ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយថា ប្រទេសចិនត្រូវតែមានគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច «សកម្មជាមុនបន្ថែមទៀត» សម្រាប់ឆ្នាំ ២០២៥។ លោកលើកឡើងដូច្នេះនៅពេលលោកថ្លែងទៅកាន់គណៈកម្មាធិការប្រឹក្សាយោបល់នយោបាយកាលពីថ្ងៃអង្គារដែលជាថ្ងៃដំណាច់ឆ្នាំ ២០២៤។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ប្រទេសចិនបានប្រឹងប្រែងយ៉ាងលំបាកនៅឆ្នាំ ២០២៤ ដើម្បីឡើងឲ្យផុតពីការធ្លាក់ចុះសេដ្ឋកិច្ច ដែលការធ្លាក់ចុះនេះត្រូវបានជំរុញបន្ថែមដោយវិបត្តិទីផ្សារអចលនទ្រព្យ ការប្រើប្រាស់ធ្លាក់ចុះ និងបំណុលរដ្ឋាភិបាលកើនឡើង។
រដ្ឋាភិបាលចិនបានបង្ហាញនូវវិធានការខ្លាំងក្លាជាច្រើនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះដើម្បីជំរុញការរីកចម្រើនសេដ្ឋកិច្ច ដែលក្នុងនោះមានដូចជាការកាត់បន្ថយអត្រាការប្រាក់ ការលុបចោលលក្ខខណ្ឌរឹតត្បិតលើការទិញផ្ទះ និងការបន្ធូរបន្ថយសម្ពាធបំណុលលើរដ្ឋបាលមូលដ្ឋានជាដើម។
ប៉ុន្តែ សេដ្ឋវិទូនានាបានព្រមានថាវិធានការជម្រុលហិរញ្ញវត្ថុដោយផ្ទាល់បន្ថែមទៀតក្នុងបំណងបង្កើនការប្រើប្រាស់ក្នុងស្រុកគឺត្រូវការចាំបាច់ដើម្បីស្ដារសេដ្ឋកិច្ចចិនឲ្យបានពេញលេញឡើងវិញ។
ទូរទស្សន៍ CCTV របស់ចិនបានស្រង់សម្ដីរបស់លោក Xi ដែលបានប្រាប់គណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សាយោបល់នយោបាយរបស់ប្រជាជនចិននៅក្នុងពិធីជប់លៀងពិសារតែថ្ងៃចូលឆ្នាំថ្មីថា៖ «យើងត្រូវតែ...កែទម្រង់ឲ្យបានស៊ីជម្រៅគ្រប់ជ្រុងជ្រោយបន្ថែមទៀត ពង្រីកការបើកចំហកម្រិតខ្ពស់ សម្របសម្រួលឲ្យបានប្រសើរជាងមុននូវការអភិវឌ្ឍនិងសន្តិសុខ និងអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចសកម្មជាមុននិងមានប្រសិទ្ធភាពបន្ថែមទៀត»។
រដ្ឋាភិបាលចិនមានបំណងសម្រេចឲ្យបាននូវគោលដៅកំណើនសេដ្ឋកិច្ចថ្នាក់ជាតិផ្លូវការនៅឆ្នាំ ២០២៤ ចំនួនប្រហែល ៥%។ មន្ត្រីរដ្ឋាភិបាលចិនបង្ហាញជំនឿជឿជាក់ថានឹងសម្រេចបាននូវគោលបំណងនេះ ប៉ុន្តែសេដ្ឋវិទូជាច្រើនជឿថាការរីកចម្រើនពិតប្រាកដនឹងខុសពីគោលដៅកំណត់នេះតិចតួច៕
ទីក្រុងប៉េកាំង ប្រទេសចិន —