អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលមានទីស្នាក់កណ្តាលនៅសហរដ្ឋអាមេរិកបានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថា បានប្រើប្រាស់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ដើម្បីឃុំខ្លួនសកម្មជនសហជីព រឹតត្បិតការចុះបញ្ជីសហជីព និងបិទសិទ្ធិធ្វើកូដកម្មនៅក្នុងឧស្សាហកម្មកាត់ដេរ និងទេសចរណ៍។
បើតាមរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch)ដែលមានកម្រាស៩៧ទំព័រ និងមានចំណងជើងថា៖ «មានតែសហជីពមីកញ្ចប់ ឬសហជីពស្និទ្ធនឹងថៅកែទេអាចបន្តរស់រានបាន៖ ការធ្វើទុក្ខបុកម្នេញលើសហជីពក្នុងវិស័យកាត់ដេរ និងទេសចរណ៍» រដ្ឋាភិបាលកម្ពុជា និងថៅកែខ្លះត្រូវបានគេ កត់សម្គាល់ចំពោះការប្រើតាក់តិកច្បាប់ និងរដ្ឋបាល អំឡុងពេលនៃការឆ្លងរាតត្បាតជំងឺ១៩ ដើម្បីធ្វើឲ្យចុះខ្សោយចលនាសហជីពឯករាជ្យ និងបំពានលើសិទ្ធិកម្មករ។
របាយការណ៍ដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃចន្ទទី២១ ខែវិច្ឆិកា បានលើកឡើងទៀតថា វិធានការជាច្រើនដែលត្រូវបានអនុម័ត ដើម្បីដោះស្រាយផលប៉ះពាល់ធ្ងន់ធ្ងរខាងសេដ្ឋកិច្ចនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩បានដាក់ទោសទណ្ឌលើសហជីពឯករាជ្យ ខណៈហុចប្រយោជន៍ឲ្យទៅសហជីពដែលស្និទ្ធនឹងថៅកែ ដែលអាចចុះបញ្ជីបានយ៉ាងលឿនជាមួយរដ្ឋាភិបាល ដែលដូចគ្នានឹង«ការធ្វើមីកញ្ចប់»។
នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី លោក Phil Robertson ថ្លែងជាភាសាអង់គ្លេសហើយត្រូវបានប្រែសម្រួលជាខេមរភាសាក្នុងអត្ថន័យដើមថា៖ «រដ្ឋាភិបាលកម្ពុជា និងថៅកែដែលគ្មានសីលធម៌ បានយកការឆ្លងរាតត្បាតជំងឺកូវីដ១៩មកធ្វើជាលេសដើម្បីរឹតត្បិតបន្ថែមទៀតលើសហជីពឯករាជ្យ ជំនួសឲ្យការការពារសុខុមាលភាព និងសិទ្ធិកម្មករនៅពេលដ៏លំបាកមួយ»។
លោកបន្ថែមថា៖ «ខណៈសិទ្ធិការងារនៅកម្ពុជាចុះខ្សោយទៅ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងដៃគូពាណិជ្ជកម្មឯទៀតគួរតែប្រើឥទ្ធិពល និងបង្កើនសម្ពាធលើរដ្ឋាភិបាលឲ្យគោរពតាមកាតព្វកិច្ចសិទ្ធិការងារផ្សេងៗ»។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានរកឃើញ និងកត់ត្រានូវការរំលោភសិទ្ធិរបស់កម្មករក្នុងការចុះបញ្ជី ការចងក្រង និងការចូលជាសមាជិកសហជីពឯករាជ្យនៅតាមបណ្តារោងចក្រ បនល្បែង ឬកាស៊ីណូ និងទីកន្លែងពាណិជ្ជកម្មផ្សេងៗទៀត។ ហើយមានករណីបណ្តេញចេញ និងការកាត់រំសាយ ការងារទ្រង់ទ្រាយធំចំនួន៥ករណីដែលមិនយុត្តិធម៌ សំដៅចំពោះមេដឹកនាំសហជីព និងសមាជិក សកម្មជន ដែលនេះវាបានបន្ថែមបញ្ហាដែលកម្ពុជាមានមកជាយូរមកហើយទាក់ទងដល់ការបំពានលើការងារសហជីព។
