វិធានការថ្មីចុងក្រោយបង្អស់របស់ប្រធានាធិបតីចិនលោក Xi Jinping នៅក្នុងការពង្រឹងអំណាចគណបក្សកុម្មុយនីស្តចិននិងការក្ដោបក្ដាប់អំណាចលើសង្គមគឺជាការបង្ហាញឱ្យឃើញអំពីមនោគមវិជ្ជាកុម្មុយនីស្តហើយទំនងជានឹងបណ្ដាលឱ្យមានការគាបសង្កត់កើនឡើងនៅក្នុងប្រទេសនិងបង្កជម្លោះតានតឹងឡើងជាមួយនឹងក្រុមបស្ចិមប្រទេស។ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគនានា។
សម័យប្រជុំប្រចាំឆ្នាំរបស់សភាជាតិចិនដែលបានបញ្ចប់ទៅកាលពីថ្ងៃទី ១៣ ខែមីនាកន្លងទៅនេះ បានគាំទ្រកំណែទម្រង់នានាដែលនឹងពង្រឹងការគ្រប់គ្រងរបស់គណបក្សកុម្មុយនីស្តចិនលើស្ថាប័នរដ្ឋ។
ចាប់តាំងពីពេលដែលលោក Xi បានឡើងកាន់អំណាចមក លោកបានដឹកនាំឱ្យមានកំណែទម្រង់ពីរលើកទីមួយនៅឆ្នាំ ២០១៣ និងមួយទៀតនៅឆ្នាំ ២០១៨ ដោយបង្កើតក្រុមនានាក្នុងជួរគណបក្សដើម្បីមើលការខុសត្រូវលើការកែប្រែគោលនយោបាយក្នុងផ្នែកច្បាប់ទម្លាប់ កិច្ចការបរទេស ហិរញ្ញវត្ថុ និងសន្តិសុខ។
នៅក្នុងឆ្នាំ ២០១៨ សមាជិកសភាចិនបានធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដោយលុបចោលនូវការកំណត់អាណត្តិប្រធានាធិបតី ដោយបើកផ្លូវឱ្យលោក Xi អាចកាន់អំណាចបានមួយជីវិត។
អ្នកវិភាគនានាបាននិយាយថា ការកែទម្រង់របស់លោក Xi គឺផ្ទុយពីគោលនយោបាយ «កំណែទម្រង់និងបើកចំហ» ដែលដាក់ឱ្យអនុវត្តដោយអតីតមហាអគ្គមគ្គុទេសក៍ចិនលោក Deng Xiaoping នៅក្នុងឆ្នាំ ១៩៧៨ ដើម្បីលុបចោលតួនាទីរបស់គណបក្សនៅក្នុងរដ្ឋាភិបាល។
អ្នកវិភាគទាំងនោះបានបន្ថែមថា របៀបវារៈរបស់លោក Xi នឹងផ្ដល់អំណាចដ៏ធំដល់គណបក្សកុម្មុយនីស្តចិនដើម្បីកំណត់គោលនយោបាយ ចំណែកឯក្រុមប្រឹក្សារដ្ឋដែលជារដ្ឋាភិបាលចិននិងក្រសួងនានាគ្រាន់តែមានតួនាទីមើលថាគោលនយោបាយទាំងនោះត្រូវបានអនុវត្តយ៉ាងណា។
លោក Willy Lam អ្នកស្រាវជ្រាវជាន់ខ្ពស់នៃអង្គការ Jamestown Foundation ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បាននិយាយថា៖ «លោក Xi គិតថាលោកគឺជាលោក ម៉ៅ សេទុង [Mao Zedong] នៅសតវត្សរ៍ទី ២១។ លោកមានជំនឿមុតមាំលើលទ្ធិសង្គមនិយម ហើយជាមនុស្សតែម្នាក់គត់ដែលអាចសម្រេចកិច្ចការបានច្រើន»។
លោកសាស្ត្រាចារ្យ Chung Kim-wah ដែលជាអ្នកវិទ្យាសាស្ត្រសង្គមធ្លាប់បង្រៀននៅសាកលវិទ្យាល័យពហុបច្ចេកវិទ្យាហុងកុង (Hong Kong Polytechnic University) បាននិយាយថា ការធ្វើផ្ទុយរបស់លោក Xi ពីរបៀបវារៈកំណែទម្រង់របស់លោក Deng Xiaoping ការចាត់ទុកឱ្យគេគោរពលោកជាមេដឹកនាំអស្ចារ្យ និងការវាយប្រហារលើសេរីភាពបញ្ចេញមតិនិងសេរីភាពពលរដ្ឋ បានធ្វើឱ្យប្រទេសចិនឃ្លាតឆ្ងាយពីសហគមន៍អន្តរជាតិ។
