រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោកស្រី Janet Yellen បានទៅដល់ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ និងស្ថិតនៅទីនោះជិតមួយសប្តាហ៍ដើម្បីជួបប្រជុំថ្នាក់ខ្ពស់ជាមួយមន្ត្រីចិននិងឧបនាយករដ្ឋមន្ត្រីចិនលោក He Lifeng ដែលមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់ចិន។
កិច្ចពិភាក្សាត្រូវគេរំពឹងថានឹងផ្តោតលើលំហូរផលិតផលថោកៗរបស់ចិនទៅក្នុងសហរដ្ឋអាមេរិក ជាពិសេស ទំនិញថាមពលស្អាត ដែលមានការជួយឧត្ថម្ភប្រាក់ដ៏ច្រើនពីរដ្ឋាភិបាលចិន។
អ្នកស្រី Yellen ផ្តើមទស្សនកិច្ចក្នុងទីក្រុង Guangzhou ដែលជាមជ្ឈមណ្ឌលរោងចក្រនៅភាគខាងត្បូងប្រទេសចិន និងបន្ទាប់មកនឹងបន្តដំណើរទៅកាន់រដ្ឋធានីប៉េកាំង។
ក្នុងទីក្រុង Guangzhou លោកស្រី Yellen នឹងជួបប្រជុំតុមូលជាមួយអ្នកជំនាញសេដ្ឋកិច្ច ដើម្បីពិភាក្សាលើការប្រឈមនិងឱកាសនានានៃសេដ្ឋកិច្ចចិន។ លោកស្រីក៏នឹងជួបប្រជុំផងដែរជាមួយមេដឹកនាំធុរកិច្ចអាមេរិកនិងអភិបាលខេត្ត Guangdong លោក Wang Weizhong។
នេះជាដំណើរទស្សនកិច្ចលើកទី២របស់លោកស្រីYellen ទៅកាន់ប្រទេសចិន និងបានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden និងមេដឹកនាំចិនលោកXi Jinping បានជួបពិភាក្សាគ្នាតាមទូរស័ព្ទក្នុងសប្តាហ៍នេះជាលើកដំបូង ចាប់តាំងពីកិច្ចប្រជុំក្នុងខែវិច្ឆិកាមក។
ដំណើរទស្សនកិច្ចនេះក៏កើតមានឡើងផងដែរ ខណៈការប្រុងប្រយ័ត្នទៅលើរដ្ឋាភិបាលក្រុងប៉េកាំងមានការកើនឡើងខ្ពស់ នៅមុនពេលបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងពេលខាងមុខ ហើយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក៏កំពុងរឹតបន្តឹងការលក់ទំនិញអាមេរិកដែលមានបច្ចេកវិទ្យាខ្ពស់ទៅឱ្យចិនផងដែរ៕
វេទិកាបញ្ចេញមតិ