របាយការណ៍បានបង្ហាញត្រួសៗអំពីកូដកម្មដែលបានកើតឡើងនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្រោយក្រុមហ៊ុននេះកាត់បុគ្គលិកចេញពីការងារចំនួនជាង១៣០០នាក់។ អាជ្ញាធរបានចាត់ទុកថា ការធ្វើកូដកម្មដែលកំពុងបន្តនេះគឺខុសច្បាប់ និងបានប្រើវិធានការគម្លាតសង្គម និងវិធានការបង្ការការចម្លងជំងឺកូវីដ១៩ផ្សេងទៀត ជាទឡ្ហីករណ៍ដើម្បីបំបាត់សំឡេងកូដករ ហើយបានបង្ខាំងពួកគេ ដើម្បីធ្វើតេស្តជាបណ្តោះអាសន្ន។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍កញ្ញាឈឹម ស៊ីថរ ត្រូវបានស្រង់សម្តីក្នុងរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សខាងលើតាមន័យដើមថា៖ «បន្ទាប់ពីយើងបានផ្តើមធ្វើកូដកម្ម[ជំទាស់នឹងក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍] សហជីពក្លែងក្លាយ មួយរំពេចនោះ បានលេចឡើងមក ដែលយើងហៅថា ជាសហជីពមីកញ្ចប់ ដោយសារតែសហជីពនោះចុះបញ្ជីជាមួយក្រសួងការងារ [បណ្តុះបណ្តាល និងវិជ្ជាជីវៈ] បានយ៉ាងឆាប់រហ័សដូចឆុងមីកញ្ចប់ តែ២នាទីជាមួយទឹកមួយកែវ»។
កញ្ញាបន្ថែមថា៖ «កម្មករនៅណាហ្គាវើលដ៍មិនដឹង សូម្បីតែការបោះឆ្នោតជ្រើសរើសសហជីពនោះកើតឡើងពេលណា ហើយអ្នកណាបោះឆ្នោតឲ្យទេ»។
កញ្ញា ឈឹម ស៊ីថរ ត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមចំពោះការធ្វើកូដកម្មទាមទារឲ្យមានការយកចូលធ្វើការវិញនូវកម្មករចំនួន៣៦៥នាក់ដែលត្រូវបានបណ្តេញចេញពីការងារ និងទាមទារសំណងសមរម្យពីកាស៊ីណូណាហ្គាវើលដ៍។ កញ្ញាត្រូវបានឃុំខ្លួនបណ្តោះអាសន្នរង់ចាំការកាត់ទោសចំនួន៧៤ថ្ងៃ។ កញ្ញាត្រូវបានដោះលែងឲ្យបាននៅក្រៅឃុំជាបណ្តោះអាសន្ន ប៉ុន្តែការចោទប្រកាន់លើកញ្ញា គឺនៅដដែល។ នេះបើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស និងសកម្មជនសិទ្ធិមនុស្សក្នុងស្រុក។
កញ្ញាឈឹម ស៊ីថរ ប្រាប់វីអូអេបន្ថែមនៅថ្ងៃអង្គារនេះថា ការតស៊ូរបស់កូដករនៅក្រុមហ៊ុនណាហ្គាវើលដ៍គឺដើម្បីការពារមិនឲ្យមានការរើសអើងសហជីពបន្តទៀត នៅកន្លែងធ្វើការផ្សេងទៀតក្រៅពីក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ទីដែលកូដករកំពុងទាមទារឲ្យថៅកែក្រុមហ៊ុនគោរពសិទ្ធិសហជីព។
កញ្ញានិយាយថា៖ «ថ្ងៃក្រោយនៅពេលដែលមានវិបត្តិ ឬក៏មានបញ្ហាអី ឬក៏មិនថា ទោះបីអត់មានបញ្ហាអីក៏ដោយ ឲ្យតែថៅកែគាត់ថា គាត់មានបញ្ហា នោះគាត់អាចមានសិទ្ធិបញ្ឈប់សហជីព ហើយគាត់អាចជ្រើសរើស តែអ្នកសកម្មនៅក្នុងសហជីពដើម្បីបញ្ឈប់។ នេះគឺជាវិនាសកម្មមួយ សម្រាប់ខ្ញុំមើលឃើញថា ជាវិនាសកម្មសម្រាប់ចលនាសហជីពតែម្តង បើសិនជាករណីមួយនេះមិនដោះស្រាយ ដោយឲ្យនិយោជកណាហ្គាហ្នឹងត្រូវតែទទួលយកតំណាងសហជីព និងសមាជិកសហជីពដែលនៅសល់ជាង១០០នាក់ហ្នឹងចូលធ្វើការវិញ»។
