ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ថ្មីៗ​នៅ​ក្នុង​អគារ​ការិយាល័យ​ក្នុង​ក្រុង​ហ្សាការតា


រូបឯកសារ៖ ស្រ្តីពាក់ម៉ាស់ម្នាក់ដើរកាត់រូបគំនូរលើជញ្ជាំងមួយនៅជាយក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ ស្រ្តីពាក់ម៉ាស់ម្នាក់ដើរកាត់រូបគំនូរលើជញ្ជាំងមួយនៅជាយក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។

កាល​ពីពីរ​ខែ​មុន​នេះ​ ក្រុង​ហ្សាការតា​ធ្វើ​អន្តរកាល​ចេញ​ពី​ការ​រឹតត្បិត​ទ្រង់ទ្រាយ​ធំ​ដែល​ធ្វើ​ឡើង​ដើម្បី​បន្ថយ​ការ​រាលដាល​នៃ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ ហើយ​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋដូចជា ​អ្នក​ស្រី​ Sri Hendary​ ធ្វើ​សកម្មភាព​ធម្មតា​ជាថ្មី​វិញ​ដូច​ជា​ធ្វើការ​ក្នុង​ការិយាល័យ​ជា​ដើម។​

ក៏​ប៉ុន្តែ​កាល​ពី​ថ្ងៃ​ចន្ទ​ ទី​៣​ ខែសីហា​ អ្នក​ស្រី​ Sri ​បាន​ធ្វើការ​ពីផ្ទះ​ឡើង​វិញ​នៅ​ពេល​ការិយាល័យ​របស់​អ្នក​ស្រី​បាន​សម្រេច​ថា​ ​ការ​ប្រថុយ​ប្រថាន​ឆ្លង​វីរុស​នេះ​ក្នុង​កន្លែង​ធ្វើ​ការ​មាន​កម្រិត​ខ្ពស់​ពេក។​

អ្នក​ស្រី​ Sri​ ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​នាវា​មួយ​ដែល​គោរព​តាម​វិធានការ​ខាង​សុខភាព​តឹងរ៉ឹង​ ​នៅ​ក្នុង​អគារ​ការិយាល័យ​ភាគ​ច្រើន​ក្នុង​ក្រុង​ហ្សាការតា។ ​អ្នក​ស្រី​បាន​និយាយ​ថា៖​ «នៅ​ពេល​នេះ​យើង​ធ្វើការ​ដាក់​វេន​គ្នា»។​

អ្នក​ស្រី​បាន​ពន្យល់​ថា៖ ​«នៅ​ក្នុង​អគារ​យើង​មនុស្ស​គ្រប់គ្នា​ត្រូវ​ឆែក​កម្តៅ​ខ្លួន ​ដោយ​ប្រដាប់​ស្កេន​កំដៅ​ សម្អាត​ដៃ​ និង​ស្បែក​ជើង​ ដោយ​សម្លាប់​មេរោគ​និង​ត្រូវ​ពាក់​ម៉ាស់​រាល់​ពេល»។​

អ្នក​ចាត់​ចែង​កិច្ចការ​របស់​អ្នក​ស្រី​បាន​ចាត់​វិធានការ​នៅ​ពេល​មាន​ការ​រាលដាល​ថ្មីៗ​នៃ​ជំងឺ​នេះ។​

អ្នក​ស្រី​ Sri ​បាន​និយាយ​ទៀត​ថា៖​ «ពួក​បុគ្គលិក​មក​ការិយាល័យ​ម្តង​ក្នុង​មួយ​អាទិត្យ​ហើយ​ធ្វើ​ការ​តែ​ពីរ​បី​ម៉ោង​ប៉ុណ្ណោះ​ ​ ​ក៏ប៉ុន្តែ​សម្រាប់​ពួក​ជន​អាយុ​លើស​ពី​៥០​ឆ្នាំ​ដោយ​មាន​រួម​បញ្ចូល​ទាំង​ខ្ញុំ​ផង​ដែរ​ មាន​ការ​ណែនាំ​ឱ្យ​យើង​ធ្វើការ​ពី​ផ្ទះ»។​

