ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា «ប្រទេសអ៊ីរ៉ង់ត្រូវតែត្រឡប់មកចរចាវិញ» ប្រសិនបើប្រទេសនេះមិនចង់ទទួលរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជុំថ្មីនោះទេ។
ដោយថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងទីក្រុង New York កាលពីថ្ងៃពុធម្សិលមិញ លោក Trump បានការពារការសម្រេចចិត្តរបស់លោកនៅក្នុងការដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ដែលជាកិច្ចព្រមព្រៀងមួយតម្រូវឲ្យអ៊ីរ៉ង់លះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដើម្បីជាថ្នូរនឹងការទទួលបានការដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីប្រទេសរបស់ខ្លួន។
លោក Trump និយាយដូច្នេះថា៖ «ប្រទេសអ៊ីរ៉ង់មានអតិផរណាធ្ងន់ធ្ងរ។ រូបិយវត្ថុរបស់អ៊ីរ៉ង់គឺគ្មានតម្លៃអ្វីនោះទេ។ អ្វីៗទាំងអស់គឺមិនដំណើរការល្អទេនៅក្នុងប្រទេសអ៊ីរ៉ង់»។
លោក Trump បន្ថែមទៀតថា៖ «ពេលខ្លះ ខ្ញុំគិតថា អ៊ីរ៉ង់មានបំណងចង់ត្រឡប់មកចរចា។ រឿងគឺវាងាយស្រួលដូច្នេះ គឺខ្ញុំគ្រាន់តែមិនចង់ឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរតែប៉ុណ្ណោះ»។
ក្នុងនាមជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធម្សិលមិញ លោក Trump បានលើកឡើងភាគច្រើនអំពីប្រធានបទទាក់ទងនឹងការរារាំងមិនឲ្យមានការរីកសាយភាយអាវុធនុយក្លេអ៊ែរ ដើម្បីរិះគន់ទៅលើប្រទេសអ៊ីរ៉ង់ ដោយហៅរដ្ឋាភិបាលអ៊ីរ៉ង់ថាជា «អ្នកគាំទ្រអំពើភេរវកម្មនាំមុខនៅលើពិភពលោក»។
លោក Trump បានអះអាងថា «ភាពគឃ្លើនរបស់ប្រទេសអ៊ីរ៉ង់បានកើនឡើង» បន្ទាប់ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ត្រូវបានបង្កើតឡើងតែប៉ុណ្ណោះ។ រដ្ឋបាលរបស់លោក Trump បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះកាលពីដើមឆ្នាំនេះ។
លោក Trump បានបញ្ជាក់សារជាថ្មីថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយអតីតប្រធានាធិបតីអាមេរិកលោក Barack Obama នេះ គឺជាកិច្ចព្រមព្រៀងដ៏អាក្រក់ ដែលផ្ដល់ផលប្រយោជន៍ឲ្យតែប្រទេសអ៊ីរ៉ង់៕