ប្រតិកម្មទៅនឹងរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស(Human Rights Watch) រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ លើកឡើងថា អំឡុងពេលការរាតត្បាតជំងឺកូវីដ១៩ រាជរដ្ឋាភិបាលមិនត្រឹមតែបានខិតខំការពារសុខភាព អាយុជីវិត ការងារ និងផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិតនោះទេ គឺថែមទាំងផ្តល់អន្តរាគមន៍គាំពារ និងប្រាក់ឧបត្ថម្ភយ៉ាងច្រើនជូនកម្មករនិយោជិត ជាពិសេសក្នុងវិស័យដែលរងផលប៉ះពាល់ខ្លាំង។
លោកប្រាប់វីអូអេបន្ថែមថា ការរក្សាបាននូវការងារគឺបានជួយរក្សានូវសកម្មភាពសហជីព និងជីវភាពរស់នៅរបស់ថ្នាក់ដឹកនាំ និងសកម្មជនសហជីពគ្រប់ៗគ្នា។
លោកលើកឡើងតាមន័យដើមថា៖ «ដូច្នេះការលើកឡើងនៅក្នុងរបាយការណ៍របស់ HRW គឺប្រាសចាកពីការពិតជាក់ស្តែង ហើយសាធារណជនក៏មិនដែលយកចិត្តទុកដាក់លើរបាយការណ៍របស់អង្គការនេះនោះទេ ពីព្រោះអង្គការនេះតែងតែធ្វើរបាយការណ៍ដោយគ្មានវិជ្ជាជីវៈ និងមិនដែលបានពិនិត្យមើលលទ្ធផលរួម ឬប្រយោជន៍រួមរបស់យើងនោះទេ»។
ចំណែករដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន យល់ថា របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ជារឿយៗធ្វើឡើង ដោយភ្ជាប់ជាមួយរបៀបវារៈនយោបាយ និងការចងគំនុំជាមួយនឹងរដ្ឋាភិបាល។
លោកប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា៖ «ហើយគាត់អត់ដែលពិនិត្យទៅលើស្ថានភាព ទិដ្ឋភាពបច្ចេកទេស ទិដ្ឋភាពច្បាប់របស់កម្ពុជា និងទិដ្ឋភាពសិទ្ធិមនុស្ស។ គាត់អត់ដែលមើលទៅលើអាហ្នឹងទេ។ គាត់ធ្វើម៉េចចេញរបាយការណ៍ក្នុងលក្ខណៈមួយដែលជាគំនុំគុំកួន ហើយគាំទ្រដល់ក្រុមដែលមាននិន្នាការប្រឆាំងទៅនឹងរដ្ឋាភិបាល។ អាហ្នឹង គឺយើងដឹងគ្រប់គ្នា ទាំងអស់គ្នាហើយ។ សូម្បីក្នុងពេលកូវីដដែលយើងដាក់ចេញវិធានការសង្គ្រោះជីវិតប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋភាគច្រើនលើសលប់គាំទ្រទៅនឹងវិធានការហ្នឹង ក៏គាត់មិនគាំទ្រដែរ។ គាត់បែរជាទៅគាំទ្រតែក្រុមដែលមាននិន្នាការប្រឆាំងមួយក្រុមតូចនោះទៅវិញ»។
ក៏ប៉ុន្តែនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បង្ហាញក្តីបារម្ភអំពីការខាតប្រយោជន៍របស់កម្ពុជា ក្នុងវិស័យពាណិជ្ជកម្ម បើការរំលោភសិទ្ធិសហជីព និងការងារនៅតែបន្តមានក្នុងប្រទេសកម្ពុជានោះ។
