សុន្ទរកថាស្តីពីគោលនយោបាយការបរទេស«គិតពីសហរដ្ឋអាមេរិកមុន»របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ទៅកាន់សម័យប្រជុំមហាសន្និបាតរបស់អង្គការសហប្រជាជាតិលើកទី៧៣ បានធ្វើឲ្យមានប្រតិកម្មចម្រុះពីសំណាក់មេដឹកនាំពិភពលោក។
ក្រោយពីថ្លែងសិន្ទរកថារបស់លោករយៈ៣-៤នាទីទៅកាន់មហាសន្និបាតរបស់អង្គការសហប្រជាជាតិភ្លាម លោកប្រធានាធិបតី ត្រាំបានទទួលការឆ្លើយតបមិនប្រក្រតីមួយ។ ប្រធានាធិបតីត្រាំបានថ្លែងថា៖ «មិនដល់រយៈពេល២ឆ្នាំផង រដ្ឋបាលរបស់ខ្ញុំបានសម្រេចការងារច្រើនជាងរដ្ឋបាលផ្សេងទៀតនៅក្នុងប្រវត្តិសាស្រ្តរបស់យើង។ជាការពិត។ ខ្ញុំមិនរំពឹងថា មានប្រតិកម្មសោះ ក៏ប៉ុន្តែ មិនអីទេ»។
ដោយថ្លែងសុន្ទរកថាស្រដៀងគ្នារបស់លោកកាលពីឆ្នាំទៅដែរ ប្រធានាធិបតីត្រាំបានសរសើរការស្នេហាជាតិជាជាងផ្តោតលើសាកលភាវូបនីយកម្ម ក៏ប៉ុន្តែ មេដឹកនាំខ្លះក្នុងសហគមន៍អន្តរជាតិបានរិះគន់តបវិញ។
ក្នុងការអំពាវនាវទៅលើការចាត់វិធានការចំពោះការប្រែប្រួលអាកាសធាតុ លោកប្រធានាធិបតីបារាំងបានអំពាវនាវដល់ប្រទេសនានាឲ្យច្រានចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសណាដែលមិនមានឆន្ទៈធ្វើទៅតាមកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស ដែលសហរដ្ឋអាមេរិកបានដកខ្លួនចេញ។
លោក Emmanuel Macron ប្រធានាធិបតីនៃប្រទេសបារាំងបាននិយាយថា៖ «យើងនឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយជាមួយប្រទេសដែលមិនគោរពកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសទេ។ ចូរធ្វើឲ្យប្រាកដថា ការសន្យាខាងពាណិជ្ជកម្មរបស់យើងគឺ រួមបញ្ចូលការដាក់កម្រិតខាងបរិស្ថាននិងសង្គម»។
មុនពេលថ្លែងសន្ទរកថារបស់លោក ប្រធានាធិបតី ត្រាំ បានធ្វើការរិះគន់ប្រទេសអ៊ីរ៉ង់យ៉ាងខ្លាំង។ ប្រធានាធិបតីត្រាំបានថ្លែងថា៖ «ប្រទេសអ៊ីរ៉ង់ត្រូវតែកែប្រែគោលជំហររបស់ខ្លួនមុនពេលខ្ញុំជួបជាមួយពួកគេ។ ពួកគេចង់ជួបខ្ញុំ។ ខ្ញុំនឹងមិនជួបជាមួយពួកគេទេរហូតទាល់តែពួកគេផ្លាស់ប្តូរជំហររបស់ខ្លួនសិន។ វានឹងកើតមានឡើង ខ្ញុំជឿថា ពួកគេមិនមានជម្រើសទេ។ យើងរំពឹងនឹងមានទំនាក់ទំនងដ៏អស្ចារ្យជាមួយអ៊ីរ៉ង់»។
ក៏ប៉ុន្តែ ប្រធានាធិបតីអ៊ីរ៉ង់បានស្តីបន្ទោសសហរដ្ឋអាមេរិកវិញ។ ប្រធានាធិបតី Hassan Rouhani នៃប្រទេសអ៊ីរ៉ង់បានថ្លែងថា៖ «ខ្ញុំនឹងចាប់ផ្តើមកិច្ចសន្ទនានៅទីនេះហើយបញ្ជាក់ដោយច្បាស់លាស់ថា សំណួរអំពីសន្តិសុខអន្តរជាតិមិនមែនជាឧបករណ៍ក្នុងនយោបាយអាមេរិកទេ។ អង្គការសហប្រជាជាតិមិនមែនជាផ្នែកមួយនៃរដ្ឋបាលរបស់សហរដ្ឋអាមេរិកទេ»។
ចាប់តាំងពីការដកខ្លួនចេញពីសន្ធិសញ្ញាពហុភាគីរហូតដល់ការយកពន្ធគយលើទំនិញបរទេស អ្នកជំនាញខ្លះបាននិយាយថា ការណ៍នេះជាផ្នែកមួយនៃយុទ្ធសាស្រ្តដ៏ធំដើម្បីបង្អាក់ស្ថានភាពនៅដដែល។
លោក Charles Kupchan នៃក្រុមប្រឹក្សាទំនាក់ទំនងការបរទេសបាននិយាយថា៖ «ការណ៍នេះផ្តល់ផលប៉ះពាល់ដល់សណ្តាប់ធ្នាប់ក្រោយសង្គ្រាមលោកលើកទី២ពីព្រោះសហរដ្ឋអាមេរិកបានបង្កើតសណ្តាប់ធ្នាប់នេះ។សហរដ្ឋអាមេរិកជាស្ថាបត្យករនិងជាអ្នកការពារដ៏សំខាន់មួយ។ ដូច្នេះ នរណាម្នាក់នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនដែលព្យាយាមបំផ្លាញសណ្តាប់ធ្នាប់នេះជាការផ្លាស់ប្តូរដ៏ធំមួយ»។
សម័យប្រជុំរបស់អង្គការសហប្រជាជាតិនៅសប្តាហ៍នេះបន្តរហូតដល់ថ្ងៃសុក្រ ដោយ យកបញ្ហាប្រទេសកូរ៉េខាងជើងនិងការរីកសាយអាវុធនុយក្លេអ៊ែស្ថិតជារបៀបវារៈក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ៕
ប្រែសសម្រួលដោយ ជឹង ប៉ូជីន