ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការស្ទង់មតិ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew បង្ហាញ​ថា កេរ្តិ៍ឈ្មោះ​អាមេរិក​លើ​ឆាក​អន្តរជាតិ​ធ្លាក់ចុះ​ ក្រោម​ការដឹកនាំ​របស់​លោក Trump


លោក​ប្រធានាធិបតី Donald Trump ថ្លែង​​អំពី​យុទ្ធសាស្រ្ត​ធ្វើតេស្ត​រក​ជំងឺ​កូវីដ១៩ ដែល​បាន​ធ្វើឡើង​នៅ​សួន​កុលាប​នៃ​សេតវិមាន កាលពី​ថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
លោក​ប្រធានាធិបតី Donald Trump ថ្លែង​​អំពី​យុទ្ធសាស្រ្ត​ធ្វើតេស្ត​រក​ជំងឺ​កូវីដ១៩ ដែល​បាន​ធ្វើឡើង​នៅ​សួន​កុលាប​នៃ​សេតវិមាន កាលពី​ថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ការ​ស្ទង់​មតិ​នោះ​ ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា​ ការ​ចុះ​ខ្សោយ​នៃ​កេរ្តិ៍ឈ្មោះ​អាមេរិក​នៅ​លើ​ឆាក​អន្តរ​ជាតិ​​​​ ​ក្នុង​ចំណោម​សម្ព័ន្ធមិត្ត​របស់​អាមេរិក​និង​ដៃគូរ​នោះ គឺ​​ពាក់​ព័ន្ធ​ទៅ​នឹង​ចំណាត់​ការ​របស់​ខ្លួន​ទាក់​ទង​នឹង​វិបត្តិ​វីរុសកូរ៉ូណា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។​

កេរ្តិ៍ឈ្មោះ​សហរដ្ឋ​អាមេរិកជា​ប្រទេស​មហា​អំណាច​ពិភព​លោក​ ត្រូវ​បានចុះ​ថយ​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី Donald Trump ចាប់​តាំង​ពី​លោកត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​ក្នុង​ឆ្នាំ​២០១៦​មក​ នេះបើ​តាម​ការ​ឲ្យ​ដឹង​របស់​មជ្ឈម​ណ្ឌល​ស្រាវ​ជ្រាវ​ Pew ដែល​មិន​ប្រកាន់​គណបក្ស។

តាម​ការ​ស្ទង់​មតិ​មួយ​ដែល​មាន​ប្រទេស​ចំនួន១៣​ចូលរួម ហើយ​ដែល​បានធ្វើ​ឡើង​ដោយមជ្ឈ​មណ្ឌលស្រាវ​ជ្រាវអាមេរិក ​Pew បាន​រក​ឃើញ​ថា​ មានអ្នក​ឆ្លើយ​តប​ក្នុងការ​ស្ទង់មតិ​ក្នុង​ប្រទេស​អង់គ្លេស ចំនួន​តែ​៤១%​ ប៉ុណ្ណោះ​ ដែល​មាន​ទស្សនៈគាំ​ទ្រ​សហរដ្ឋ​អាមេរិក ដែល​នេះ​ ជា​ចំនួន​ភាគរយ​គាំទ្រ​ដ៏តិច​បំផុត​ បើ​ប្រៀប​ធៀប​ជា​មួយ​ការស្ទង់​មតិ​មុនៗ​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ ដែលធ្វើ​ឡើង​ដោយ​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ Pew របស់​អាមេរិក​នេះ។

ដោយ​ឡែក​នៅ​ក្នុង​ប្រទេស​បារាំង​វិញ​ មានពលរដ្ឋ​បារាំង​ប្រមាណ​តែ​៣១%​ ប៉ុណ្ណោះ​ដែល​បាន​ឆ្លើយ​គាំទ្រ​សហរដ្ឋ​អាមេរិក​ ដែល​ចំនួន​នេះ​ គឺ​ប្រហាក់​ប្រហែល​នឹងលទ្ធផល​នៃ​ការ​ស្ទង់​មតិ​កាលពី​ខែ​មីនា ​ឆ្នាំ​២០០៣ ​ដែរ​ ដែល​កាល​នោះប្រទេស​ទាំង​ពីរ​មាន​ភាព​តាន​តឹង​ជា​មួយ​គ្នា​ ជុំ​វិញ​សង្គ្រាមនៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​នៅ​ពេល​នោះ​ នេះ​បើ​យោង​ទៅ​លើ​លទ្ធផល​នៃ​ការស្ទង់​មតិរបស់​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ Pew។

