អង្គការសុខភាពពិភពលោក WHO បានលើកឡើងថា ការរីករាលដាលនៃវីរុសកូរ៉ូណាដែលបង្កជំងឺកូវីដ១៩ កំពុងមានការកើនឡើងក្នុងចំណោមពលរដ្ឋវ័យក្មេងនៅជុំវិញពិភពលោក។
នាយកអង្គការសុខភាពពិភពលោកសម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច លោកបណ្ឌិត Takeshi Kasai បានឲ្យដឹងនៅថ្ងៃអង្គារក្នុងអំឡុងសន្និសីទសារព័ត៌មានថា ដំណើរការរាតត្បាតនៃជំងឺកូវីដ១៩ កំពុងមានការផ្លាស់ប្តូរ ហើយកំពុងឆ្លងកាន់តែច្រើនឡើង ទៅលើមនុស្សពេញវ័យដែលមានអាយុចន្លោះ២០ឆ្នាំ ៣០ឆ្នាំ និង៤០ឆ្នាំ ជាពិសេសក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលមានមនុស្សរស់នៅសរុបប្រមាណជិត១.៩០០ លាននាក់។
លោកបណ្ឌិត Kasai បញ្ជាក់ថាមនុស្សក្នុងក្រុមដែលមានអាយុពេញវ័យទាំងនេះ មិនបានដឹងថា ពួកគេបានឆ្លងជំងឺកូវីដ១៩នោះទេ ដោយសារអ្នកខ្លះមានអាការៈក្នុងខ្លួនបន្តិចបន្តួច ហើយខ្លះទៀតមិនមានរោគសញ្ញាអ្វីទាល់តែសោះ ដែលនេះមានន័យថា ពួកគេបាននិងកំពុងចម្លងវីរុសកូរ៉ូណាដោយមិនដឹងខ្លួនទៅដល់អ្នកដទៃ។
លោកបន្តថា ប្រការនេះបានបង្កើននូវហានិភ័យនៃការចម្លងដល់អ្នកដែលងាយទទួលរងគ្រោះខ្លាំង ដូចជា មនុស្សចាស់ អ្នកកំពុងមានជំងឺ អ្នកដែលកំពុងស្ថិតក្នុងការព្យាបាលរយៈពេលវែង និងមនុស្សដែលរស់នៅតំបន់ទីក្រុងដែលមានមនុស្សច្រើនកុះករ និងតំបន់ជនបទដែលខ្វះសេវាកម្មជាដើម។
ការប្រកាសរបស់លោក Kasai នេះ ធ្វើឡើងតែប៉ុន្មានម៉ោង ក្រោយពេលដែលមន្ត្រីនៃសាកលវិទ្យាល័យ North Carolina at Chapel Hill ក្នុងរដ្ឋ North Carolina ដែលជាសាលាដ៏ធំបំផុតមួយក្នុងសហរដ្ឋអាមេរិក បានប្រកាសលុបចោលការរៀនក្នុងថ្នាក់ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដោយផ្លាស់ឲ្យមានការរៀនតាមប្រព័ន្ធអនឡាញវិញ គឺមួយសប្តាហ៍បន្ទាប់ពីថ្នាក់រៀនបានបើកឡើងវិញសម្រាប់ការសិក្សាក្នុងឆមាសក្នុងរដូវកាលសិក្សាថ្មី។
កាលពីថ្ងៃចន្ទ មន្រ្តីសាលាបានឲ្យដឹងថា មាននិស្សិតប្រមាណ១១៧នាក់ ត្រូវបានរកឃើញថា មានវីរុសកូរ៉ូណា ហើយនិស្សិតប្រមាណ ៣៥០ នាក់ផ្សេងទៀតត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែក ក្នុងកន្លែងនិស្សិតស្នាក់នៅក្នុងសាកលវិទ្យាល័យ និងតាមផ្ទះក្រៅបរិវេណសាលា ដោយសារតែលទ្ធភាពដែលពួកគេអាចឆ្លងវីរុសកូរ៉ូណាផងដែរ។
គិតមកត្រឹមថ្ងៃអង្គារនេះ នៅជុំវិញពិភពលោក វីរុសកូរ៉ូណាបានឆ្លងដល់មនុស្សជិត២២លាននាក់ ហើយជំងឺកូវីដ១៩បានសម្លាប់ជីវិតមនុស្ស ៧៧៥.០០០នាក់៕