សហរដ្ឋអាមេរិក ជប៉ុន និងប្រទេសផ្សេងៗទៀតកំពុងបញ្ជូនយន្តហោះទៅជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនចេញពីទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន នៅពេលដែលមេរោគកូរ៉ូណាប្រភេទថ្មី ដែលបានផ្ទុះឡើងនៅក្នុងទីក្រុងនោះកាលពីប៉ុន្មានសប្ដាហ៍មុន បានសម្លាប់មនុស្សយ៉ាងតិច ១០៦ នាក់ហើយ។
ប្រទេសជប៉ុនបានបញ្ជូនយន្តហោះទៅកាន់ទីក្រុង Wuhan នៅថ្ងៃអង្គារនេះ ដើម្បីជម្លៀសពលរដ្ឋជប៉ុនប្រហែល ២ រយនាក់ ក្នុងចំណោមពលរដ្ឋ ៦៥០ នាក់នៅក្នុងទីក្រុងនោះ។ រីឯសហរដ្ឋអាមេរិកវិញ ក៏កំពុងត្រៀមជម្លៀសបុគ្គលិកស្ថានកុងស៊ុលរបស់ខ្លួន និងពលរដ្ឋអាមេរិកាំងមួយចំនួននៅក្នុងទីក្រុង Wuhan នៅក្នុងសប្ដាហ៍នេះផងដែរ។
ប្រទេសអូស្ត្រាលីបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ខ្លួនកំពុងរៀបចំគម្រោងដើម្បីជម្លៀសពលរដ្ឋអូស្ត្រាលីទាំងអស់។ អូស្ត្រាលីមិនមានស្ថានកុងស៊ុលនៅក្នុងទីក្រុង Wuhan ទេ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី Scott Morrison ថា រដ្ឋាភិបាលអូស្ត្រាលីកំពុងចរចាជាមួយនឹងរដ្ឋាភិបាលចិនទាក់ទិននឹងការជម្លៀសនេះ។
ប្រទេសបារាំង និងប្រទេសផ្សេងមួយចំនួនទៀតក៏បានប្រកាសអំពីគម្រោងជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីទីក្រុង Wuhan នេះផងដែរ។
មន្ត្រីសុខាភិបាលចិនបានប្រកាសថា មានអ្នកស្លាប់ដោយសារមេរោគថ្មីនេះចំនួន ២៥ នាក់ទៀតនៅថ្ងៃអង្គារនេះ។ ចំនួនអ្នកឆ្លងមេរោគនេះនៅក្នុងប្រទេសចិនឥឡូវនេះបានកើនលើស ៤ ពាន់ ៥ រយនាក់ហើយ។ អាជ្ញាធរបានបិទទីក្រុង Wuhan និងកំពុងតែប្រញាប់ប្រញាល់បញ្ចប់ការសាងសង់មន្ទីរពេទ្យថ្មីពីរកន្លែង ដើម្បីព្យាបាលអ្នកជំងឺដែលឆ្លងមេរោគនេះ ដែលកំពុងតែកើនឡើង។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានស្នើផ្ដល់ការជួយជ្រោមជ្រែងដល់ប្រទេសចិន ប្រសិនបើចាំបាច់ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគថ្មីដ៏កាចសាហាវនេះ។
លោក Trump បានបញ្ជាក់នៅលើ Twitter កាលពីថ្ងៃចន្ទម្សិលមិញថា៖ «យើងកំពុងទាក់ទងយ៉ាងជាប់លាប់ជាមួយនឹងរដ្ឋាភិបាលចិនទាក់ទិននឹងបញ្ហាមេរោគថ្មីនេះ»។ លោកបានបន្ថែមថា៖ «យើងបានស្នើផ្ដល់ការជួយជ្រោមជ្រែងដល់រដ្ឋាភិបាលចិន និងលោកប្រធានាធិបតី Xi Jinping ប្រសិនបើចាំបាច់។ ក្រុមគ្រូពេទ្យជំនាញរបស់យើងគឺមានសមត្ថភាពខ្ពស់»៕