ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ពិភពលោក នឹង​ផ្តោត​លើ​ការប្រែប្រួល​អាកាស​ធាតុ​នៅក្នុង​សន្និសីទ​ចំនួន២​សប្តាហ៍


រូបឯកសារ៖ អណ្តាតភ្លើង​ឆេះ​ចេញពី​កន្លែង​ប្រេះ​ពីលើ​អណ្តូងរ៉ែ​ធ្យូងថ្ម​នៅក្នុង​ភូមិ Liloripathra ក្បែរ​ទីក្រុង Dhanbad ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា​ក្នុង​រដ្ឋ Jharkhand កាលពី​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។
រូបឯកសារ៖ អណ្តាតភ្លើង​ឆេះ​ចេញពី​កន្លែង​ប្រេះ​ពីលើ​អណ្តូងរ៉ែ​ធ្យូងថ្ម​នៅក្នុង​ភូមិ Liloripathra ក្បែរ​ទីក្រុង Dhanbad ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា​ក្នុង​រដ្ឋ Jharkhand កាលពី​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។

មេដឹកនាំ​ពិភព​លោក​ជាង​១០០​នាក់​ កំពុង​ប្រមូល​ផ្តុំគ្នា​សម្រាប់​កិច្ច​ប្រជុំ​កំពូល​នៅ​ថ្ងៃ​ចន្ទ​ ខណៈ​ចាប់ផ្តើម​ការងារ​នៅ​ក្នុង​សន្និសីទ​អង្គការ​សហ​ប្រជាជាតិ​អំពី​អាកាសធាតុ​រយៈ​ពេល​ពីរ​សប្តាហ៍។ គេ​រំពឹងថា​ ផ្នែក​ដែល​ផ្តោត​ការយកចិត្ត​ទុកដាក់​រួម​មាន​ការ​សន្យា​កំហិត​ការ​បំភាយ​ឧស្ម័ន​ធ្វើ​ឱ្យ​ផែនដី​ឡើង​កំដៅ​ និង​ការ​ផ្តល់​មូលនិធិ​ដើម្បី​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទប់ទល់​នឹង​ផលប៉ះពាល់​ពី​ការ​ប្រែប្រួល​អាកាសធាតុ។​

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​ Boris Johnson ​ដែល​ធ្វើជា​ម្ចាស់​ផ្ទះ​នៃ​សន្និសីទ​នៅ​ទីក្រុង ​Glasgow ​ប្រទេស​ ស្កុតលែន ត្រូវ​គេ​រំពឹង​ថា​ នឹង​សង្កត់ធ្ងន់​លើ​វិធាន​ការ​បន្ទាន់​ ដោយ​និយាយ​ថា​ មនុស្ស​លោក​បាន​រង់ចាំ​យូរពេក​ហើយ។​

គេរំពឹងថា​ លោក​ Johnson​ នឹង​លើក​ឡើង​ថាបើ​យើង​មិន​យកចិត្ត​ទុកដាក់​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ​ពេលនេះ​វា​នឹង​យឺត​ពេល​សម្រាប់​កូនចៅ​របស់​យើង​ដោះស្រាយបញ្ហា​នេះ​នៅ​ថ្ងៃក្រោយ»។​

លោក ​John Kerry ​បេសកជន​សហ​រដ្ឋ​អាមេរិក​ផ្នែក​អាកាសធាតុ​ បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅមុន​កិច្ច​ប្រជុំ​កំពូល​នៅ​ថ្ងៃចន្ទ​ថា ​គោល​ដៅ​សន្និសីទ​នេះ​ រួមមាន​ការ​បង្កើន​«មហិច្ឆតា​សកល​យ៉ាង​សំខាន់»​និង​សម្រាប់​ប្រទេស​នានា​ប្តេជ្ញា​ធ្វើ​អ្វីដែល​លោក​ហៅ​ថា​«សកម្មភាព​មួយ​ទសវត្សរ៍»​ដើម្បី​កំណត់​ការឡើង​កំដៅ​ផែន​ដី​ត្រឹម១,៥​អង្សាសេ​លើសពី​កម្រិត​មុន​មាន​ឧស្សាហ​កម្ម។​

លោក ​Kerry ​ក៏បាន​លើកឡើង​អំពី​តម្រូវ​ការ​ដោះស្រាយ​ផ្នែក​ហិរញ្ញ​វត្ថុ​ទប់ទល់​ការ​ប្រែប្រួល​អាកាសធាតុ​ ទាំង​ការ​ផ្តល់​មូលនិធិ​ដែល​បាន​សន្យា ​និង​ការជួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​សម្រាប់​ការ​ខូចខាត​ដល់​ប្រទេស​ទាំងនោះ។​

កិច្ច​ប្រជុំ​កំពូល​អំពី​អាកាសធាតុ​ធ្វើឡើង​បន្ទាប់ពី​កិច្ច​ប្រជុំ​របស់​មេដឹកនាំ​ប្រទេស​អ្នកមាន​ G-20 ​នៅ​ទីក្រុង​រ៉ូម​ប្រទេស​អ៊ីតាលី​ ដែល​មេដឹក​នាំ​ទាំង​នេះ​យល់ព្រម​ធ្វើ​ការ​ដើម្បី​បញ្ឈប់​ការ​បញ្ចេញ​កាបូន​នៅ​«ប្រហែល​ពាក់កណ្តាល​សតវត្សរ៍»​ ហើយ​បាន​សន្យាថា​ នឹង​បញ្ចប់​ហិរញ្ញប្បទាន​សម្រាប់​រោងចក្រ​ធ្យូងថ្ម​នៅ​បរទេស​នៅចុង​ឆ្នាំ​នេះ ​ ប៉ុន្តែ​ពួក​គេមិន​អាច​ព្រមព្រៀង​គ្នា​អំពី​ដំណាក់​កាល​ឈប់ប្រើ​ធ្យូ​ថ្ម​ក្នុង​ស្រុក។​

អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ ​លោក ​Antonio Guterres ​បាន​សរសេរ​នៅ​លើ ​Twitter​ ថា​ «ខ្ញុំ​ស្វាគមន៍​ការ​ប្តេជ្ញាចិត្ត​របស់​ប្រទេស ​#G20 ​អំពី​ដំណោះ​ស្រាយ​ជាសកល​នេះ​ ​ក្តី​សង្ឃឹម​របស់​ខ្ញុំពី​សន្និសីទ​ទីក្រុង​រ៉ូម​នេះ​មិន​បាន​បំពេញ ទេ​ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ក្តី​សង្ឃឹមទាំងនេះ​មិន​ត្រូវ​បាន​កប់​ចោល​ទេ»។​

ព័ត៌មានមួយចំនួននៅក្នុងសេចក្ដីរាយការណ៍នេះ ត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន The Associated Press Agence France-Presse និង Reuters។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG