ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិភពលោក​ចាត់​វិធានការ​ចំពោះ​វីរុស​កូវីដ១៩​បំប្លែង​ថ្មី​លេចឡើង​នៅ​ភាគខាង​ត្បូង​ទ្វីប​អាហ្វ្រិក​


អ្នក​ដំណើរ​តម្រង់​ជួរ​ដើម្បី​ឡើង​ជើង​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​ Air France ទៅ​កាន់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ពី​អាកាសយានដ្ឋាន​ក្រុង Johannesburg ប្រទេស​អាហ្វ្រិកខាងត្បូង កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១។
អ្នក​ដំណើរ​តម្រង់​ជួរ​ដើម្បី​ឡើង​ជើង​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​ Air France ទៅ​កាន់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ពី​អាកាសយានដ្ឋាន​ក្រុង Johannesburg ប្រទេស​អាហ្វ្រិកខាងត្បូង កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១។

បណ្តា​ប្រទេស​មួយ​ចំនួន​កាល​ពី​ថ្ងៃ​សុក្រ​បាន​ចាប់​ផ្តើម​រឹតត្បិត​ជើង​យន្តហោះ​ពី​បណ្តា​ប្រទេស​នៅ​ភាគ​ខាង​ត្បូង​ទ្វីប​អាហ្វ្រិក​ខណៈ​ដែល​ផ្សារ​ភាគហ៊ុន​នៅ​អាស៊ី​និង​អឺរ៉ុប​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ដោយ​ប្រតិកម្ម​នឹង​ព័ត៌មាន​នៃ​វីរុស​ជំងឺ​កូវីដ១៩​បំប្លែង​ថ្មី​មួយ​អាច​មាន​កម្រិត​ឆ្លង​ខ្លាំងជាង​វីរុស​មុនៗ។​ នេះ​បើ​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន ​AP។

ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​ការ​រក​ឃើញ​វីរុស​បំប្លែង​ថ្មី​នេះ​ដែល​នៅ​ពេល​នេះ​គេ​ឱ្យ​ឈ្មោះ​សម្គាល់​ថា​B.1.1.529 វីរុស​ថ្មី​នេះ​មាន​ផល​ប៉ះពាល់​រួច​ទៅ​ហើយ​ទៅ​លើ​ពិភពលោក​ដែល​មាន​ការ​ភិតភ័យ​រួច​ជា​ស្រេច​អំពី​ព័ត៌មាន​មិន​ល្អ​នានា​ទាក់ទង​នឹង​ជំងឺ​កូវីដ១៩​ ដោយ​នៅ​ពេល​នេះ​ចំនួន​មនុស្ស​ស្លាប់​សរុប​ទូទាំង​ពិភពលោក​ដោយសារជំងឺ​រាតត្បាត​នេះ​បាន​កើន​លើស​៥​លាន​នាក់។​

នៅ​ក្រៅ​ពី​ទ្វីប​អាហ្វ្រិក​ករណី​ដំបូងៗ​នៃ​វីរុស​បំប្លែង​ថ្មី​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ប្រទេស​អ៊ីស្រាអែល​ក្រុង​ហុងកុង និង​ប្រទេស​ប៊ែលហ្ស៊ិក។​

អ្នក​ជំនាញ​ខាង​សុខាភិបាល​រួម​ទាំង​អង្គការ​សុខភាព​ពិពលោក ​(WHO) ​ផង​ដែរ​បាន​ព្រមាន​កុំ​ឱ្យ​មាន​ប្រតិកម្ម​ជ្រុល​ហួស​ហេតុ​ចំពោះ​ព័ត៌មាន​នៃ​វីរុស​ថ្មី​នេះ​នៅ​មុន​ពេល​គេ​ដឹង​ច្បាស់​អំពី​កម្រិត​គ្រោះថ្នាក់​របស់​វា។ ​ប៉ុន្តែ​ប្រទេស​ដែល​បាន​ចាត់​វិធានការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ទាំង​នេះ​ថា​វិធានការ​របស់​ពួក​គេ​សមស្រប។​

