ក្រុមអ្នកជំនាញបរិស្ថានដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក លើកឡើងថាបណ្តាប្រទេសនានារួមទាំងកម្ពុជាផង គួររួមបញ្ចូលសហគមន៍មូលដ្ឋានទៅក្នុងផែនការបន្ស៊ាំ និងបង្កើនភាពធននឹងការប្រែប្រួលអាកាសធាតុ ជាជាងផ្តោតសំខាន់តែទៅលើការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។
អ្នកស្រី Sally Yozell អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់និងជានាយិកាកម្មវិធីសន្តិសុខបរិស្ថាននៃមជ្ឈមណ្ឌល Stimson ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានមានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយវីអូអេកាលពីថ្មីៗនេះថា ប្រទេសកម្ពុជា ចាំបាច់ត្រូវគិតគូរបន្ថែមទៀតពីផលប៉ះពាល់ជារួមនៃការប្រែប្រួលអាកាសធាតុ ជាពិសេសទៅលើសហគមន៍នៅតាមតំបន់ឆ្នេរសមុទ្រ។
«អ្នកវិទ្យាសាស្ត្រក្នុងស្រុក អ្នកដឹកនាំមូលដ្ឋាន អ្នកជំនួញក្នុងស្រុកព្រមទាំងកសិករនិងអ្នកនេសាទ ពួកគេដឹងច្រើនជាង។ ពួកគេដឹងថា មានអ្វីកើតឡើងនៅក្នុងមូលដ្ឋានផ្ទាល់និងនៅសមុទ្រ។ ពួកគេចាំបាច់ត្រូវតែត្រូវបានដាក់ចូលក្នុងការសម្រេចចិត្ត ដើម្បីជួយឲ្យយល់ពីបញ្ហាសង្គម សេដ្ឋកិច្ច និងបរិស្ថាន»។
ការលើកឡើងនេះ ធ្វើឡើង ខណៈដែលបណ្តាមេដឹកនាំប្រទេស និងក្រុមមន្ត្រីមកពីជិត២០០ប្រទេស គ្រោងនឹងជួបជុំគ្នាក្នុងសន្និសីទកំពូលស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៦ ក្នុងទីក្រុង Glasgow ប្រទេសស្កុតលែនដែលជារដ្ឋស្វយ័តនៅក្នុងចក្រភពអង់គ្លេសចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។
អ្នកស្រី Sally Yozell បន្តថា កម្ពុជា គួរតែតែស្តាប់កង្វល់របស់ប្រជាសហគមន៍ដែលមានជីវភាពពឹងអាស្រ័យទៅលើធនធានធម្មជាតិ ហើយដែលងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុឲ្យបានច្រើន ដោយមិនគ្រាន់តែផ្តោតតែទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនោះទេ។ អ្នកស្រី ថ្លែងយ៉ាងដូច្នេះថា៖
«បើមិនអ៊ីចឹងទេ អ្នកនឹងមានតែសណ្ឋាគារធំៗ និងផ្លូវ ឬកំពង់ផែខ្លះ ត្រូវបានសាងសង់នៅកន្លែងណាមួយដោយគ្មានការយល់ដឹងក្នុងមូលដ្ឋានថា តើប្រព័ន្ធអេកូឡូស៊ីដំណើរការយ៉ាងដូចម្តេច។ ដូច្នេះ ខ្ញុំគិតថា នេះ គឺជាការនិយាយយោងដ៏សំខាន់បំផុតដែលអាចបញ្ជូនទៅដល់ប្រជាជនកម្ពុជា»។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា បានប្រែប្រួលគួរឲ្យកត់សម្គាល់ ជាពិសេស គឺការរីកដុះដាលឡើងនូវសំណង់អាគារខ្ពស់ៗនិងផ្លូវខ្វាត់ខ្វែងនៅក្នុងខេត្តព្រះសីហនុ និងគម្រោងអភិវឌ្ឍន៍ជាច្រើនទៀតនៅខេត្តកោះកុង កែប និងកំពត។
អ្នកស្រី Sally Yozell បន្ថែមថា៖ «វានឹងជារឿងអាម៉ាស់ដ៏ពិតប្រាកដមែន បើការអភិវឌ្ឍសេដ្ឋកិច្ច ត្រូវបានផ្តល់អាទិភាពហួសពីការការពារពីការប្រែប្រួលអាកាសធាតុ»។
សហគមន៍នេសាទនៅតាមតំបន់ឆ្នេរសមុទ្រក្នុងប្រទេសកម្ពុជា បានប្រឈមនឹងអាកាសធាតុប្រែប្រួលមិនទៀងទាត់ដូចជាខ្យល់កន្ត្រាក់ និងខ្យល់ព្យុះកាន់តែញឹកញាប់និងកាន់តែខ្លាំងជាងមុន។ ប្រជាកសិករក្នុងសហគមន៍ ក៏រងផលប៉ះពាល់ពីការជ្រាបចូលទឹកប្រៃពីសមុទ្រទៅក្នុងស្រែចម្ការរបស់ពួកគេ ដោយសារតែការកើនឡើងនូវកម្រិតទឹកសមុទ្រដែលអ្នកវិទ្យាសាស្ត្របរិស្ថាននិយាយថា បណ្តាលមកពីការប្រែប្រួលអាកាសធាតុ។
អ្នកស្រី Carolyn Kousky នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលវិភាគនិងគ្រប់គ្រងហានិភ័យ Wharton នៃសកលវិទ្យាល័យ Pennsylvania ក្នុងសហរដ្ឋអាមេរិក និងជាការីនិពន្ធម្នាក់នៃសៀវភៅដែលមានចំណងជើងថា «ផែនទីបង្ហាញផ្លូវសម្រាប់ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៅតាមតំបន់ឆ្នេរ» ឬ "A Blueprint for Coastal Adaptation: Uniting Design, Economic, and Policy" បានថ្លែងក្នុងវេទិកាតាមអនឡាញមួយកាលពីពេលកន្លងទៅថ្មីៗនេះថា ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ បានកើតមានក្នុងពេលបច្ចុប្បន្ននេះរួចទៅហើយ ហើយវាមានសភាពកាន់តែធ្ងន់ធ្ងរឡើងៗ។
អ្នកស្រីបន្ថែមថា អ្នកធ្វើគោលនយោបាយនិងអ្នកសម្រេចចិត្ត ចាំបាច់ត្រូវតែផ្តោតការយកចិត្តដាក់បន្ថែមទៀតទៅលើប្រជាសហគមន៍មូលដ្ឋានជាពិសេសពលរដ្ឋដែលរស់នៅតាមតំបន់ឆ្នេរ និងពឹងអាស្រ័យទៅលើធនធានសមុទ្រ សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
អ្នកស្រី Carolyn Kousky បានបន្ថែមថា៖ «ការបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមតំបន់ឆ្នេរ មិនមែនផ្តោតតែទៅលើការប្រើប្រាស់ដីធ្លីក្បែរផ្លូវទឹកប៉ុណ្ណោះទេ តែវាក៏ផ្តោតទៅលើប្រជាជនដែលរស់នៅក្នុងតំបន់នោះ និងរបៀបដែលយើងអាចជួយពួកគេឲ្យបន្តរីកចម្រើនទៅមុខបាន»។
លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធានាសុវត្ថិភាពសិទិ្ធកាន់កាប់និងគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិសម្រាប់សហគមន៍នេសាទងាយរងគ្រោះនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា បានមានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយវីអូអេថា មធ្យោបាយដ៏ល្អមួយសម្រាប់កាត់បន្ថយហានិភ័យនៃផលប៉ះពាល់ការប្រែប្រួលអាកាសធាតុទៅលើសហគមន៍នៅតាមមាត់សមុទ្រ គឺការបញ្ចូលប្រជាសហគមន៍ទៅក្នុងការសម្រេចចិត្ត។
លោក វណ្ណ សុផាតបានបន្ថែមថា៖ «ដើម្បីកុំឲ្យការប្រែប្រួលអាកាសធាតុកាន់តែមានភាពធ្ងន់ធ្ងរទៅ យើងត្រូវមានការសម្រេចចិត្ត។ សហគមន៍ក៏ដោយ ឬក៏ស្ថាប័នដែលគ្រប់គ្រងការបម្រែបម្រួលអាកាសធាតុ ឬក៏ការគ្រប់គ្រងបរិស្ថានជាដើមហ្នឹង ត្រូវកំណត់ខ្លួនឯង ហើយត្រូវដឹងអំពីបញ្ហាឫសគល់នៃការបម្រែបម្រួលអាកាសធាតុ និងដែលធ្វើឲ្យមានរងផលប៉ះពាល់ដល់មនុស្សជាទូទៅនៅស្រុកយើងក៏ដូចជានៅទូទាំងពិភពលោកដែរ»។