កំណើន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ដប់​ដង​

គណៈ​កម្មការ​ចំពោះ​កិច្ច​ជាតិ​ទប់​ទល់​នឹង​ជំងឺ​កូវីដ១៩​នៃ​ប្រទេសឥណ្ឌូនេស៊ី​បាន​កត់ត្រាថា​ មាន​បណ្តាញ​ការឆ្លង​វីរុស​កូរ៉ូណា​ថ្មីៗ​ចំនួន​៩០​នៅ​ក្នុង​អគារ​ការិយាល័យ​ក្នុង​ក្រុង​ហ្សាការតា ​កាល​ពី​ថ្ងៃទី​២៨​ ខែកក្កដា​គឺ​មាន​កំណើន​១០​ដង​ចាប់​តាំង​ពី​មាន​ការ​រឹតត្បិត​ខាង​សង្គម​ដែល​បាន​ចប់​កាល​ពី​ដើម​ខែ​ឧសភា។​

ក្នុង​បណ្តា​បណ្តាញ​នៃ​ការឆ្លង​ទាំង​នេះ​មាន​ចំនួន​១៨ ​បាន​ត្រូវ​រក​ឃើញ​នៅ​ក្នុង​ការិយាល័យក្រសួង​នានា​របស់​ប្រទេស​ឥណ្ឌូណេស៊ី។​

លោក ​Wiku Adisasmito ​អ្នក​នាំ​ពាក្យ​នៃ​គណៈ​កម្មការ​ចំពោះ​កិច្ច​នេះ​និយាយ​ថា​ បណ្តាញ​នៃ​ការ​ឆ្លង​ទាំង​នេះ​បាន​កើត​ឡើង​ ពីព្រោះ​ក្រុមហ៊ុន​ផ្សេងៗ​ធ្វេស​ប្រហែស​មិនធ្វើ​តាម​វិធាន​ការ​បង្ការ​ជំងឺ​នេះ​ទេ។

លោក​បាន​និយាយ​ប្រាប់​វីអូអេ​ថា៖ ​«ជា​អន្តរជាតិ យើង​នៅ​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​នេះ​នៅ​ឡើយ។​ មាន​ការណែ​នាំ​ឱ្យ​ធ្វើការ​ពី​ផ្ទះ​ ជា​ពិសេស​សម្រាប់​ពួក​ជន​មាន​ការ​ប្រថុយ​ប្រថាន​ខ្លាំង។​ ការិយាល័យ​គួរ​កម្រិត​ម៉ោង​ធ្វើការ​ ​ហើយ​បន្ទប់​ធ្វើការ​គួរ​មាន​មនុស្ស​ត្រឹម​៥០%»។​

លោក​ Wiku Adisasmito​ បាន​ថ្លែង​បន្ថែម​ថា៖ ​«ប្រសិន​មនុស្ស​គ្មាន​វិន័យ​ក្នុង​ការ​ធ្វើ​តាម​ការ​ណែនាំខាង​សុខភាព​និង​សន្តិសុខ​ទេ ជា​ការ​ពិត​គឺ​អាច​មាន​បណ្តាញ​ការ​ឆ្លងវីរុស​នេះ»។​

អ្នក​ស្រី ​Elizabeth Selina ​ដែល​ធ្វើការ​ក្នុង​ការិយាល័យ​មួយ​នៅ​ប៉ែក​ខាង​លិច​នៃ​ទីក្រុង​ហ្សាការតានិយាយ​ថា​ ​ការ​មិន​ខ្វល់​ចំពោះ​ការណែ​នាំស្តី​អំពី​សុវត្ថិភាព​ក្នុង​កន្លែង​ធ្វើការ​នេះ​នាំ​ឱ្យ​អ្នក​ស្រី​បារម្ភ​អំពី​ការឆ្លង​វីរុស​នេះ។​

អ្នក​ស្រី​បាន​ថ្លែង​ថា៖​ «ជា​ដំបូង​យើង​ត្រូវ​តែ​សម្អាត​ដៃ​មិន​ឱ្យ​មាន​មេរោគ​នៅ​ពេល​យើង​ចូល​ក្នុង​ការិយាល័យ​ ​ក៏​ប៉ុន្តែ​នៅ​ពេល​ខ្លះ​ខ្ញុំ​ឃើញ​មនុស្ស​ដើរ​ចូល​ក្នុង​ការិយាល័យ​ដោយ​មិន​សម្អាត​ដៃ​ទេ។​ យើង​ក៏​ត្រូវតែ​ពាក់ម៉ាស់​ដែរ​ តែ​នៅ​ពេល​ខ្លះ​ បុគ្គលិក​ខ្លះ​ដោះ​ម៉ាស់​ចេញ»។​

