ខណៈពេលដែល ប្រាក់ពិន័យបទល្មើសចរាចរណ៍ កំពុងកើនឡើងយ៉ាងគំហុកនោះ នីតិវិធីនៃការប្រើប្រាស់ប្រាក់នេះ កំពុងស្ថិតនៅក្រោមកិច្ចពិភាក្សាពីសំណាក់ក្រុមអ្នកតាមដានគោលនយោបាយ និងការវិវត្តសង្គមកម្ពុជា។
ច្បាប់ចរាចរណ៍ថ្មី ដែលមានទំនោររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ និងការផាកពិន័យជាទឹកប្រាក់ ដែលមានចំនួនច្រើន ត្រូវបានអនុវត្តចាប់តាំងពីដើមឆ្នាំ២០១៦នេះ។
ប្រាក់ពិន័យសរុបក្នុងរយៈពេលពេញមួយខែមករានេះ មានចំនួនជាង២ពាន់លានរៀល ឬប្រមាណជាង៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីប្រចាំខែមករា ដែលចេញដោយក្រសួងមហាផ្ទៃកាលពីល្ងាចថ្ងៃច័ន្ទ។
នៅក្នុងប្រកាសអន្តរក្រសួងនៃក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញកាលពីចុងឆ្នាំ២០១៥ កំណត់ថា ប្រាក់ពិន័យចំពោះអំពើល្មើសចរាចរណ៍៧០ភាគរយ នឹងត្រូវបានទៅលើមន្ត្រីនគរបាលចរាចរណ៍ដែលបំពេញភារកិច្ចនៅតាមគោលដៅនីមួយៗ។
ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ លោក រុន រ័ត្នវាសនា ឲ្យដឹងថា ជាគោលការណ៍ ប្រាក់ពិន័យដែលទទួលបាន ត្រូវធ្វើការបែងចែកទៅដល់ដៃមន្ត្រីនគរបាលក្រោយ១៥ថ្ងៃនៃការបង់ប្រាក់ពិន័យនៅតាមស្នាក់ការ។
លោក រុន រ័ត្នវាសនា ពន្យល់ពីនីតិវិធីនៃការបង់ប្រាក់ផាកពិន័យយ៉ាងដូច្នេះថា៖
«ទី១គាត់ចេញបង្កាន់ដៃ។ បង្កាន់ដៃពិន័យ មិនមែនជាបង្កាន់ដៃបង់ប្រាក់ទេ។ ហើយទើបយកបង្កាន់ដៃពិន័យទៅបង់ប្រាក់។ គាត់រកប៉ុស្តិ៍ ស្នាក់ការបង់ប្រាក់ហ្នឹងនៅកន្លែងណាដែរ ជិតសម្រាប់គាត់។ អញ្ចឹង គាត់ទៅបង់នៅហ្នឹងទៅ។ អញ្ចឹង ថវិកាទាំងអស់ហ្នឹង គឺប្រមូលទៅខាងស្នងការ ហើយបានបែងចែកគ្នា។ កាលណាគេបែងចែកគ្នាហើយ គេទូទាត់នឹងក្រដាសស្នាម។ ធម្មតា វាមានបង្កាន់ដៃបង់ប្រាក់»។
ក្នុងអំឡុងពេលមួយខែនៃការរឹតបន្តឹងច្បាប់ថ្មីនេះ មន្ត្រីនគរបាលចរាចរណ៍បានត្រួតពិនិត្យយានយន្តសរុបចំនួនប្រមាណជិតមួយលានគ្រឿង ក្នុងនោះយានយន្តដែលល្មើស មានចំនួនជាង២សែនគ្រឿង ជនល្មើសជាតិស្រវឹងចំនួនជិត២ពាន់នាក់ និងបានបញ្ជូនទៅតុលាការចំនួន៥៨នាក់។
គិតត្រឹមខែមករានេះ នាយកដ្ឋាន នគរបាលចរាចរណ៍ទទួលបាន៧៣%នៃប្រាក់ផាកពិន័យសរុប។
ក្រុមអ្នកតាមដានគោលនយោបាយ និងការវិវត្តសង្គមកម្ពុជា បង្ហាញការពេញចិត្តចំពោះយន្តការនៃការបែងចែកប្រាក់ពិន័យនេះ ក៏ប៉ុន្តែពួកគេ ទទូចឲ្យមានការចំណាយដោយប្រុងប្រយ័ត្ន។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ គាំទ្រយន្តការផាកពិន័យថ្មីនេះ។
ប៉ុន្តែ លោកគិតថា រូបមន្តថ្មីនេះ ទំនងជាចំណាយពេលយូរទម្រាំប្រាក់នោះទៅដល់ដៃមន្ត្រីនគរបាលជាក់ស្ដែង ។
«រូបមន្តថ្មីនេះ វាយូរ។ ទម្រាំអ្នកពិន័យនេះគេទៅបង់។ ហើយការទូទាត់ថវិកាទៅដល់ប៉ូលិស វាយូរដែរ។ នេះ ជាឧបសគ្គមួយ ហើយយើងក៏បារម្ភដែរថារូបមន្តបែបហ្នឹង អាចធ្វើឲ្យហានិភ័យ ឬក៏ប៉ូលិសមិនទទួលបានផលប្រយោជន៍ពីការផាកពិន័យ ដោយសារតែការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា មានទម្លាប់នៃអំពើពុករលួយធ្ងន់ធ្ងរ ធ្វើឲ្យប្រព័ន្ធដែលគេស្នើសុំ ត្រូវបានវាយតម្លៃជោគជ័យទាប»។
លោក សន ជ័យ ពន្យល់ថា ទិដ្ឋភាពរួមនៃការបែងចែកប្រាក់ពិន័យ៧០%ដល់មន្ត្រីចរាចរណ៍តាមគោលដៅ ហាក់ដូចជាកំពុងរួមចំណែកក្នុងការអនុវត្តច្បាប់ចរាចរណ៍។
ប៉ុន្តែ អតុល្យភាពនៃការបែងចែកផលចំណេញពីការផាកពិន័យ គឺជាក្តីបារម្ភរបស់លោក។
លោក មានប្រសាសន៍ថា ការបែងចែកប្រាក់ពិន័យទៅតាមចំនួនករណីដែលប៉ូលិសចរាចរណ៍នីមួយៗ បានធ្វើការផាកពិន័យនេះ អាចនឹងបង្កឲ្យមានទំនាស់ផលប្រយោជន៍នាពេលខាងមុខ។
«អត្តសញ្ញាណមន្ត្រីរាជការដូចគ្នា តែជោគវាសនាផ្សេងគ្នា។ ប៉ូលិស ត្រូវប៉ាន់ តែប៉ូលិសចរាចរណ៍នៅទីប្រជុំជន ចុះប៉ូលិសចរាចរណ៍តាមទីជនបទ? ប៉ូលិសដូចតែគ្នាហ្នឹង។ ថ្ងៃក្រោយ អាចនាំឲ្យមានទំនាស់រវាងប៉ូលិសចរាចរណ៍។ អញ្ចឹង ប៉ូលិសតាមជនបទ សុំដូរមកកណ្ដាលភ្នំពេញក្រែងបានប្រាក់ផាកច្រើនដូចគេ»។
លោក សន ជ័យ ស្នើឲ្យរដ្ឋាភិបាល បែងចែកផលចំណេញនេះឲ្យមានភាពស្មើគ្នាក្នុងរង្វង់ភាគីពាក់ព័ន្ធ ចៀសវាងមានការបាក់ទឹកចិត្តពីសំណាក់មន្ត្រីអនុវត្តច្បាប់ក្នុងរូបភាពណាមួយ។
លោក ណែប ស៊ីនថៃ នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ គាំទ្រការផ្ដល់ប្រាក់លើកទឹកចិត្តដល់មន្ត្រីនគរបាលចរាចរណ៍នេះ ក៏ប៉ុន្តែរូបលោក ក៏ចង់ឲ្យមានការបែងចែកថវិកាមួយចំនួនចំពោះការអប់រំផ្សព្វផ្សាយអំពីចរាចរណ៍ និងមួយចំនួនទៀត ប្រើប្រាស់ទៅលើផលប្រយោជន៍ការងារចរាចរណ៍ តួយ៉ាងការបន្ថែមស្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវជាដើម។
ទន្ទឹមនឹងការចង់ឃើញប្រាក់បៀវត្សសមរម្យសម្រាប់មន្ត្រីចរាចរណ៍ លោក ណែប ស៊ីនថៃ អះអាងថា ការបំពេញភារកិច្ចរបស់មន្ត្រីចរាចរណ៍ មិនគួរគប្បីចាំទាល់តែមានប្រាក់លើកទឹកចិត្តនោះទេ។