ក្រោមកិច្ចព្រមព្រៀងប៉ារីសស្តីពីការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុឆ្នាំ២០១៥ បណ្តាប្រទេសជាហត្ថលេខី បានប្តេជ្ញាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់របស់ខ្លួនរៀងៗខ្លួន ដើម្បីទប់កុំឲ្យកម្តៅផែនដីកើនឡើងលើស១,៥ អង្សាសេ ធៀបនឹងកម្រិតមុនសម័យឧស្សាហកម្ម ពីព្រោះការកើនឡើងកម្តៅសកលលើសកម្រិតនេះ នឹងបង្កឲ្យមានវិនាសកម្មបរិស្ថានដ៏ហិនហោចបំផុត។ នេះ បើផ្អែកតាមអ្នកវិទ្យាស្ថានបរិស្ថាន។
លោក ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុនៃក្រសួងបរិស្ថានកម្ពុជា ប្រាប់វីអូអេកាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជា ពិតជាងាយរងគ្រោះពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ដោយសារកត្តាសេដ្ឋកិច្ច សមត្ថភាពឆ្លើយតប ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ និងការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការត្រៀមខ្លួនឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុ នៅមានកម្រិតនៅឡើយ។
លោកបន្ថែមថា តំបន់ឆ្នេរក៏ទទួលរងពីផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុធ្ងន់ធ្ងរផងដែរ ក្នុងនោះមានការជ្រាបចូលទឹកប្រៃ ការកើនឡើងនីវ៉ូទឹកសមុទ្រ ខ្យល់ព្យុះ ទឹកជំនន់ញឹកញាប់ និងធ្ងន់ធ្ងរជាងមុន ការហូរច្រោះ និងការបាក់ដីជាដើម។
លោកថ្លែងថា៖ «យើងឃើញថា ខេត្តព្រះសីហនុយើង គឺកំពុងតែទទួលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុហ្នឹងធ្ងន់ធ្ងរជាងគេ ប៉ុន្តែរយៈពេលវែង ប្រសិនបើនីវ៉ូកម្ពស់ទឹកសមុទ្រ កើនឡើង តាមការព្យាករ យើងឃើញថា ខេត្តកោះកុង ជាខេត្តដែលងាយរងលិចជាងគេ»។
លោក ហាក់ ម៉ៅ បន្ថែមថា នីវ៉ូទឹកសមុទ្រនៅកម្ពុជា នឹងអាចកើនឡើងដល់មួយម៉ែត្រ ឬពីរម៉ែត្រនៅឆ្នាំ២១០០ តាមការព្យាករ ហើយវានឹងអាចជនលិចទីរួមខេត្តកោះកុង។
ប៉ុន្តែ លោកបានអះអាងថា រដ្ឋាភិបាលកម្ពុជា បានធ្វើការងារច្រើនក្នុងការកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរដែលកើតឡើងដោយបម្រែបម្រួលអាកាសធាតុនេះ។
ទោះជាយ៉ាងនេះក្តី លោក អ៊ុក សុវណ្ណរិទ្ធ ប្រធានសហគមន៍ព្រែកត្នោត ជាសហគមន៍ជាប់មាត់សមុទ្រក្នុងខេត្តកំពត បានប្រាប់វីអូអេក្នុងបទសម្ភាសន៍ថា ប្រជាសហគមន៍របស់លោក បានរងគ្រោះដោយផ្ទាល់ពីការប្រែប្រួលអាកាសធាតុនេះដោយសារខ្យល់បោកបក់កាន់តែមានសណ្ឋានធ្ងន់ធ្ងរ និងកម្រិតខ្លាំងឡើងៗដែលមិនធ្លាប់មានពីមុនមក។
«យើងមើលឃើញខុសពីមុន ខុសប្រក្រតី ដោយសារការបម្រែបម្រួលអាកាសធាតុហ្នឹង ពេលឥឡូវភ្លៀងអត់សូវញឹកញាប់ទេ ប៉ុន្តែបើមកម្តងៗ គឺមកទាំងទឹកមកទាំងខ្យល់ មកម្តងៗខ្លាំងណាស់»៕