ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក លុបចោល​ការរឹត​បន្តឹង​សម្រាប់​អ្នកដំណើរ​អន្តរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩​គ្រប់ដូស


រូបឯកសារ៖ អ្នកធ្វើ​ដំណើរ​ពាក់​ម៉ាស នៅ​ពេល​តម្រង់​ជួរ​សម្រាប់​ការត្រួត​ពិនិត្យ​សន្តិសុខ​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ Denver នៅ​ក្នុង​ក្រុង Denver រដ្ឋ Colorado សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី២៤ ខែសីហា ឆ្នាំ២០២១។
រូបឯកសារ៖ អ្នកធ្វើ​ដំណើរ​ពាក់​ម៉ាស នៅ​ពេល​តម្រង់​ជួរ​សម្រាប់​ការត្រួត​ពិនិត្យ​សន្តិសុខ​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ Denver នៅ​ក្នុង​ក្រុង Denver រដ្ឋ Colorado សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី២៤ ខែសីហា ឆ្នាំ២០២១។

សហ​រដ្ឋ​អាមេរិក ​កាល​ពី​ថ្ងៃ​ចន្ទ ​បាន​លុប​ចោល​ការ​រឹត​បន្តឹង​លើ​អ្នក​ដំណើរ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩​ គ្រប់​ដូស។​ នេះ​ ជា​ការ​លុប​ចោល​ការ​រឹត​បន្តឹង​លើក​ទី​១ ​ចាប់​តាំង​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ ចាប់​ផ្តើម។​

អ្នក​ធ្វើ​ដំណើរ​ បាន​ឈរ​តម្រង់​ជួរ​ដ៏​វែង​នៅ​តាម​ព្រលាន​យន្តហោះ​ ហើយ​ជើង​ហោះ​ហើរ​អន្តរជាតិ​ មាន​អ្នក​ដំណើរ​ពេញៗ​ស្រប​ពេល​ពួកគេ​ ទន្ទឹង​ជួបជុំ​ក្រុម​គ្រួសារ​និង​មិត្តភក្តិ​ឡើង​វិញ។​

ទន្ទឹម​នឹង​នេះ​ដែរ​ ព្រំដែន​គោក​សហ​រដ្ឋ​អាមេរិក​ ក៏​ត្រូវ​បាន​បើក​សម្រាប់​ការ​ធ្វើ​ដំណើរ​មិន​ចាំ​បាច់​ផង​ដែរ​ កាល​ពី​ថ្ងៃ​ចន្ទ។​

ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​សហ​រដ្ឋ​អាមេរិក​នេះ ​បាន​បញ្ចប់​បម្រាម​ការ​ធ្វើ​ដំណើរ​រយៈ​ពេល​២០​ខែ​កន្លង​ទៅ​ ដែល​ប៉ះពាល់​ច្រើន​ដល់​ពិភព​លោក។​

ការ​រឹត​បន្តឹង​របស់​សហ​រដ្ឋ​អាមេរិក​ ត្រូវ​បាន​អនុវត្ត​ជាដំបូង​ចំពោះ​អ្នក​ដំណើរ​មក​ពី​ប្រទេស​ចិន​ កាល​ពី​ខែ​មករា​ ឆ្នាំ​២០២០​ និង​បន្ទាប់​មក​ត្រូវ​បាន​ពង្រីក​ដល់​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​ជុំវិញ​ពិភព​លោក​រួម​មាន​សហភាព​អឺរ៉ុប​ ចក្រភព​អង់គ្លេស​ ​ឥណ្ឌា​ និង​ប្រទេស​ប្រេស៊ីល​ផង​ដែរ។​

ម្យ៉ាង​ទៀតកាល​ពី​ថ្ងៃ​ចន្ទ​នេះ​ផង​ដែរ​ ​តំបន់​ជាច្រើន​នៅ​ប្រទេស​រុស្ស៊ី​ បាន​បិទ​បញ្ចប់​ការ​បិទ​ខ្ទប់​រយៈ​ពេល​មួយ​សប្តាហ៍​ ដែល​តម្រូវ​ឲ្យ​បិទ​ការិយាល័យ​នានា​ ដើម្បី​ទប់ទល់​ការ​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩​នោះ។​

ដោយឡែក​ ក្រុមហ៊ុន ​Regeneron ដែល​ផលិត​ថ្នាំ ​បាន​និយាយ​កាលពី​ថ្ងៃចន្ទ​ថា ​ដូស​ថ្នាំ​បង្កើន​អង្គបដិប្រាណ​សំយោគ​ បាន​កាត់​បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​កូវីដ១៩​ដល់​ទៅ​៨១,៦% ​ក្នុង​ការ​សាកល្បង​ដំណាក់​កាល​ចុងក្រោយ។ ​ក្រុមហ៊ុន​និយាយ​ថា ​ ការ​ព្យាបាល​បង្កើន​អង្គបដិប្រាណ​អាច​ប្រើ​សម្រាប់​អ្នក​ដែល​មាន​ជំងឺកូវីដ១៩​កម្រិត​ស្រាល​ទៅ​មធ្យម​ និង​សម្រាប់​ការពារ​ការឆ្លង​មេរោគ​ចំពោះ​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ប្រឈម​មុខ​នឹង​ជំងឺ៕​

ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ ​ដក​ស្រង់​ពី​ទីភ្នាក់ងារព័ត៌មាន​ Reuters the Associated Press និង Agence France-Presse។

XS
SM
MD
LG