ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តេស្ត​រក​ជំងឺ​កូវីដ១៩ ដោយ​ប្រើ​ទឹក​មាត់ ដែល​បង្កើត​ដោយ​សាកលវិទ្យាល័យ Yale ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នៅ​អាមេរិក


មន្ត្រី​ការិយាល័យ​ពន្លត់​អគ្គីភ័យ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ នៅ​ក្រុង Hialeah រដ្ឋ Florida សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី ៦​ ខែសីហា ឆ្នាំ​២០២០។
មន្ត្រី​ការិយាល័យ​ពន្លត់​អគ្គីភ័យ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ នៅ​ក្រុង Hialeah រដ្ឋ Florida សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី ៦​ ខែសីហា ឆ្នាំ​២០២០។

ការ​ធ្វើ​តេស្ត​មួយ​ដោយ​ប្រើ​ទឹកមាត់​ដើម្បី​រក​ជំងឺ​កូវីដ១៩ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សាកលវិទ្យាល័យ Yale និង​ត្រូវ​បាន​ផ្ដល់​ថវិកា​ដោយ​សមាគម​បាល់បោះ​ជាតិ​អាមេរិក NBA ត្រូវ​បាន​ទីភ្នាក់ងារ​ម្ហូប​អាហារ និង​ឱសថ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​កាល​ពី​ថ្ងៃ​សៅរ៍​សម្រាប់​ករណី​បន្ទាន់។

តេស្ដ​ឈ្មោះ​ថា SalivaDirect គឺ​ជា​តេស្ត​ទី ៥ សម្រាប់​ការ​ប្រើ​ទឹក​មាត់​ដើម្បី​រក​ជំងឺ​កូវីដ១៩ ដែល​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ពី​ទីភ្នាក់ងារ​ម្ហូប​អាហារ និង​ឱសថ។ ទីភ្នាក់ងារ​នេះ​បាន​ឲ្យ​ដឹង​ថា តេស្ត​នេះ​យក​ទឹក​មាត់​ពី​អ្នក​ដែល​គិត​ថា​ខ្លួន​មាន​វីរុស​កូរ៉ូណា ដើម្បី​ពិនិត្យ​រក​វីរុស។

តេស្ត​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ផ្ដល់​លទ្ធផល​មិន​ដល់ ២៤ ម៉ោង​ផង ដែល​លឿន​ជាង​មុន និង​ថោក​ជាង​មុន ដែល​មាន​តម្លៃ​ត្រឹម​តែ​ប្រមាណ ១០ ដុល្លារ​ប៉ុណ្ណោះ។ តេស្ត​នេះ​ក៏​សាមញ្ញ​ជាង​មុន​ផង​ដែរ ដោយ​គ្រាន់តែ​ប្រើ​ទឹក​មាត់ ដោយ​មិន​បាច់​លូក​ជ្រៅ​ចូល​ទៅ​ក្នុងច្រមុះ​ដើម្បី​យក​សំណាក​នោះ​ទេ។

សាកលវិទ្យាល័យ Yale បាន​ឲ្យ​ដឹង​ថា សមាគម​បាល់បោះ​ជាតិ​អាមេរិក NBA និង​សមាគម​កីឡាករ​បាល់បោះ​ជាតិ បាន​សហការ​ជាមួយ​នឹង​មហាវិទ្យាល័យ​សុខភាព​សាធារណៈ​នៃ​សាកលវិទ្យាល័យ Yale កាល​ពី​ខែ​មិថុនា ហើយ​បាន​ប្រើប្រាស់ SalivaDirect ដើម្បី​ធ្វើ​តេស្ត​កីឡាករ គ្រូ​បង្វឹក និង​បុគ្គលិក នៅ​ក្នុង​ក្រុម​មួយ​ចំនួន ដែល​មិន​មាន​រោគសញ្ញា​ជំងឺ​កូវីដ១៩។

ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​តេស្ត​ថ្មី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ខណៈ​ដែល​ការ​ធ្វើ​តេស្ត​រក​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សហរដ្ឋអាមេរិក​ជា​រៀងរាល់​ថ្ងៃ​ ​បាន​ថយចុះ​ជា​លើក​ដំបូង បើ​ទោះ​ជា​មាន​ការ​អំពាវនាវ​ពី​ក្រុម​មន្ត្រី​សុខភាព​សាធារណៈ និង​មន្ត្រី​រដ្ឋាភិបាល​សហព័ន្ធ ឲ្យ​បង្កើន​ការ​ធ្វើ​តេស្ត​យ៉ាង​ច្រើន​ថែម​ទៀត​នៅ​ក្នុង​សហរដ្ឋអាមេរិក​ក៏​ដោយ។ សហរដ្ឋអាមេរិក​នៅ​តែ​មាន​ចំនួន​ករណី​ឆ្លង និង​ករណី​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក៕

XS
SM
MD
LG