ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​កំពូល​ចិន​សន្យា​គាំទ្រ​អ្នក​ប្រើប្រាស់​ទំនិញ​និង​ធ្វើ​ឱ្យ​ប្រសើ​រឡើង​នូវ​ទំនុកចិត្ត​ក្នុង​សេដ្ឋកិច្ច​រីកចម្រើន​យឺតយ៉ាវ​របស់​ខ្លួន


បុរស​ម្នាក់​កាន់​កញ្ចប់អាហារ​នៅ​ខាងមុខ​ភោជនីយដ្ឋានកាលពីថ្ងៃទី​២៤ ថ្នូ ឆ្នាំ២០២៣។
បុរស​ម្នាក់​កាន់​កញ្ចប់អាហារ​នៅ​ខាងមុខ​ភោជនីយដ្ឋានកាលពីថ្ងៃទី​២៤ ថ្នូ ឆ្នាំ២០២៣។

ការិយាល័យ​ដ៏​មាន​អំណាច​របស់​ចិន​បាន​ផ្តល់​ការគាំទ្រ​យុទ្ធសាស្ត្រ​រយៈពេល​យូរ​របស់​គណបក្ស​កុម្មុយនីស្ត​ចិន សម្រាប់​ការរីកលូត​លាស់​សេដ្ឋកិច្ច​ដោយ​ការលើក​ទឹកចិត្តឱ្យ​អ្នកប្រើប្រាស់​ទំនិញ​ចំណាយ​ថវិកា​កាន់តែ​ច្រើន​ឡើង​ហើយ​នឹងដកចេញ​នូវ​ក្រុមហ៊ុន​គ្មាន​ផលិតភាព​ដើម្បី​លើក​ស្ទួយ​«ការរស់​ឡើង​វិញ​នៃ​គុណភាព»។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃទី៣០ ខែ​កក្កដា បន្ទាប់ពី​ជំនួប​របស់​មេដឹកនាំ​ជាន់​ខ្ពស់​បំផុត​២៤​រូប​បាន​ព្រមាន​ថា​ប៉ុន្មាន​ខែ​ខាង​មុខ​នឹង​ក្លាយ​ជា​ការលំបាក​មួយ ​ដោយ​ប្រហែល​និយាយ​បញ្ឆៀង​ដល់​ការកើនឡើង​នៃ​ភាពមិនប្រាកដ​ប្រជា​របស់​សាកលលោក​មុនពេល​ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ខែ​វិច្ឆិកា។

សេចក្តីថ្លែងការណ៍​បាន​និយាយ​ទៀត​ថា៖​«នៅ​មាន​ហានិភ័យ​ជាច្រើន​និង​គ្រោះថ្នាក់​លាក់មុខ​នៅ​ក្នុង​វិស័យ​ជា​ច្រើន»។ សេចក្តីថ្លែងការណ៍​នោះ​បន្ថែម​ទៀត​ថា​ការងារ​សម្រាប់​កំណែ​ទម្រង់​និង​ស្ថិរភាព​ក្នុង​រយៈពេល​៦​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​នេះ​មាន«ភាព​ធ្ងន់​ធ្ងរ​ខ្លាំង​ណាស់»។

ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​បាន​សន្យា​ចាត់​វិធានការ​មិន​ជាក់លាក់​ដើម្បី​ស្តារ​ឡើង​វិញ​នូវ​ទំនុកចិត្ត​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​ហើយ​នឹង​ជំរុញ​ការចំណាយ​របស់​រដ្ឋាភិបាល បញ្ចេញ​អាទិភាព​ដែល​ត្រូវ​បាន​លាតត្រដាង​ដោយ​ជំនួប​កាន់តែ​ធំ​ឡើង​នៃ​សមាជិក​ជាន់​ខ្ពស់​របស់​គណបក្ស​កាលពី​ដើម​ខែ​កក្កដា។

បន្ទាប់​ពី​ជំនួប​នោះ ធនាគារ​កណ្តាល​របស់​ចិន​បាន​កាត់​អត្រា​ការប្រាក់​សំខាន់ៗជា​ច្រើន​លើក​ហើយ​រដ្ឋាភិបាល​បាន​បង្កើន​ទ្វេដង​នូវ​ប្រាក់​ជួយ​ឧបត្ថម្ភ​សម្រាប់​រថយន្ត​អគ្គិសនី​ដែល​ត្រូវ​ទិញ​ដើម្បី​ជំនួស​រថយន្ត​ចាស់ៗ​ដែល​ជា​ផ្នែក​មួយ​នៃ​ការខំប្រឹងប្រែង​ដើម្បី​ជំរុញ​ការរីកចម្រើន។

ការអំពាវនាវ​របស់​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​ឱ្យ​គិតគូរ​ក្រុម​ពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម​ឆ្លុះ​បញ្ចាំង​ពី​ការសន្យា​ដើម្បី​ស្ថាបនា​បណ្តាញ​សុវត្ថិភាព​សង្គម​កាន់តែ​ខ្លាំង​ឡើង​ដើម្បី​អាច​ឱ្យ​ក្រុម​គ្រួសារ​ចំណាយ​កាន់តែ​ច្រើន​ឡើង​ជាជាង​ទុកប្រាក់​មិន​ចំណាយ​ដើម្បី​ផ្តល់​ការថែទាំ​សុខភាព​និង​ការថែទាំ​មនុស្ស​ចាស់ៗ។ ក៏ប៉ុន្តែ ការអំពាវនាវ​នោះ​មិន​បាន​ផ្តល់​ភាព​ជាក់លាក់​ថា​តើ​គេ​នឹង​ធ្វើ​យ៉ាង​ដូចម្តេច​ទេ។

លោក Julian Evans-Pritchard​ នៃ​ក្រុមហ៊ុន Capital Economics បាន​និយាយ​នៅ​ក្នុង​អត្ថាធិប្បាយ​ថា៖​«នេះ​ជា​ការសន្យាមួយ​នៅលើ​ក្រដាស។ ក៏ប៉ុន្តែ ​ការខ្វះ​មធ្យោបាយ​ជាក់លាក់​គេ​មិន​ទាន់​ដឹង​ច្បាស់​អ្វី​ដែល​ត្រូវ​ការ​នៅ​ក្នុង​ការអនុវត្ត​នោះ​ទេ»។

លោក​បាន​និយាយ​ទៀត​ថា​ផែនការ​របស់​គណបក្ស​អំពី​ថាតើ​នឹង​ធ្វើ​ឱ្យ​ប្រសើ​ឡើង​នូវ​គោលនយោបាយ​សាពើពន្ធ​របស់​ចិន​នៅ​ពេល​ដែលកើនឡើង​នូវ​បំណុល​របស់​រដ្ឋាភិ​បាល​មូលដ្ឋាន​នោះ​ជា«ការខ្វះខាតគំនិត​ថ្មី»។

ផ្ទុយ​ទៅវិញ ការសង្កត់ធ្ងន់​បែរ​ជា​លើ​ការចាត់វិធានការ​ឱ្យ​កាន់​តែ​រហ័ស​ឡើង​ដើម្បី​អនុវត្ត​គោល​នយោបាយ​នានា​ដូចជា​យុទ្ធនាការ​របស់​រដ្ឋាភិបាល​ដើម្បី​ជំរុញ​ឱ្យ​ក្រុម​គ្រួសារ​ដោះដូរ​រថយន្ត​ចាស់​ៗ​និងគ្រឿង​ប្រើប្រាស់​ក្នុង​ផ្ទះ​និង​ការតុបតែង​ផ្ទះ​របស់​ពួកគេ​ដែល​រួមមាន​ការលើក​ទឹកចិត្ត​ការបន្ធូរបន្ថយ​ពន្ធ​និង​ប្រាក់​ជួយ​ឧបត្ថម្ភ​សម្រាប់​ការទិញដែល​ទាក់ទិន​នឹង​ការ​ការប្រើប្រាស់​ប្រកប​ដោយ​ប្រសិទ្ធភាព​និង​ការកាត់បន្ថយការបញ្ចេញ​ឥន្ធនៈ​ផូស៊ីល។

សេដ្ឋកិច្ច​ចិន​បាន​រីកលូតលាស់​ក្នុង​អត្រា​ប្រចាំ​ឆ្នាំ៤,៧ភាគរយ​ក្នុង​ត្រីមាស​ចុង​ក្រោយ​បន្ទាប់ពី​ការរីក​លូតលាស់៥,៣ភាគរយ​នៅ​ក្នុង៣ខែ​ដំបូង​នៃ​ឆ្នាំ​នេះ។ សេដ្ឋវិទូ​ខ្លះ​និយាយ​ថា​ទិន្នន័យ​ផ្លូវការនិយាយ​បំផ្លើស​អត្រា​នៃ​ការរីកលូតលាស់ លាក់បាំង​កម្សោយ​រយៈពេល​យូរ​ដែល​តម្រូវ​ឱ្យ​មាន​កំណែ​ទម្រង់​ទូលំ​ទូលាយ​ដើម្បី​ធ្វើ​ឱ្យ​មាន​តុល្យភាព​ឡើងវិញ​នូវ​សេដ្ឋកិច្ច​ចេញពី​ការពឹងផ្អែក​ខ្លាំង​ពេក​លើ​សំណង់​និង​ការនាំចេញ​ទំនិញ។

នៅ​ក្រោម​មេដឹកនាំ​លោក​ Xi Jinping ចិន​បាន​ផ្តល់​អាទិភាព​លើ​ការអភិវឌ្ឍ​ឧស្សាហកម្ម ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ជឿនលឿន​ដូចជា​រថយន្ត​អគ្គិសនី​និង​ថាមពល​កកើត​ឡើង​វិញ ជា​យុទ្ធសាស្ត្រ​មួយ​ដែល​បាន​ធ្វើ​ឱ្យប្រទេស​នេះ​នាំមុខ​នៅ​ក្នុង​វិស័យ​ខ្លះ ក៏ប៉ុន្តែ ក៏​បាន​នាំ​ទៅដល់​ការផ្គត់ផ្គង់​ច្រើន​ហួស​ដែល​ឥឡូវនេះ​កំពុង​ដាក់សម្ពាធ​លើ​ក្រុមហ៊ុន​ផលិត​ខ្លះ ដូចជា​ក្រុមហ៊ុន​ផលិត​បន្ទះ​ស្រូប​កំដៅ​ព្រះអាទិត្យ។

គណបក្ស​បាន​សន្យា​ជួយ​ដោះស្រាយ​វិបត្តិ​ក្នុង​ផ្នែក​អចលនទ្រព្យ ​មួយ​ផ្នែក​ដោយ​ការលើក​ទឹកចិត្ត​ឱ្យ​ទិញ​អាគារ Apartments ដើម្បី​ផ្តល់​ផ្ទះ​សម្បែង​ដែល​អាចទិញ​បាន​និង​សម្រួល​គោលនយោបាយ​ប្រាក់​កាស​ដើម្បី​ជួយ​លើកទឹកចិត្ត​ការចំណាយ​និង​ការវិនិយោគទុន។

ក៏ប៉ុន្តែ ឯកសារ​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទី៣០ ​ខែ​កក្កដា ក៏​បាន​គូស​បង្ហាញពី​ការព្រួយ​កង្វល់​រយៈពេល​យូរ​ដែរ។ តំបន់​ជនបទ​និង​ពួក​កសិករ​ត្រូវការ​ការជួយ​ឧបត្ថម្ភ​កាន់តែ​ខ្លាំង​ឡើង​ដើម្បី​«ធ្វើ​ឱ្យ​ប្រាកដ​ថា​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​មិន​វិលត្រឡប់​ទៅកាន់​ភាពក្រីក្រ​ក្នុង​ទំហំ​ធំ​វិញទេ»។

ឯកសារ​នោះ​ក៏​បាន​ថ្កោលទោស​អ្វី​ដែល​ពួក​អ្នក​វិភាគ​បាន​និយាយ​ថា​ជា​ការតស៊ូ​រាល ដាល​ដល់​កិច្ចផ្តួចផ្តើម​ថ្មីៗ ដោយ​និយាយ​ថា​«ទម្រង់​និយម​និង​ការិយាធិបតេយ្យ​ជា​ជំងឺ​ពិបាក​ដោះស្រាយ​ហើយ​ត្រូវតែ​កែប្រែ»​ហើយ​ឯកសារ​នោះ​បាន​ព្រមាន​ទៀត​ថា​ជម្លោះ​សេដ្ឋកិច្ច​មិន​ត្រូវ​ដោះស្រាយ​ដោយ​«មធ្យោបាយ​រដ្ឋបាល​និង​ព្រហ្មទណ្ឌ​ទេ»។

ទីផ្សារ​ចិន​មិន​បាន​បង្ហាញ​នូវ​ការសាទរ​ច្រើន​សម្រាប់​គោលនយោបាយនានា​ដែលបាន​បញ្ជាក់​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ។ នៅ​ថ្ងៃ​ដែល​ឯកសារ​នោះ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទី៣០ ខែ​កក្កដា សន្ទស្សន៍​ទីផ្សារ​ភាគហ៊ុនHang Seng ក្រុង​ហុងកុង បាន​ធ្លាក់​ចុះ៤,៣​ភាគរយ​ក្នុង​រយៈពេល​៣ខែ​កន្លង​មក​នេះ ខណៈដែល​សន្ទស្សន៍​ក្រុង​សៀងហៃ​បាន​ធ្លាក់​ចុះ៧,៣​ភាគរយ៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG