ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ថា​ ការ​គំរាមកំហែង​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​ គ្រោះថ្នាក់​ដល់​កំណើន​សេដ្ឋកិច្ច​អាមេរិក​


រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក ​អ្នកស្រី Janet Yellen ថ្លែង​អំឡុង​សន្និសីទ​កាសែត​នៅ​ក្នុង​កិច្ច​ប្រជុំ​ធនាគារពិភពលោកកាលពីថ្ងៃទី​១៦ មេសា ឆ្នាំ២០២៤។(Photo by SAUL LOEB / AFP)
រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក ​អ្នកស្រី Janet Yellen ថ្លែង​អំឡុង​សន្និសីទ​កាសែត​នៅ​ក្នុង​កិច្ច​ប្រជុំ​ធនាគារពិភពលោកកាលពីថ្ងៃទី​១៦ មេសា ឆ្នាំ២០២៤។(Photo by SAUL LOEB / AFP)

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក ​អ្នកស្រី Janet Yellen ​អះអាង​ថា​ លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ប្រេះស្រាំ​អាច​មាន​ឥទ្ធិពល​បំផ្លិចបំផ្លាញ​ដល់​សេដ្ឋកិច្ច​ ដែល​ជា​ថ្លែង​យោងដោយ​ប្រយោល​ចំអកដល់​លោក Donald Trump ។

អ្នកស្រី ​Yellen ​បាន​ថ្លែង​ដូចនេះនៅ​ថ្ងៃទី​៣​ ខែ​ឧសភា ​នៅ​រដ្ឋ Arizona​ ដោយ​ប្រើ​ទិន្នន័យ​សេដ្ឋកិច្ច​ដើម្បី​ផ្តល់​ជា​រូបភាព​អំពី​របៀប​ដែល​ការ​មិន​យកចិត្ត​ទុកដាក់​ចំពោះ​ដំណើរការ​ និង​ស្ថាប័ន​ប្រជាធិបតេយ្យ​របស់​អាមេរិក​អាច​បង្ក​ឱ្យ​មាន​ភាព​ជាប់គាំង​សេដ្ឋកិច្ច​អស់​ជាច្រើន​ទសវត្សរ៍។

ដោយ​បាន​ប្រកាន់​ជំហរ​ដ៏​កម្រ​មួយ​អំពី​ឆាក​នយោបាយ​ អ្នកស្រី​ Yellen មិន​និយាយ​ចំៗ​លើ​លោក Trump​ ដែល​គេ​សន្មត​ជា​បេក្ខជនប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​ទេ នៅ​ក្នុង​សុន្ទរកថា​របស់​អ្នកស្រី​នៅ​ឯ​វេទិកា Sedona ​របស់​វិទ្យាស្ថាន ​McCain​ ប៉ុន្តែ​អ្នកស្រី​បាន​ប្រាប់​ពី​សក្ដានុពល​នៃ​ផល​ប៉ះពាល់​របស់​អតីត​ប្រធានាធិបតី​ប្រសិន​បើ​លោក​ចូល​កាន់​តំណែង​នៅ​សេតវិមាន​ឡើង​វិញ។

សុន្ទរកថា​របស់​អ្នកស្រី​ទុក​ជា​ការព្រមាន​មួយ​សម្រាប់​មេដឹកនាំ​ធុរកិច្ច ​នានា​ដែល​អាច​មើល​រំលង​ការ​មិន​យក​ចិត្តទុក​ដាក់​របស់​លោក Trump ​ចំពោះ​បទដ្ឋាន​ប្រជាធិបតេយ្យ​ទំនើប​ ពីព្រោះ​ពួកគេ​ចូលចិត្ត​ចក្ខុវិស័យ​របស់​អតីត​ប្រធានាធិបតី​រូប​នេះ​ក្នុង​ការ​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ដោយ​ការ​បន្ថយ​ពន្ធ ​និង​លុបចោល​បទប្បញ្ញត្តិ។

អ្នកស្រី ​Yellen ​បាន​ទទួល​ស្គាល់​ថា ​លទ្ធិ​ប្រជាធិបតេយ្យ​ «ហាក់មិន​មែន​ដូចជាកន្លែង​ដែល​ត្រូវ​ថ្លែង​សម្រាប់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ទេ»​ ប៉ុន្តែ​អ្នកស្រី​បាន​បន្ថែម​ថា​ «លទ្ធិ​ប្រជាធិបតេយ្យ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​កសាង ​និង​ទ្រទ្រង់​សេដ្ឋកិច្ច​ដ៏​រឹងមាំ​មួយ»។

អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា៖ «ទឡ្ហីករណ៍​ដែល​ធ្វើឡើង​ដោយ​ពួក​ផ្តាច់ការ​ និង​អ្នកការពារ​របស់​ពួកគេ​ដែល​ថា​ការ​ទម្លាក់​ចោល​លទ្ធិ​ប្រជាធិបតេយ្យ​គឺជា​ដោះដូរ​ដោយ​យុត្តិធម៌​ ឬ​ថែមទាំង​ចាំបាច់​សម្រាប់​កំណើន​សេដ្ឋកិច្ច​គឺ​ជា​ការ​ខុស​ឆ្គង​យ៉ាង​ខ្លាំង» ។ អ្នកស្រី​បាន​ចង្អុល​ទៅ​ការសិក្សា​មួយ​ដែល​បង្ហាញ​ថា ​លទ្ធិ​ប្រជាធិបតេយ្យ​បង្កើន​ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់​ប្រហែល​២០%​ ក្នុង​រយៈពេល​វែង។

អ្នកស្រី ​Yellen ​បាន​លើកឡើង​ពី​ការ​បះបោរ​នៅ​ថ្ងៃ​ទី​៦​ ខែ​មករា​ ឆ្នាំ​២០២១​ ជា​ថ្ងៃ​ដែល​លទ្ធិ​ប្រជាធិបតេយ្យ​បាន​រង​ការ​គំរាមកំហែង​ថា​ «ពួក​កុប្បករ​ដែល​ជំរុញ​ដោយ​ការ​កុហក​បាន​វាយលុក​វិមាន​សភា​កាពីតូល»។ ​លោក​ Trump ​ដែល​បាន​អះអាង​ដោយ​មិន​ពិត​ថា ​ការបោះឆ្នោត​ឆ្នាំ​២០២០​ ត្រូវ​បាន​លួច​ពី​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ដើម្បី​ប្រែក្រឡាស់​ការ​បោះឆ្នោត​ ក្នុង​ចំណោម​សំណុំ​រឿង​ព្រហ្មទណ្ឌ​ចំនួន​បួន​ដែល​លោក​កំពុង​ប្រឈម​មុខ។ លោក​បដិសេធថា​មិន​បានប្រព្រឹត្ត​ខុស​ទេ។


ហើយ​ទោះបីជា​អ្នកស្រី​ Yellen ​មិន​បាន​លើក​យក​ការ​អត្ថាធិប្បាយ​របស់​លោក Trump​ ក៏ដោយ​ គឺ​លោក​បានបន្ត​ធ្វើ​ឱ្យ​ខូច​ដល់​ប្រពៃណី​នៃ​ការផ្ទេរ​អំណាច​ដោយ​សន្តិវិធី​នៅ​ពេល​ដែល​លោក​បាន​ថ្លែង​នៅ​ថ្ងៃទី១​ ខែ​ឧសភា ​ដោយលោក​បាន​បដិសេធ​មិនព្រម​សន្យា​ថា ​នឹងទទួល​យក​លទ្ធផលឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​នេះ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ កាសែត​ Milwaukee Journal-Sentinel ។

អ្នកស្រី ​Yellen ​ក៏​បាន​លើកឡើង​ពី​ការ​គំរាមកំហែង​ជា​សកល​ផ្សេង​ទៀត​ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ​ ដូចជា​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។

លោក​ Trump​ និង​អ្នក​ដែល​មាន​ទំនាក់ទំនង​ជាមួយ​លោក​និយាយ​ថា​ ពួកគេ​ចង់​ប្រមូល​ផ្តុំ​អំណាច​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការិយាល័យ​ពងក្រពើ(Oval Office) ឬ​សេតវិមាន​ ​រហូត​ដល់​អាច​ឱ្យលោកបើក​ការស៊ើបអង្កេត​ ដាក់បណ្តឹង ​និង​ការ​ពិន័យ​ផ្សេង​ទៀត​ដល់​បុគ្គល​ឬ​ក្រុមហ៊ុន​ណា​ដែល​ហ៊ាន​រំលង​លោក។ វិធីសាស្រ្ត​នោះ​អាច​ធ្វើ​ឱ្យ​ខូច​ដល់​នីតិរដ្ឋ​ ដែល​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ផ្អែក​លើ​ទីផ្សារ​របស់​អាមេរិក​មាន​ការ​រីក​ចម្រើន។