«បើនិយាយមួយភ្លែតយើងយល់ថា នេះជារង្វាន់លើកទឹកចិត្តដល់មន្ត្រី ដើម្បីធ្វើការឲ្យបានសស្រាក់សស្រាំ។ តែបើក្រឡេកមួយផ្នែកទៀត វាបង្ហាញថាស្ថាប័នដែលមានកាតព្វកិច្ច ធ្វើការងារនេះ បែរជាធ្វើការមិនបានពេញលេញ ទាល់តែមានប្រាក់បន្ថែម បានធ្វើការ»។
យ៉ាងណាមិញ លោក រុន រ័ត្នវាសនា អះអាងថា នីតិវិធីនៃការបង់ប្រាក់ និងបែងចែកប្រាក់ពិន័យនេះ មានការទូទាត់បញ្ជីជារៀងរាល់ថ្ងៃ។ ហើយលោកថា ការធ្វើដូច្នេះ វាមានតម្លាភាព ជាងការទូទាត់ការផាកពិន័យជាសាច់ប្រាក់ភ្លាមៗដូចលើកមុន។
«យើងឃើញអនុវត្តមួយខែនេះ មិនមានបញ្ហា។ មានតម្លាភាព ដោយសារទី១ អ្នកចេញបង្កាន់ដៃពិន័យ មិនមែនជាអ្នកទទួលប្រាក់ពិន័យ។ អញ្ចឹង គាត់អត់ដឹងថា បង់ប៉ុន្មានអីប៉ុន្មានទេ។ គាត់មានសិទ្ធិចេញតែក្រដាសហ្នឹង។ គាត់អត់មានបានទទួលថវិកាទេ។ អញ្ចឹង វាមានតម្លាភាពហើយ ហើយអ្នកដែលយកបង្កាន់ដៃទៅបង់ប្រាក់ កាលណាគាត់ឃើញបង្កាន់ដៃពិន័យប៉ុណ្ណា គាត់ចេញបង្កាន់ដៃបង់ប្រាក់ប៉ុណ្ណឹង»។
លោក រុន រ័ត្នវាសនា បញ្ជាក់ថា រដ្ឋាភិបាល មានគម្រោងរៀបចំឲ្យមានការបង់ប្រាក់ពិន័យតាមរយៈប្រព័ន្ធធនាគារនាពេលអនាគត ដើម្បីបន្ថែមភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងធានាតម្លាភាពនៃការបង់ប្រាក់ឲ្យកាន់តែខ្ពស់ថែមទៀត។
នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីកាលពីថ្ងៃច័ន្ទនោះ ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងារចំនួន៧ក្រុមបន្ថែមទៀត។ ក្នុងនោះ រួមមាន ក្រុមការងារត្រួតពិនិត្យសាលាបង្រៀនបើកបរ ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ក្រុមការងារផ្សព្វផ្សាយអប់រំ ក្រុមការងារត្រួតពិនិត្យល្បឿន និងការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ក្រុមការងារចល័តត្រួតពិនិត្យបទល្មើសចរាចរណ៍ ក្រុមការងារគ្រប់គ្រងទិន្នន័យយានយន្ត ហើយនិងក្រុមសង្គ្រោះបន្ទាន់។
ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនេះដែរ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏លើកឡើងពីគម្រោងនៃការដាក់ក្រុមការងារនៅតាមហាងលក់គ្រឿងស្រវឹង ឬរង្គសាលនានា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងផងដែរ៕