អង្គការអន្តរជាតិការពារសត្វព្រៃ WWF ថ្ងៃអង្គារនេះស្វាគមន៍និងកោតសរសើរចំពោះរដ្ឋាភិបាលចិន ដែលបានហាមឃាត់មិនឲ្យមានការជួញដូរសត្វព្រៃ បន្ទាប់ពីមានការផ្ទុះមេរោគជំងឺរលាកសួតថ្មីមួយដែលមានឈ្មោះថា កូរ៉ូណាវីរុស (2019-nCoV)។ មកទល់ពេលនេះមេរោគនេះបានសម្លាប់ប្រជាជនចិនអស់ជាង ១០០នាក់ និងមនុស្សជាង ៤.៥០០នាក់ ដែលភាគច្រើនជាជនជាតិចិនបានឆ្លងមេរោគនេះ។
មេរោគកូរ៉ូណាថ្មីនេះត្រូវបានគេរាយការណ៍ថា មានប្រភពពីផ្សារលក់សត្វព្រៃមួយក្នុងទីក្រុងវូហាននៃប្រទេសចិន។ បន្ទាប់ពីមានការផ្ទុះមេរោគរលាកសួតថ្មីនេះ រដ្ឋាភិបាលចិនបានហាមឃាត់មិនឲ្យមានការជួញដូរសត្វព្រៃ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញនៅថ្ងៃអង្គារនេះ អង្គការ WWF បាននិយាយថា ខ្លួនគាំទ្រការប្រកាសរបស់រដ្ឋបាលជាតិដើម្បីការពារព្រៃឈើរបស់រដ្ឋាភិបាលចិន The Chinese National Forest & Grassland Administration ឬ NFGA។
នៅក្នុងសេចក្តីថ្លែងការណ៍នេះ WWF បានសរសេរនៅក្នុងសេចក្តីដើមយ៉ាងដូច្នេះថា៖ «យើងស្វាគមន៍ការប្រកាសដោយ NFGA និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងប្រទេសចិនដើម្បីអនុវត្តការហាមឃាត់តឹងតែងមួយទៅលើការជួញដូរសត្វព្រៃហើយនិងពិនិត្យទៅលើការ អនុញ្ញាតការបង្កាត់ពូជសត្វព្រៃនិងការប្រើប្រាស់សត្វព្រៃ»។
សេចក្តីថ្លែងការណ៍នេះបន្តថា៖ «ការសម្រេចរបស់រដ្ឋាភិបាលចិនទៅលើការហាមឃាត់ការជួញដូរសត្វព្រៃជាបណ្តោះអាសន្នបង្ហាញអំពីតម្រូវការនៃការយល់ដឹងឲ្យកាន់តែខ្លាំងទៀតពីសាធារណៈអំពីការគំរាមកំហែងនានាទៅលើមិនត្រឹមតែសុខភាពមនុស្សដែលបង្កដោយការជួញដូរសត្វព្រៃខុសច្បាប់ឬមិនមានការអនុញ្ញាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការប៉ះពាល់ទៅលើចំនួនសត្វព្រៃនិងជីវចម្រុះផងដែរ»។
មេរោគនេះក៏ត្រូវបានគេរកឃើញថា រីករាលដាលក្នុងប្រទេសផ្សេងៗទៀតដូចជាប្រទេសសិង្ហបុរី ម៉ាឡេស៊ី ស្រីលង្កា នេប៉ាល់ អូស្ត្រាលី អាល្លឺម៉ង់ ថៃ វៀតណាម បារាំង កាណាដា និងប្រទេសកម្ពុជាផងដែរ ដែលទើបបានប្រកាសអំពីករណីអ្នកជំងឺទី១របស់ខ្លួនកាលពីថ្ងៃច័ន្ទម្សិលមិញ៕