នៅ​ក្នុង​សុន្ទរកថា​ អ្នកស្រី​ Yellen​ បាន​ចង្អុល​ទៅ​ប្រទេស​ចិន​ថា​ ជា​ឧទាហរណ៍​គួរ​ប្រយ័ត្នប្រយែង​មួយ​ ហើយ​បាន​ព្រមាន​ថា ​ការ​រីកចម្រើន​នា​ពេល​អនាគត​របស់​ប្រទេស​នេះ​គឺ «មិន​មាន​ភាព​ជាក់លាក់​ពិត​ប្រាកដ​ឡើយ» ។ អ្នកស្រី​បាន​និយាយ​ថា ​អវត្តមាន​នៃ​សសរ​ស្តម្ភ​ប្រជាធិបតេយ្យ​មួយ​ចំនួន​នឹង​«បន្ត​បង្ក​បញ្ហា​ប្រឈម​ នៅ​ពេល​ដែល​ប្រទេស​ចិន​ស្វែងរក​ការ​ផ្លាស់ប្តូរ​ទៅ​កាន់​សេដ្ឋកិច្ច​ជឿនលឿន»។

សុន្ទរកថា​របស់​អ្នកស្រី​ Yellen ​កើតឡើង​នៅ​ពេល​ដែល​មាន​ការ​រំពឹង​ទុក​ថា​ ប្រសិន​បើ​លោក Trump ​ចូល​កាន់​តំណែង​នៅ​សេតវិមាន​ឡើង​វិញ​ លោក​អាច​នឹង​ដាក់​សម្ពាធ​នយោបាយ​លើ​ធនាគារ​កណ្តាល​សហព័ន្ធ​ដើម្បី​បន្ថយ​អត្រា​ការប្រាក់​គោល​របស់​ខ្លួន​ ដែល​កំពុង​នៅ​កម្រិត​ខ្ពស់បំផុត​ក្នុង​ពីរ​ទសវត្សរ៍​នេះ​គឺ​ប្រហែល​៥,៣% ។ ប្រធាន​ធនាគារ​កណ្តាល​លោក​ Jerome Powell ​នៅ​ថ្ងៃទី​១ ​ខែ​ឧសភា​ បាន​និយាយ​ថា​ ការ​ទទួល​បាន​ទំនុក​ចិត្ត​ដើម្បី​បន្ទាប​អត្រា​ការប្រាក់​ «នឹង​ចំណាយ​ពេល​យូរ​ជាង​ការ​រំពឹង​ទុក​ពី​មុន»។

អ្នកស្រី​ Yellen ​បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​ថា៖ «កាល​ពី​ខ្ញុំជា​ប្រធាន​នៃ​ធនាគារ​កណ្តាល​ ខ្ញុំបាន​ទទូច​ឱ្យ​មាន​ឯករាជ្យភាព​ និង​តម្លាភាព​របស់​ធនាគារ​កណ្តាល ពីព្រោះ​ខ្ញុំ​ជឿ​ថា​ វា​មាន​សារៈសំខាន់​សម្រាប់​ស្ថិរភាព​ហិរញ្ញវត្ថុ ​និង​កំណើន​សេដ្ឋកិច្ច។ ការស្រាវជ្រាវ​ថ្មីៗ​គឺ​ស្រប​នឹង​ជំនឿ​របស់​ខ្ញុំ​នោះ​គឺ​ វា​បាន​បង្ហាញ​ថា ​ឯករាជ្យភាព​របស់​ធនាគារ​កណ្តាល​កាន់តែ​ច្រើន​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ស្ថិរភាព​តម្លៃ​កាន់តែ​ច្រើន ​ដែលនេះ​រួមចំណែក​យ៉ាង​សំខាន់​ដល់​កំណើន​សេដ្ឋកិច្ចរយៈ​ពេល​វែង»។

អ្នកតំណាង​ម្នាក់​មកពី​យុទ្ធនាការ​ឃោសនា​របស់​លោក​ Trump​ មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ Associated Press ​ទេ។

សេដ្ឋវិទូ ​និង​អ្នក​សិក្សា​ឈានមុខ​គេ​ផ្សេង​ទៀត​ជំទាស់​នឹងការ​អះអាង​របស់​ក្រុម​អ្នក​នយោបាយ​ស្តាំនិយម​លើភាព​រឹងមាំ​នៃ​កំណើន​សេដ្ឋកិច្ច ​និង​សេរីភាព។

សេដ្ឋវិទូ​ដែល​ឈ្នះ​រង្វាន់​ណូបែល​ លោក ​Joseph Stiglitz ​ដែល​ជា​មិត្ត​របស់​អ្នកស្រី​ Yellen​ កាលពី​ខែ​មេសា ​បាន​បោះពុម្ព​សៀវភៅ​មួយ​ដែល​មាន​ចំណង​ជើង​ថា​ «ផ្លូវ​ទៅកាន់​សេរីភាព»។ លោក​ Stiglitz​ នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​បាន​និយាយ​ថា​ លោក​ Trump​ បាន​កេង​ចំណេញ​លើ​អសន្តិសុខ​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​បន្ទាប់​ពី​មាន​វិសមភាព​ជាច្រើន​ទសវត្សរ៍ ​និង​ការ​ធ្លាក់​ចុះ​នៃ​អ្នក​ដែល​មាន​ចំណូល​មធ្យម។

លោក​ Stiglitz ​បាន​និយាយ​ថា៖ «ស្ថានភាព​សេដ្ឋកិច្ច​គឺ​ជា​អ្វី​ដែល​បង្កើត​វាល​ដ៏​មាន​ជីជាតិ​សម្រាប់​ ​ការ​ធ្វើ​ប្រជាភិថុត។ ប្រសិន​បើ​ពួកគេ​មាន​អារម្មណ៍​ថា ​ប្រាក់​ចំណូល​របស់​ពួកគេ​កើន​ឡើង​ជាជាង​ធ្លាក់​ចុះ ​ខ្ញុំ​មិន​គិត​ថា​ពួកគេ​នឹង​ចាប់​អារម្មណ៍​នឹង​លោក​Trump នោះ​ទេ»។

នៅ​ក្នុង​ឯកសារ​មួយ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ពេល​ថ្មីៗ​នេះ​ អ្នកស្រី​ Vanessa Williamson​ អ្នកជំនាញ​ជាន់ខ្ពស់​នៅ​មជ្ឈមណ្ឌល​គោលនយោបាយ​ពន្ធ ​Urban-Brookings​ បាន​និយាយ​ថា​អាជីវកម្ម​គួរតែ​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​អំពី​នីតិរដ្ឋ ​និង​តម្លៃ​ប្រជាធិបតេយ្យ។

អ្នកស្រី​បាន​អះអាង​ថា ​ចាំបាច់​ត្រូវ​មាន​សមាគម​ធុរកិច្ច​ដែល​មិន​ប្រកាន់​បក្ស​ពួក​ខ្លាំង​ជាង​មុន​ ហើយ​នាយក​ប្រតិបត្តិ​ និង​នាយក​នានា​ត្រូវ​ដឹង​ឱ្យ​បាន​ច្បាស់​អំពី​របៀប​ដែល​ការ​ផ្លាស់ប្តូរ​ចេញ​ពី​លទ្ធិ​ប្រជាធិបតេយ្យ​អាច​ប៉ះពាល់​ដល់​ចំណូលរបស់​ពួកគេ។

អ្នកស្រី​បាន​និយាយ​ថា៖​ «មាន​ភស្តុតាង​ដែល​មិន​អាច​ប្រកែក​បាន​នៃ​ការខាត​បង់​សេដ្ឋកិច្ចពីការ​ធ្លាក់ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។ ការខាតបង់​ទាំងនេះ​រួមមាន​ ការ​ជាប់គាំង​ អស្ថិរភាព​គោលនយោបាយ ​បក្ខពួក​និយម​ ការខ្សោះ​ធនធាន​អ្នក​ចេះ​ដឹង​ និង​អំពើ​ហិង្សា»៕

ប្រែសម្រួល​ដោយ លោក ម៉ែន គឹមសេង

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG