ដោយទើបទទួលបានជោគជ័យថ្មីៗពីការបង្កើតតំបន់ពាណិជ្ជកម្មសេរីធំជាងគេបំផុតនៅលើពិភពលោក ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) នឹងស្ថិតនៅក្នុងចំណោមវាគ្មិននៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនៅថ្ងៃព្រហស្បតិ៍នេះ ដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានសម្រេចចិត្តមិនចូលរួម។ នេះបើយោងតាមរបាយការណ៍របស់ Reuters។
កាលពីសប្តាហ៍មុន ប្រទេសចំនួន១៥ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ហៅកាត់ថា RCEP ហើយកិច្ចព្រមព្រៀងគាំទ្រដោយប្រទេសចិននេះដែលមិនរាប់បញ្ចូលសហរដ្ឋអាមេរិកនោះ នឹងជាប្រធានបទយ៉ាងសំខាន់នៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC ដែលរៀបចំឡើងដោយប្រទេសម៉ាឡេស៊ី។
សមាជិកជាង១០នាក់នៃសមាជិក២១នាក់របស់ APEC បានចុះកិច្ចព្រមព្រៀង RCEP។ អវត្តមានរបស់លោកត្រាំកើតឡើងបន្ទាប់ពីលោកត្រូវបានព្យាករណ៍ថា បរាជ័យនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីថ្ងៃទី៣ ខែវិច្ឆិកា តែទោះបីជាយ៉ាងណាលោកមិនទាន់បានទទួលស្គាល់និងមិនបានចាប់ផ្តើមផ្ទេរអំណាចរដ្ឋាភិបាលទៅឲ្យប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន (Joe Biden) ទេ។
កិច្ចប្រជុំកំពូល APEC តែមួយគត់ដែលលោកត្រាំបានចូលរួមគឺកិច្ចប្រជុំរៀបចំដោយប្រទេសវៀតណាមក្នុងឆ្នាំ២០១៧។ សហរដ្ឋអាមេរិកមិនទាន់បានប្រកាសឈ្មោះប្រធានគណៈប្រតិភូសម្រាប់កិច្ចប្រជុំកំពូលនេះទេ ទោះជា លោក Stephen Biegun អនុរដ្ឋមន្ត្រីការបរទេសបានចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី APEC កាលពីថ្ងៃច័ន្ទក៏ដោយ។
រដ្ឋមន្ត្រីពាណិជ្ជកម្មម៉ាឡេស៊ីលោក Azmin Ali បានទទួលស្គាល់កាលពីថ្ងៃអង្គារថា រដ្ឋជាសមាជិកមានការខ្វែងគំនិតគ្នាអំពី «កម្រិតនៃមហិច្ឆតា» សម្រាប់ចក្ខុវិស័យនិងវិធីសាស្រ្តរបស់ APEC ស្តីពីការធ្វើសមាហរណកម្មពាណិជ្ជកម្មនិងសេដ្ឋកិច្ចពហុភាគី។
ប្រទេសចិនមានគោលជំហរផ្ទុយពីគេទាក់ទងនឹងពាណិជ្ជកម្មនិងការវិនិយោគ។ លោក ស៊ី ជីនពីង និងមេដឹកនាំសមាជិក APEC ផ្សេងទៀតគ្រោងនឹងថ្លែងនៅឯសន្និសីទសម្រាប់មេដឹកនាំដែលចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ នៅមុនកិច្ចប្រជុំកំពូលនៅថ្ងៃសុក្រ៕