ការ​ស្ទង់​មតិ​នោះ​ ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា​ ការ​ចុះ​ខ្សោយ​នៃ​កេរ្តិ៍ឈ្មោះ​អាមេរិក​នៅ​លើ​ឆាក​អន្តរ​ជាតិ ​ក្នុង​ចំណោម​សម្ព័ន្ធមិត្ត​របស់​អាមេរិក​និង​ដៃគូរ​នោះ គឺពាក់​ព័ន្ធ​ទៅ​នឹង​ចំណាត់​ការ​របស់​ខ្លួន​ទាក់​ទង​នឹង​វិបត្តិ​វីរុសកូរ៉ូណា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។​ មាន​ប្រទេស​ចំនួន​តែ​១៥% ប៉ុណ្ណោះ​ ដែល​បាន​ចូល​រួម​ក្នុង​ការស្ទង់​មតិ​នេះ​ ដែលឆ្លើយ​គាំទ្រ ​និង​ផ្តល់​ពិន្ទុ​ល្អ​ដល់​ចំណាត់​ការ​ ជុំ​វិញ​រឿង​ជំងឺ​រាតត្បាត​កូវីដ​១៩នោះ។

ប្រទេសភាគ​ច្រើន​និយាយ​ថា ​អង្គការ​សុខភាព​ពិភព​លោក​និង​សហភាព​អឺរ៉ុប​ ​ធ្វើ​ការ​ងារ​បានល្អ​ប្រសើ​រ​ក្នុង​ការ​ទប់​ស្កាត់​ការ​រាត​ត្បាត​នៃ​ជំងឺ​ឆ្លង​នេះ​។​ ស្ទើរ​តែ​គ្រប់​ប្រទេស​ទាំង​អស់​ លើក​លែង​តែសហរដ្ឋ​អាមេរិក​ និង​ប្រទេស​អង់គ្លេស​ចេញ បាន​ផ្តល់​ពិន្ទុ​វិជ្ជមាន​ដល់​រដ្ឋាភិបាលរបស់​គេ ក្នុង​ការ​ទប់​ស្កាត់ការផ្ទុះ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩នោះ។

ទោះ​បី​ជា​មានប្រទេស​តិច​តួច​ប៉ុណ្ណោះ​ ដែល​ជឿ​ជាក់​ថា​ ប្រទេស​ចិន​ បាន​ធ្វើ​ការ​ងារ​ដោយ​ប្រសិទ្ធិភាពក្នុង​ការ​ទប់​ស្កាត់​នៃ​ជំងឺ​ឆ្លង​រាត​ត្បាត​នេះ ប្រទេស​ចិន​នៅ​តែទទួល​បាន​ពិន្ទុ​ប្រសើរ​ជាងប្រទេសអាមេរិក។

ការ​បំពេញ​ការ​ងារ​របស់​លោក ​ត្រាំ​ នៅ​លើ​ឆាក​អន្តរជាតិ​ នៅ​តែ​ស្ថិត​ក្នុង​កំរិត​ទាប​ចាប់​តាំ​ពី​លោក​ចូល​កាន់​តំណែង​ជា​ប្រធានា​ធិបតី​អាមេរិក​ ក្នុង​ឆ្នាំ​២០១៦​មក​ នេះ​បើ​យោង​តាម​ការ​ស្ទង់​មតិ​នោះ។​ ប្រទេស​ប៊ែល​ហ្សិក បាន​វាយ​តម្លៃលោក​ត្រាំ​ក្នុងន័យ​អវិជ្ជមាន​ខ្លាំង ដោយ​មាន​សំឡេង​តែ​៩% ​ប៉ុណ្ណោះ​ ​ដែលផ្តល់​ជំនឿ​ចិត្ត​ថា​ លោក​ ត្រាំ​ នឹង​ធ្វើ​អ្វីដែល​ជា​ការត្រូវ នៅ​ពេលស​ម្រេចកិច្ច​ការពិភព​លោក​នោះ។ ប្រទេ​ស​ជប៉ុន បាន​វាយ​តម្លៃ​លោក​ត្រាំ​ក្នុង​ពិន្ទុ​ខ្ពស់​បំផុត​ ដោយ​១ភាគ៤​ នៃ​អ្នក​ចូល​រួម​ឆ្លើយ​សំណួរ​ បាន​បង្ហាញពី​ជំនឿ​ចិត្ត​លើ​លោក​ត្រាំ។

ឥរិយាបទ​របស់​ប្រទេសលើ​ពិភព​លោកចំពោះ​លោក​ ត្រាំ​ ​តែង​តែ​មាន​លក្ខណៈទាបជាង​ បើ​ប្រៀប​ធៀប​នឹង​អតី​ត​ប្រធានាធិបតី​ លោក Barack Obama ជា​ពិសេសក្នុង​តំបន់​ប្រទេស​អឺរ៉ុប​ខាង​លិច​ នេះ​បើ​តាមលទ្ធ​ផល​នៃ​ការ​ស្ទង់​មិតិ​នោះ។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ ត្រាំ​ ត្រូវបាន​គេមើល​ឃើញ​ថា មាន​ការ​ចូលចិត្ត​ច្រើនក្នុង​ចំណោម​ពលរដ្ឋ​អឺរ៉ុប​ ដែល​មាន​ទស្សនៈ​ប្រកាន់​គណបក្សស្តាំ​និយម។ ទោះ​ជា​ដូច​នេះក្តី ​ទំនុក​ចិត្ត​ដែលគេ​មាន​ចំពោះ​លោក​ត្រាំក៏​នៅតែមាន​លក្ខណៈ​ទាបនៅ​ឡើយ​ ក្នុង​ចំណោម​ក្រុម​ទាំង​អស់ នេះ​បើ​យោង​ទៅ​លើការរក​ឃើញ​នៃ​ការ​ស្ទង់​មតិនោះ។ មជ្ឈមណ្ឌលស្រាវជ្រាវ​ Pew​ កត់​សម្គាល់​ឃើញ​ថា ​អ្នក​ជិតស្និទ្ធ​នឹង​គណបក្ស Vox ក្នុង​ប្រទេស​អេស្ប៉ាញ​ចំនួន​៤៥% មាន​ភាព​ជឿ​ជាក់​លើសមត្ថភាព​ដឹក​នាំ​របស់​លោក​ត្រាំ​ ក្នុង​ការ​ចាត់​ចែង​បញ្ហា​ពិភព​លោក​ ដែល​ចំនួន​នេះ គឺ​ខ្ពស់​ជាង​៧%​ នៃ​ចំនួន​ពលរដ្ឋ​អេស្ប៉ាញ​ទូទៅ ដែល​មិន​គាំ​ទ្រ​គណបក្ស Vox នោះ។

លោក​ត្រាំមាន​ចំណាត់​ថ្នាក់ចុង​ក្រោយ​គេ​ បើ​ប្រៀប​ធៀប​ជា​មួយមេ​ដឹក​នាំ​ពិភព​លោកចំនួន​៦​នាក់ នៅ​ក្នុងការ​ស្ទង់​មិតិ​នោះ។ អ្នក​ឆ្លើយ​តប​ចំនួន​៨៣% និយាយ​ថា​ ពួក​គេ​មិនមាន​ទំនុក​ចិត្ត​ដែល​ថា ​លោក​ត្រាំ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ល្អ​ទាក់​ទងនឹងកិច្ច​ការ​ពិភព​លោក​នោះ​ ដែល​ចំនួន​នេះ​ គឺ​ខ្ពស់​ជាង​ប្រធានាធិបតី​ចិនលោក ​Xi Jinping​ ​ដែល​មាន​ការ​មិនទុក​ចិត្ត​ចំនួន​៧៨% ហើយ​លោក​ប្រធានាធិបតី​រុស្សី Vladimir Putin មាន​ការមិន​ទុក​ចិត្ត​លោក​ប្រមាណ​៧៣%។

សេតវិមាន​មិន​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ ទៅ​នឹងលទ្ធផល​នៃ​ការ​ស្ទង់​មតិនោះ​ទេ​ ប៉ុន្តែ​លោក​ ត្រាំ​ ​នៅ​តែ​ប្រកាន់​ជំហរ​ថា​ លោក​ធ្វើ​ការ​ងារ​បាន​ល្អ​ ក្នុងការ​ទប់​ទល់​វិបត្តិ​វីរុស​កូរ៉ូណា​។ ទោះ​បីជា​លោក​អះ​អាង​យ៉ាង​នេះ​ក្តី សហរដ្ឋ​អាមេរិក​ នៅ​តែស្ថិត​នៅជា​ប្រទេស​នាំ​មុខ​គេ​ដែល​មាន​អ្នក​ឆ្លង​និង​អ្នក​ស្លាប់ច្រើន​ជាង​គេ​បំផុត​ដោយសារ​ជំងឺ​កូវីដ​១៩​ ​ក្នុង​ចំណោមប្រទេស​នានា​នៅ​លើ​ពិភព​លោក។

ក្នុង​អំឡុង​ពេល​នៃ​សន្និសីទ​សារព័ត៌មាននៅសេតវិមាន​កាល​ពីខែ​មុន​ លោក​ត្រាំ​ថ្លែង​ក្នុង​សម្តី​ដើម​ថា​៖

​«នៅ​ពេល​ដែល​អ្នក​មើល​ការ​ងារ​ដែល​យើង​បាន​ធ្វើ​ ហើយ​ប្រៀប​ធៀប​ទៅ​ប្រទេសដ៏ទៃ​ គឺ​យើង​ធ្វើ​ការ​ងារ​បាន​ល្អ​ណាស់»។

លោក​ ត្រាំ​ ក៏​បាន​លើក​ឡើង​ផង​ដែរនៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​នោះ​ថា សហរដ្ឋអាមេរិក​ មិន​បាន​ទទួល​រង​ផល​ប៉ះ​ពាល់ខ្លាំង​ក្លា​ ដោយ​សា​រ​វីរុស​កូរ៉ូណានោះ​ទេ​ បើ​ប្រៀប​ធៀប​ជា​មួយប្រទេស​ដទៃ​ទៀត​នោះ។

លោក​ ត្រាំ​ បន្ថែមក្នុង​សម្តី​ដើម​ទៀត​ថា​ «យើង​ធ្វើ​ការ​នេះ​បាន​ល្អ​ ហើយ​លើសពីនេះ​ទៅទៀត​ បើ​អ្នកមើល​តួលេខ​វិញ​ គឺ​ថា យើង​ទទួល​រង​ការ​ប៉ះ​ពាល់​តិច​ជា​ង​ប្រទេស​ដទៃ។

ក្នុង​បទ​សម្ភាសន៍​មួយ​នាពេល​ថ្មី​ៗ​នេះ​ ជាមួយ​គេហ​ទំព័រ​ព័ត៌មាន Axios​ លោក​ ត្រាំលើក​ឡើង​ថា​ សហរដ្ឋ​អាមេរិក​ ធ្វើ​ការ​ងារ​បាន​ល្អ ហើយ​អស្ចារ្យ​ក្នុង​ការ​គ្រប់​គ្រងការ​រាត​ត្បាត​នៃ​ជំងឺ​ឆ្លង​នេះ។

លទ្ធផល​រក​ឃើញ​តាម​រយៈ​ការ​ស្ទង់​មតិ​របស់​មជ្ឈម​ណ្ឌល​ស្រាវ​ជ្រាវ Pew គឺ​ផ្អែក​លើ​អ្នក​ឆ្លើយ​តប​ចំនួន ​១៣.២៧៣​ នាក់​ ដែល​បាន​ធ្វើ​ឡើងក្នុង​អំឡុង​ពេល​រវាង​ពី​ថ្ងៃ​ទី​១០​ខែ​មិថុនា ដល់​ថ្ងៃទី​៣ ​ខែ​សីហា។​ អ្នក​ឆ្លើយ​តប​ទាំង​នោះ​រស់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ ប៊ែលហ្សិក​ កាណាដា​ ​ ដាណឺម៉ាក បារាំង​ អាល្លឺម៉ង់​ អ៊ីតាលី ជប៉ុន ហូឡង់​ កូរ៉េ​ខាង​ត្បូង អេស៉្បាញ ស៊ុយអែត និង​អង់គ្លេស។ ​សហរដ្ឋ​អាមេរិក​ មិន​ត្រូវ​បានបញ្ជូល​ក្នុង​ការ​ស្ទង់​មតិ​នោះ​ទេ៕

ប្រែសម្រួល​ដោយ​លោក ជ្រា វណ្ណារិទ្ធ

XS
SM
MD
LG