ពួកមេដឹកនាំពិភពលោកកាលពីអតីតកាលនិងបច្ចុប្បន្នបានជួបជុំគ្នានៅក្នុងទីក្រុង Strasbourg ប្រទេសបារាំងកាលពីថ្ងៃសៅរ៍ដើម្បីគោរពវិញ្ញាណក្ខន្ធសពលោក Helmut Kohl អតីអធិការបតីនៃប្រទេសអាល្លឺម៉ង់ដែលបានទទួលការសរសើរចំពោះការបង្រួបបង្រួមប្រទេសអាល្លឺម៉ង់ខាងកើតនិងខាងលិចនៅក្នុងឆ្នាំ១៩៩០។
លោក Kohl ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី១៦ ខែមិថុនា ក្នុងជន្មាយុ៨៧ឆ្នាំ ជាមេដឹកនាំលើកដំបូងដែលត្រូវបានគេគោរពវិញ្ញាណក្ខន្ធដោយមានការធ្វើពិធីនៅសភាអឺរ៉ុបក្នុងទីក្រុង Strasbourg។
មេដឹកនាំពិភពលោកជាច្រើន រួមមានលោកស្រី Angela Merkel អធិការបតីនៃប្រទេសអាល្លឺម៉ង់ លោកប្រធានាធិបតី Emmanuel Macron នៃប្រទេសបារាំង លោកស្រីនាយករដ្ឋមន្រ្តី Theresa May នៃចក្រភពអង់គ្លេសហើយនិងលោក Bill Clinton អតីតប្រធានាធិបតីសហរដ្ឋអាមេរិកបានចូលរួមជាមួយក្រុមគ្រួសារលោក Kohl ដើម្បីគោរពវិញ្ញាណក្ខន្ធរបស់លោក Kohl។
ក្នុងអំឡុងនៃការធ្វើសុន្ទរកថា លោកអតីតប្រធានាធិបតីគ្លីនតុន បានថ្លែងទៅកាន់មេដឹកនាំពិភពលោកផ្សេងទៀតដែលបានប្រមូលផ្តុំគ្នានៅឯពិធីបុណ្យសពនោះហើយបានសួរមេដឹកនាំទាំងនោះថា តើហេតុអ្វីបានជាពួកអស់លោកមកទីនេះ។
លោកអតីតប្រធានាធិបតីគ្លីនតុន បាននិយាយថា៖ «តើហេតុអ្វីបានអស់លោកមកទីនេះ? ពីព្រោះតែ លោក Helmut Kohl បានផ្តល់ឲ្យយើងនូវឱកាសដែលធ្វើឲ្យយើងទាក់ទិននៅក្នុងអ្វីដែលធំជាងខ្លួនរបស់យើង ធំជាងការកាន់ដំណែងរបស់យើង ធំជាងអាជីពរបស់យើង។ ពីព្រោះតែយើងទាំងអស់គ្នា មិនយូរមិនឆាប់ នឹងស្ថិតនៅក្នុងមឈូសដូចនេះដែរ។ ហើយអំណោយតែមួយគត់ដែលយើងបន្សល់ទុកសម្រាប់អនាគតដ៏ប្រសើរមួយសម្រាប់កូនចៅរបស់យើង គឺសេរីភាពដើម្បីធ្វើការជ្រើសរើសដោយខ្លួនឯង រួមទាំងកំហុសរបស់ខ្លួនគេផង»៕