បណ្តាញព័ត៌មាននានាបានរាយការណ៍ថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden មានគម្រោងចំណាយប្រាក់ ៥ ពាន់លានដុល្លារ ដើម្បីទិញថ្នាំព្យាបាលជំងឺកូវីដ១៩ ដែលទើបពិសោធន៍ថ្មីរបស់ក្រុមហ៊ុន Pfizer។
ការបង្ហាញនេះ បានធ្វើឡើងក្នុងពេលមួយថ្ងៃក្រោយមក បន្ទាប់ពីក្រុមហ៊ុន Pfizer បានប្រកាសថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយអង្គការ Medicines Patent Pool ដែលជាអង្គការសុខភាពសាធារណៈគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនផលិតឱសថមួយចំនួន ផលិតថ្នាំព្យាបាលជំងឺកូវីដ១៩ នេះ សម្រាប់ប្រទេសចំនួន ៩៥។
កិច្ចព្រមព្រៀងនេះ អនុញ្ញាតឱ្យផលិតថ្នាំព្យាបាលជំងឺកូវីដ១៩ នេះ ឲ្យបានគ្រប់គ្រាន់សម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម។
ក្រុមហ៊ុន Pfizer បានបញ្ជាក់ថា ថ្នាំព្យាបាលជំងឺកូវីដ១៩ របស់ខ្លួនដែលហៅថា Paxlovid នេះ ជួយកាត់បន្ថយហានិភ័យនៃការចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនិងការស្លាប់បានជិត ៩០% សម្រាប់អ្នកជំងឺកូវីដ១៩ ដែលមានអាការៈស្រាលទៅមធ្យម។
កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Pfizer និងអង្គការ Medicines Patent Pool នេះ បានធ្វើឡើង ស្របពេលដែលក្រុមហ៊ុន Pfizer បានដាក់ពាក្យទៅទីភ្នាក់ងារម្ហូបអាហារនិងឱសថ (FDA) របស់សហរដ្ឋអាមេរិកដើម្បីសុំការអនុញ្ញាតឱ្យប្រើឱសថនេះក្នុងគ្រាអាសន្ន៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះ ត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Associated Press និងទីភ្នាក់ងារព័ត៌មាន Reuters។