ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​កំពុង​កើន​ឡើង​នៅ​ប្រទេស​ចិន និង​នៅ​ជុំវិញ​ពិភពលោក


មនុស្សម្នា​ពាក់​ម៉ាស់​នៅ​នៅ​ពេល​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប​ នៅ​ពេល​ដែល​មាន​ការ​វាយប្រហារ​ដោយ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០។
មនុស្សម្នា​ពាក់​ម៉ាស់​នៅ​នៅ​ពេល​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប​ នៅ​ពេល​ដែល​មាន​ការ​វាយប្រហារ​ដោយ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០។

មនុស្ស ៥៦ នាក់ នៅ​ក្នុង​ប្រទេស​ចិន បាន​ស្លាប់​ដោយសារ​ការ​ឆ្លង​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី ដែល​ហៅ​ថា 2019-nCoV។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ចិន។

មនុស្ស​ជិត ២ ពាន់​នាក់ នៅ​ក្នុង​ប្រទេស​ចិន​បាន​ឆ្លង​មេរោគ​ដ៏​កាច​សាហាវ​មួយ​នេះ។

រដ្ឋមន្ត្រី​គណៈកម្មការ​សុខាភិបាល​ជាតិ​ចិន​លោក Ma Xiaowei បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា គេ​ដឹង​តិច​តួច​នៅ​ឡើយ​អំពី​មេរោគ​ថ្មី​នេះ។ លោក​បាន​បញ្ជាក់​ថា មេរោគ​នេះ​មាន​រយៈពេល​បង្ក​រោគ​ពី​មួយ​ថ្ងៃ​ដល់ ១៤ ថ្ងៃ ដោយ​ក្នុង​រយៈពេល​នេះ មេរោគ​នេះ​អាច​ឆ្លង​បាន​ដោយ​ងាយ​ស្រួល​ជា​ទី​បំផុត។ លោក​បាន​បន្ថែម​ថា ការ​ឆ្លង​មេរោគ​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​បន្ត​កើន​ឡើង។

ប្រទេស​ចិន​បាន​បញ្ជាក់​ថា ករណី​ឆ្លង​មេរោគ​ថ្មី​នេះ​ចំនួន ៦៨៨ ករណី​ទៀត ត្រូវ​បាន​រក​ឃើញ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​និយាយ​ថា ប្រទេស​ចិន​កំពុង​ប្រឈម​នឹង «ស្ថានភាព​ធ្ងន់ធ្ងរ»។

មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​បាន​កើត​ឡើង​ដំបូង​កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ ២០១៩ នៅ​ផ្សារ​គ្រឿង​សមុទ្រ​មួយ​កន្លែង​ដែល​លក់​សត្វ​ព្រៃ​ខុស​ច្បាប់ នៅ​ក្នុង​ទីក្រុង Wuhan ខេត្ត Hubei ប្រទេស​ចិន។

នៅ​ថ្ងៃ​អាទិត្យ​នេះ រដ្ឋាភិបាល​ចិន​បាន​ប្រកាស​ហាម​ឃាត់​ការ​លក់​ដូរ​សត្វ​ព្រៃ​ជា​បណ្ដោះ​អាសន្ន​នៅ​ទូទាំង​ប្រទេស។ ទីក្រុង Wuhan និង​ទីក្រុង​ចិន​ជាង ១០ ផ្សេង​ទៀត ត្រូវ​បាន​កាត់​ផ្ដាច់​ពី​កន្លែង​ដទៃ ដែល​ជា​កិច្ច​ប្រឹងប្រែង​មួយ​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ។

នៅ​ថ្ងៃ​អាទិត្យ​នេះ​ផង​ដែរ សហរដ្ឋ​អាមេរិក​កំពុង​រៀបចំ​គម្រោង​ជម្លៀស​មន្ត្រី​ការទូត និង​ពលរដ្ឋ​អាមេរិកាំង​នានា​ចេញ​ពី​ទីក្រុង Wuhan។ ប្រទេស​បារាំង និង​រុស្ស៊ី​ក៏​កំពុង​រៀបចំ​គម្រោង​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ចេញ​ពី​ទីក្រុង Wuhan ផង​ដែរ។

មេរោគ​ដ៏​កាច​សាហាវ​មួយ​នេះ​កំពុង​រាតត្បាត​នៅ​ទូទាំង​ពិភពលោក។ កន្លង​មក សេចក្ដី​រាយការណ៍​នានា​បាន​បង្ហាញ​ថា គេ​រក​ឃើញ​មាន​ករណី​ឆ្លង​មេរោគ​នេះ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី កាណាដា បារាំង ទីក្រុង​ហុងកុង ប្រទេស​ជប៉ុន ទីក្រុង​ម៉ាកាវ ប្រទេស​ម៉ាឡេស៊ី នេប៉ាល់ ព័រទុយហ្គាល់ សិង្ហបុរី កូរ៉េ​ខាង​ត្បូង កោះ​តៃវ៉ាន់ ប្រទេស​ថៃ សហរដ្ឋ​អាមេរិក និង​ប្រទេស​វៀតណាម៕

XS
SM
MD
LG