ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ​Yellen ​ធ្វើទស្សនកិច្ច​ទៅ​ចិន​ដើម្បី​​ពិភាក្សា​ថ្នាក់​ខ្ពស់


រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក​អ្នកស្រី Janet Yellen (ឆ្វេង) ចាប់​ដៃ​ជាមួយ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ចិន លោក Nicolas Burns ​នៅ​ព្រលានយន្តហោះ Guangzhou Baiyun ក្នុង​ខេត្ត Guangdong ភាគ​ខាង​ត្បូង​ប្រទេស​ចិន កាលពី​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។
រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក​អ្នកស្រី Janet Yellen (ឆ្វេង) ចាប់​ដៃ​ជាមួយ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ចិន លោក Nicolas Burns ​នៅ​ព្រលានយន្តហោះ Guangzhou Baiyun ក្នុង​ខេត្ត Guangdong ភាគ​ខាង​ត្បូង​ប្រទេស​ចិន កាលពី​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក លោកស្រី Janet Yellen បាន​ថ្លែង​កាលពី​ថ្ងៃពុធ​ថា លោកស្រី​មិនច្រានចោល​ការចាត់វិធានការ​បន្ថែម ​ដើម្បី​ការពារ​ឧស្សាហកម្ម​ថាមពល​ស្អាត​របស់​សហរដ្ឋ​អាមេរិក ​ពី​ការប្រកួតប្រជែង​របស់​ចិន​ទេ។

លោកស្រី​បានថ្លែង​យ៉ាង​ដូច្នេះ ​ខណៈដែល​លោកស្រី​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន​ ដើម្បី​ធ្វើការ​ពិភាក្សា​ចំនួន​ជិត​មួយ​សប្តាហ៍​ ដែល​ផ្តោត​ទៅលើ​ការធ្វើឱ្យ​ទំនាក់ទំនង​ហិរញ្ញវត្ថុ និង ​សេដ្ឋកិច្ច រវាង​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំងពីរ​ក្នុង​ពិភពលោក កាន់តែ​មាន​ស្ថិរភាព ។

ក្នុងអំឡុងពេល​ឈប់សំចត​ដើម្បី​ឱ្យ​យន្តហោះ​ចាក់សាំង​នៅ​រដ្ឋ Alaska ​លោកស្រី​ Yellen ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​រដ្ឋបាល​លោក Biden ​ចង់គាំទ្រ​ការរីកចម្រើន​របស់​ឧស្សាហកម្ម​បន្ទះស្រូប​ថាមពល​ព្រះអាទិត្យ ​រថយន្ត​អគ្គិសនី ​និង ​អាគុយ។

លោកស្រី​មិនបាន​បញ្ជាក់​ថា​តើ​វិធានការ​ថ្មី​របស់​សហរដ្ឋ​អាមេរិក ​អាច​មាន​រួមទាំង​ការយក​ពន្ធគយ​ឬទេ។

លោកស្រី Yellen ​បានថ្លែង​នៅមុន​ទស្សនកិច្ច​របស់​លោកស្រី​ថា ​ការដែល​ចិន​ជួយ​ផ្គត់ផ្គង់​ឱស្សាហកម្ម​ថាមពល​ស្អាត ​ឱ្យ​ផលិត​ថាមពល​ច្រើន​លើសលប់​នោះ ​ធ្វើឱ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​និង​បុគ្គលិក​អាមេរិកាំង​ ព្រមទាំង​ក្រុមហ៊ុន​និង​បុគ្គលិក​នៅ​ជុំវិញ​ពិភពលោក។

នេះ​ជា​ទស្សនកិច្ច​ទី២​របស់​លោកស្រី Yellen ​ទៅកាន់​ប្រទេស​ចិន ​ហើយ​ទស្សនកិច្ច​នេះ​ធ្វើឡើង ​ក្រោយពី​លោក​ប្រធានាធិបតី​អាមេរិក Joe Biden ​និង​មេដឹកនាំ​ចិន ​លោក Xi Jinping ​បាន​សន្ទនាគ្នា​តាម​ទូរស័ព្ទ​ជាលើក​ដំបូង ​តាំងពី​ជំនួប​ក្នុង​ខែវិច្ឆិកា​ឆ្នាំមុន។ ទស្សនកិច្ច​នេះ​ថែមទាំង​កើតឡើង ​ខណៈដែល​ការត្រួតពិនិត្យ​មើល​សកម្មភាព​របស់​ចិន ​កើនឡើង​យ៉ាងខ្លាំង ​នៅមុន​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​សហរដ្ឋ​អាមេរិក ​និង​ខណៈដែល​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន ​រឹតបន្តឹង​ការហាម​មិនឱ្យលក់​ទំនិញ​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់ ​ទៅ​ប្រទេស​ចិន។

វីអូអេ​សេវា​ភាសាចិន​កុកងឺ​ចូលរួម​ផ្តល់​ព័ត៌មាន​ដល់​សេចក្តី​រាយការណ៍​នេះ។​

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters និង​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

XS
SM
MD
LG