លោកបានបញ្ជាក់ថា៖ «មនុស្សធ្លាប់សង្ឃឹមថាការកែទម្រង់សេដ្ឋកិច្ចនឹងបណ្ដាលឱ្យមានការផ្លាស់ប្ដូរ។ ...ខ្ញុំគិតថាឥឡូវនេះគ្មាននរណាម្នាក់ទុកការយល់ឃើញបែបនេះនៅក្នុងចិត្តទៀតនោះទេ»។
អ្នកវិភាគនានាបាននិយាយថា ការពង្រឹងអំណាចរបស់លោក Xi ក៏នឹងបណ្ដាលឱ្យមានបញ្ហាបន្ថែមទៀតនៅក្នុងប្រទេសចិននៅពេលខាងមុខផងដែរ។
កាលពីចុងខែវិច្ឆិកាឆ្នាំមុន វិធានការតឹងតែងដើម្បីបង្ការជំងឺកូវីដ១៩ បានបង្កឱ្យមានការតវ៉ានៅទូទាំងប្រទេសចិន និងបណ្ដាលឱ្យមានការអំពាវនាវពីអ្នកតវ៉ានូវសេរីភាពបន្ថែមទៀត។ ពលរដ្ឋចិនវ័យចំណាស់ក៏បានតវ៉ាកាលពីពេលថ្មីៗនេះផងដែរប្រឆាំងនឹងការកាត់បន្ថយប្រាក់ឧបត្ថម្ភផ្នែកសុខភាព។ បើទោះបីជាការតវ៉ានេះត្រូវបានបង្ក្រាបភ្លាមៗក៏ដោយ ក៏ការខកចិត្តរបស់ពលរដ្ឋត្រូវគេរំពឹងថានឹងកើនឡើង។
ការពង្រឹងអំណាចរបស់លោក Xi អាចបណ្ដាលឱ្យមានការបង្ក្រាបកាន់តែខ្លាំងឡើង។ លោក Lam បាននិយាយថា អាជ្ញាធរអាចបង្កើនការត្រួតត្រាសង្គមនិងបង្អាក់មិនឱ្យមានភាពចលាចលណាមួយកើតឡើងម្ដងទៀតយ៉ាងមានប្រសិទ្ធភាពជាងមុន ដោយមានការជួយជ្រោមជ្រែងពីព័ត៌មានដែលប្រមូលដោយការិយាល័យទិន្នន័យដែលទើបបង្កើតឡើងថ្មីរបស់ចិន។
លោក Chung បាននិយាយថា ការប្រមូលផ្ដុំអំណាចរបស់លោក Xi អាចប៉ះពាល់ដល់នយោបាយនិងសេដ្ឋកិច្ចអន្តរជាតិ។
លោក Chung បានចោទជាសំណួរដូច្នេះថា៖ «សម្រាប់កម្រិតមួយចំនួន ខ្ញុំគិតថាសង្គ្រាមត្រជាក់បានត្រឡប់មកវិញហើយ។ ការពង្រឹងអំណាចបន្ថែមនេះធ្វើឱ្យដំណើរការទាំងមូលកាន់តែពិបាកជាងមុននៅក្នុងការត្រឡប់ក្រោយវិញ។ តើប្រទេសចិនហ៊ានប្រថុយផ្នែកយោធាបន្ថែមទៀតដើម្បីការពារខ្លួនដែរឬទេ?»។
លោក Li Shaomin សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Old Dominion University នៅរដ្ឋ Virginia សហរដ្ឋអាមេរិក បានថ្លែងថា វាជាការសំខាន់នៅក្នុងការចងចាំថាគណបក្សកុម្មុយនីស្តចិនមិនដែលលះបង់ភាពផ្ដាច់ការបែបឯកបក្សនោះទេ។
លោក Li បានបញ្ជាក់នៅក្នុងកម្មវិធីកិច្ចការបច្ចុប្បន្នរបស់ VOA ភាសាចិនដូច្នេះថា៖ «ឥឡូវនេះ ប្រទេសចិនមានភាពរឹងមាំរបស់ជាតិ ដោយយល់ថាខ្លួនអាចអនុវត្តអំណាចដាច់ណាត់បាន។ ចិនអាចយារដាវរបស់ខ្លួននៅពីមុខពិភពលោកបាន»៕
ប្រែសម្រួលដោយលោក ភី សុភាដា