់ ឬក៏ត្រូវកាត់បន្ថយ។
លោក រស់ សុដ្ឋា បានអះអាងថា សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពមិនល្អ ដែលតម្រូវឱ្យមានការខិតខំប្រឹងប្រែងកែលម្អច្រើនទៀតពីរដ្ឋាភិបាល។
លោកថ្លែងថា៖ «យើងឃើញថា កន្លងមកសិទ្ធិនយោបាយមានការរកាំរកូសច្រើនពាក់ព័ន្ធនឹងការបោះឆ្នោត សិទ្ធិបោះឆ្នោត មានការប្តឹងផ្តល់អ្នកនយោបាយ ពាក់ព័ន្ធជាមួយសិទ្ធិជាមូលដ្ឋាន សិទ្ធិបញ្ចេញមតិ និងសិទ្ធិនយោបាយ»។
លោកជំរុញឱ្យរដ្ឋាភិបាលបើកលម្ហសេរីភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជាដើម្បីឱ្យការអភិវឌ្ឍកាន់តែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកមើលឃើញថា ក្រោយមានភាពចម្រូងចម្រាសនយោបាយ ដោយការរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧មក សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាធ្លាក់ចុះដ៏គួរឱ្យព្រួយបារម្ភ ខណៈថា មកទល់ពេលនេះមិនមានការស្តារឡើងវិញទេ ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពនៃការជួបជុំ ការបញ្ចេញមតិ និងសិទ្ធិនយោបាយ។
បើតាមលោក នី សុខា រដ្ឋាភិបាលត្រូវតែបើកទូលាយនូវសិទ្ធិទាំងអស់នេះដើម្បីអាចឱ្យគ្រប់ភាគីពាក់ព័ន្ធទទួលយកបាន។
លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ យល់ថា ការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលមិនឆ្លុះបញ្ចាំងពីស្ថានភាពពិតនៅកម្ពុជាឡើយ ក្រោមហេតុផលថា មន្ត្រីអនុវត្តច្បាប់បានដាក់ទោសទណ្ឌតែទៅលើជនណាដែលប្រព្រឹត្តល្មើសនឹងច្បាប់ប៉ុណ្ណោះ។
លោកថ្លែងថា៖ «សេរីភាពប្រជាធិបតេយ្យនៅកម្ពុជា ដូចជាមិនរឹតត្បិតអីនោះទេ។ វាអាចរឹតត្បិតសម្រាប់តែក្រុមឱកាសនិយម ក្រុមជ្រុលនិយមមួយចំនួន ដែលមានចេតនាមិនល្អ ចេតនាទុច្ចរិត ដែលធ្វើសកម្មភាពក្នុងគោលដៅមួយបង្កនូវភាពចលាចល»។
គួរបញ្ជាក់ថា កាលពីកន្លងទៅ នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក Joe Biden ប្រធានាធិបតីអាមេរិក ដែលមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន បានលើកឡើង និងជំរុញឱ្យកម្ពុជាដោះលែងសកម្មជន និងបើកលម្ហសេរីភាពស៊ីវិល និងនយោបាយ នៅមុនការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ៕