ប្រធានាធិបតីចិនលោកXi Jinping នឹងចូលរួមក្នុងសន្និសីទកំពូលរបស់មេដឹកនាំក្រុមប្រទេសអ្នកមានចំនួន២០ ឬ G-20 នៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ពីថ្ងៃទី៣០ដល់ថ្ងៃទី៣១ខែតុលានេះ តាមការភ្ជាប់វីដេអូ។ នេះបើតាមការជូនដំណឹងមកពីក្រសួងការបរទេសចិននៅថ្ងៃសុក្រនេះហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានReuters។
សេចក្តីជូនដំណឹងបានប្រាប់ឲ្យដឹងថា លោកនឹងថ្លែងសុន្ទរកថានៅឯសន្និសីទកំពូល។ លោកXiមិនបានចាកចេញពីប្រទេសចិនទេចាប់តាំងពីដើមឆ្នាំ២០២០មក នៅពេលដែលការរាតត្បាតនៃជំងឺកូវីដ១៩បានបង្ហាញយ៉ាងច្បាស់។
មេដឹកនាំសំខាន់ៗមួយចំនួនតូចទៀតមកពីក្រុមប្រទេស G-20រួមមានប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ក៏នឹងមិនចូលរួមសន្និសីទដោយផ្ទាល់នោះទេ។
ប្រទេសអ៊ីតាលីដែលជាម្ចាស់ផ្ទះ សង្ឃឹមថា សន្និសីទកំពូលនេះនឹងឃើញពួកមេដឹកនាំជួបទល់មុខគ្នា។ ប្រធានាធិបតីអាមេរិកលោក Joe Biden បានបញ្ជាក់ថា លោកនឹងចូលរួមដោយផ្ទាល់។
ក្រុមG-20 ដែលបញ្ចេញឧស្ម័នកាបោនចំនួន៨០ភាគរយក្នុងសាកលលោក កំពុងពិចារណាវិធានការសំខាន់រឹងមាំ មុនសន្និសីទកំពូលពហុភាគីអំពីអាកាសធាតុលើកទី២៦ (COP26) របស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសស្កតលែនដែលចាប់ផ្តើមនៅថ្ងៃអាទិត្យខាងមុខនេះ។
ពួកអ្នកតាមឃ្លាំមើលអាកាសធាតុបាននិយាយថា លោក Xi មិនត្រូវបានគេរំពឹងថា នឹងចូល រួមដោយផ្ទាល់នៅក្នុងសន្និសីទកំពូលពហុភាគីអំពីអាកាសធាតុលើកទី២៦ ដែលអាចចង្អុលបង្ហាញថា ចិនដែលជាប្រទេសបញ្ចេញឧស្ម័នកាបូនិក (CO2)ច្រើនជាងគេបង្អស់ក្នុងពិភព លោក បានសម្រេចថា ខ្លួនមិនធ្វើសម្បទានទៀតទេនៅឯសន្និសីទកំពូលអំពីអាកាសធាតុលើកទី២៦របស់អង្គការសហប្រជាជាតិក្នុងប្រទេសស្កតលែនបន្ទាប់ពីការសន្យាសំខាន់ៗចំនួន៣ ចាប់តាំងកាលពីឆ្នាំទៅ៕