អ៊ីស្រាអែល​ដែល​ជា​ប្រទេស​មាន​អត្រា​ការ​ចាក់​វ៉ាក់សាំង​ខ្ពស់​បំផុត​មួយ​ក្នុង​ពិភពលោក​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ថា​ខ្លួន​ក៏​បាន​រក​ឃើញ​ករណី​ដំបូង​នៃ​វីរុស​បំប្លែង​ថ្មី​ B.1.1.529 ​នេះ​របស់​អ្នក​ដំណើរ​ម្នាក់​ដែល​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ម៉ាឡាវី​នៅ​ភាគ​ខាង​ត្បូង​ទ្វីប​អាហ្វ្រិក។​អ្នក​ដំណើរ​នេះ​និង​ករណី​សង្ស័យ​ពីរ​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក។​ទាំងបី​បាន​ចាក់​វ៉ាក់សាំង រួចប៉ុន្តែ​ថា​បច្ចុប្បន្ន​គេ​កំពុង​ពិនិត្យ​មើល​ស្ថានភាព​វ៉ាក់សាំង​ពិត​ប្រាកដ​របស់​ពួកគេ។​

ជា​ទូទៅ​វីរុស​កូរ៉ូណា​បំប្លែង​ខ្លួន​នៅ​ពេល​វា​រាលដាល​ចេញ​ជាវីរុស​បំប្លែង​ថ្មី​ផ្សេងៗ​ជាច្រើន​ ដែល​រួមមាន​វីរុស​ខ្លះ​ដែល​មាន​សមត្ថភាព​ខ្លាំង​គួរ​ឱ្យ​បារម្ភ​នោះ​ហើយ​វីរុស​បំប្លែង​ថ្មី​ខ្លះ​ក៏​បាត់​ទៅ​វិញ។​ អ្នក​វិទ្យាសាស្ត្រ​ត្រូវ​ចំណាយ​ពេល​មួយ​រយៈ​សិន​ទំរាំ​អាច​កំណត់​ថា​វីរុស​បំប្លែង​ថ្មី​មួយ​ណា​មាន​លទ្ធភាព​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សាធារណជន។

ក្រុម​ការងារ​បច្ចេកទេស​របស់​អង្គការ​សុខភាព​ពិភពលោក​ជួប​គ្នា​នៅ​ថ្ងៃ​សុក្រ​ដើម្បី​វាយ​តម្លៃ​លើ​វីរុស​បំប្លែង​ថ្មី​ B.1.1.529 ហើយ​អាច​សម្រេច​ថា​នឹង​ដាក់​ឈ្មោះ​ឱ្យ​វា​តាម​លំនាំ​អក្សរ​ក្រិក​ដែរ​ឬ​យ៉ាង​ណា។​ អង្គការ​ពិភពលោក​មួយ​នេះ​និយាយ​ថា​ នៅ​ពេល​នេះ​ការ​ឆ្លង​រាតត្បាត​របស់​ជំងឺ​កូវីដ១៩​នៅ​ទ្វីប​អឺរ៉ុប​បាន​កើន​ឡើង​រហូត​១១​ភាគ​រយ​នៅ​ក្នុង​មួយ​សប្តាហ៍​ចុងក្រោយ​ ហើយ​អឺរ៉ុប​ជា​ទ្វីប​តែ​មួយ​គត់​ដែល​បន្ត​មាន​ការ​កើន​ខ្លាំង​នៃ​ការ​ឆ្លង​កូវីដ១៩៕

នាយក​អង្គការ​សុខភាព​ពិភពលោក​សម្រាប់​ទ្វីប​អឺរ៉ុប​លោក​វេជ្ជបណ្ឌិត ​Hans Kluge ​បាន​ព្រមាន​ថា​ប្រសិន​បើគ្មាន​វិធាន​ការ​បន្ទាន់​ទេ​ទ្វីប​នេះ​អាច​មាន​មនុស្ស​ស្លាប់​ចំនួន ៧00.000​នាក់​ទៀត​នៅ​រដូវ​រងារ​នេះ៕​

XS
SM
MD
LG