លោកថ្លែងថា៖ «បើសិនជាកម្ពុជាយើងមានការកែលម្អឲ្យមានស្ថានភាពល្អប្រសើរចំពោះសហជីព យើងនឹងមានផលចំណេញច្រើន។ ផ្ទុយទៅវិញបើសិនជាបញ្ហាទាំងអស់ សហជីពឯករាជ្យត្រូវមានការរឹតត្បិត លម្ហសេរីភាពរបស់សហជីពហ្នឹងមានភាពរឹតត្បិត អាហ្នឹងយើងមានការព្រួយបារម្ភចំពោះការបាត់បង់នូវផលប្រយោជន៍ផ្សេងៗសម្រាប់កម្ពុជាយើង»។
បើតាមរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស សហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកស្ថិតក្នុងចំណោមប្រទេសដែលមានទីផ្សារធំជាងគេ ដែលកម្ពុជានាំចេញផលិតផលយកទៅលក់។ ប្រទេស នានា និងក្រុមប្រទេសទាំងបីនេះសុទ្ធតែមានកម្មវិធីអនុគ្រោះសម្រាប់បណ្តាប្រទេសមានប្រាក់ចំណូលទាបដូចជាប្រទេសកម្ពុជា តាមរយៈការផ្តល់នូវការអនុគ្រោះពន្ធ សម្រាប់ការនាំចូលទំនិញក្នុងអត្រាពន្ធទាប ឬមិនយកពន្ធទាំងស្រុង។ ប៉ុន្តែឋានៈអនុគ្រោះនេះក៏មានភ្ជាប់ទៅនឹងលក្ខខណ្ឌសិទ្ធិមនុស្សដែលបណ្តាប្រទេសទាំងនោះត្រូវអនុវត្ត មុនទទួលបានផលប្រយោជន៍នេះ។
កាលពីខែសីហា ឆ្នាំ២០២០ សហភាពអឺរ៉ុបបានព្យួរមួយផ្នែកនូវកម្មវិធីអនុគ្រោះផ្នែកពាណិជ្ជកម្ម «អ្វីៗទាំងអស់លើកលែងសព្វាវុធ» (EBA) របស់កម្ពុជា។ សហភាពអឺរ៉ុបបានសំអាងការព្យួរនេះលើរបកគំហើញរបស់ខ្លួនថា កម្ពុជាមានការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ និងសិទ្ធិការងារ។
ដោយឡែកសហរដ្ឋអាមេរិកបានរក្សាកម្មវិធីអនុគ្រោះពាណិជ្ជកម្មឈ្មោះប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់ខ្លួន។ កម្មវិធីនេះបានផុតកំណត់កាលពីចុងឆ្នាំ២០២០ ហើយរង់ចាំការបន្តក្រោមលក្ខខណ្ខតម្រូវឲ្យកម្ពុជាពិនិត្យមើលបទដ្ឋានពន្ធគយ និងការអនុម័តដោយស្ថាប័ននីតិបញ្ញត្តិសហរដ្ឋអាមេរិក។
កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ដោយសារកម្មវិធីអនុគ្រោះទូទៅសម្រាប់កម្ពុជាមិនទាន់បន្តឡើងវិញនៅឡើយ នោះ រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន (Joe Biden)បានប្រកាសថា តំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងធ្វើការប៉ាន់ប្រមាណឡើងវិញអំពីឋានៈអនុគ្រោះរបស់កម្ពុជា។
បើតាមរបាយការណ៍ដដែលរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ការពិនិត្យមើលឡើងវិញនេះនឹងត្រូវចាប់ផ្តើមពេលមានការអនុម័តឡើងវិញពីសភាសម្រាប់កម្មវិធីអនុគ្រោះទូទៅ ប៉ុន្តែមន្ត្រីរបស់តំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបានពិនិត្យយ៉ាងសកម្មអំពីកំណត់ត្រាសិទ្ធិមនុស្សរបស់កម្ពុជា និងបានធ្វើទស្សនកិច្ចមកកាន់កម្ពុជា កាលពីខែសីហា ឆ្នាំ២០២២៕