នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Wuhan ខេត្ត Hubei នៅថ្ងៃចន្ទនេះ ដើម្បីជួបជាមួយនឹងមន្ត្រីសុខាភិបាល និងវាយតម្លៃអំពីការឆ្លើយតបចំពោះការផ្ទុះឡើងនូវមេរោគកូរ៉ូណាប្រភេទថ្មីនេះ ដែលបានសម្លាប់មនុស្សអស់ ៨១ នាក់កន្លងមក។
ទីក្រុង Wuhan គឺជាចំណុចកណ្ដាលនៃការផ្ទុះឡើងនូវមេរោគថ្មីនេះ ហើយប្រជាពលរដ្ឋនៅទីនោះ និងនៅតាមទីក្រុងផ្សេងៗទៀតកំពុងប្រឈមនឹងបម្រាមតឹងតែងអំពីការធ្វើដំណើរ នៅពេលដែលរដ្ឋាភិបាលព្យាយាមទប់ស្កាត់មេរោគនេះមិនឲ្យឆ្លងរាលដាលបន្ថែមទៀត។
រដ្ឋាភិបាលចិនបានចាត់វិធានការបន្ថែមកាលពីថ្ងៃអាទិត្យម្សិលមិញនៅក្នុងការបន្លាយពេលវេលាឈប់សម្រាកថ្ងៃចូលឆ្នាំថ្មី ៣ ថ្ងៃបន្ថែមទៀត ដើម្បីកាត់បន្ថយការជួបជុំជាក្រុមៗ។
តួលេខចុងក្រោយដែលបានរាយការណ៍ដោយមន្ត្រីសុខាភិបាលចិនបានបង្ហាញថា អ្នកឆ្លងមេរោគនេះមានជាង ២ ពាន់ ៧ រយនាក់ហើយ។
ករណីឆ្លងមេរោគនេះក៏ត្រូវបានគេរាយការណ៍ផងដែរនៅក្នុងប្រទេសអូស្ត្រាលី កាណាដា បារាំង ជប៉ុន ម៉ាឡេស៊ី នេប៉ាល់ ព័រទុយហ្គាល់ សិង្ហបុរី កូរ៉េខាងត្បូង ថៃ វៀតណាម សហរដ្ឋអាមេរិក ទីក្រុងហុងកុង ទីក្រុងម៉ាកាវ និងកោះតៃវ៉ាន់។
អង្គការសុខភាពពិភពលោកបញ្ជាក់ថា ភាគច្រើននៃអ្នកដែលឆ្លងមេរោគនេះធ្លាប់ធ្វើដំណើរទៅទីក្រុង Wuhan ចំណែកឯមនុស្សមួយចំនួនផ្សេងទៀតគឺបានឆ្លងពីអ្នកដែលធ្លាប់បានធ្វើដំណើរទៅទីក្រុង Wuhan នោះ។ គេមិនទាន់ឃើញមានការរាយការណ៍ណាមួយអំពីការស្លាប់ដែលបណ្ដាលមកពីមេរោគនេះនៅប្រទេសផ្សេង ក្រៅពីប្រទេសចិននៅឡើយទេ។
អ្នកស្រី Nancy Messonnier ប្រធានផ្នែកជំងឺផ្លូវដង្ហើមនៃមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក បានបញ្ជាក់កាលពីថ្ងៃអាទិត្យម្សិលមិញថា មានករណីឆ្លងមេរោគកូរ៉ូណាប្រភេទថ្មីនេះចំនួន ៥ ករណីហើយនៅក្នុងសហរដ្ឋអាមេរិក ហើយអ្នកទាំង ៥ នាក់នេះ សុទ្ធតែមានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងអ្នកដទៃទៀតនៅក្នុងទីក្រុង Wuhan។ មណ្ឌលនេះបានបន្ថែមថា ខ្លួនកំពុងស៊ើបអង្កេតលើករណីសង្ស័យប្រហែល ១០០ ករណីទៀតនៅក្នុងរដ្ឋចំនួន ២៦ នៅទូទាំងសហរដ្ឋអាមេរិក៕