អ្នក​ស្រី Elizabeth Selina ​និយាយ​ថា​ សហ​សេវិក​ខ្លះ​ធ្វើការ​រាប់ម៉ោង​នៅ​ក្នុង​បន្ទប់​បិទ​ជិត​ដែល​ជួន​កាល​គ្មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់​ទេ។​ អ្នក​ស្រី​សង្ឃឹម​ថា​ ​រដ្ឋាភិបាល​នឹង​ដាក់​កំហិតតឹងរ៉ឹង​ជាង​មុន​អំពី​វិធានការ​សុវត្ថិភាព​នៅ​កន្លែង​ធ្វើការ ​ដោយ​មាន​រួម​បញ្ចូល​ការ​ធ្វើ​តេស្ត​ទៀង​ទាត់​លើ​ពួក​មនុស្ស​ធ្វើការ​នៅ​នឹង​កន្លែង។​

ការ​ត្រួត​ពិនិត្យ​ធូរ​រលុង​

លោក​ Pandu Riono ​ដែល​ជា​អ្នក​ជំនាញ​ខាងជំងឺ​ឆ្លង​នៅ​ឯ​សាកល​វិទ្យាល័យ​ប្រទេស​ឥណ្ឌូណេស៊ី​បន្ទោស​ថា​ ការ​រាលដាល​វីរុស​នេះ​កាល​ពី​ថ្មីៗ​បំផុត​បណ្តាល​មក​ពី​ការ​ខ្វះ​ការ​ត្រួត​ពិនិត្យ​និង​ការ​អប់រំ​អំពី​ការ​ពង្រឹង​វិធានការ​សុខភាព​នៅ​កន្លែង​ធ្វើការ។​ លោក​បាន​ថ្លែង​ថា​ ការិយាល័យ​ជា​ច្រើន​បាន​បើក​អគារ​ពួក​គេ​ ដោយ​គ្មាន​ការ​អប់រំ​ពួក​បុគ្គលិក​ឱ្យ​បាន​ត្រឹមត្រូវ​អំពី​សារៈសំខាន់​នៃ​ភាព​ស្អាត​និង​ការ​រក្សា​គម្លាត​ពី​គ្នា។​

លោក ​Pandu Riono ​បាន​ថ្លែង​ថា៖​ «ខ្ញុំ​ដឹង​អំពី​លទ្ធភាព​នៃ​ការ​មាន​បណ្តាញ​ឆ្លង​វីរុស​នេះដែល​អាច​កើត​មាន​នៅ​ពេល​មាន​ការ​បន្ធូរ​ការ​រឹតត្បិត»។​ លោក​បាន​ព្យល់​ថា​ ​កាល​ពីខែ​ឧសភា​ ​លោក​បាន​សុំ​ឲ្យ​ពួក​មន្ត្រី​សុខាភិបាល​របស់​រដ្ឋាភិបាលកំណត់​ឲ្យ​មាន​ការ​រក្សា​គម្លាត​ពី​គ្នា​នៅ​ក្នុង​ការិយាល័យ ​រោងចក្រ​ ផ្សារ​ ឬ​នៅ​កន្លែង​ណា​មាន​ហ្វូង​មនុស្ស​ប្រមូល​ផ្តុំ​គ្នា។​

លោក​ Dicky Budiman ​ដែល​ជា​អ្នក​ជំនាញ​ជំងឺ​ឆ្លង​នៅ​ឯ​សាកល​វិទ្យាល័យ​ Griffith ​ក្នុង​ប្រទេស​អូស្ត្រាលី​និយាយ​ថា រដ្ឋាភិបាល​គួរ​ផ្អាក​ការ​បើក​ការិយាល័យ​ដែល​មិន​ចាំ​បាច់​រហូត​ដល់​ចុង​ឆ្នាំ​នេះ។​

លោក ​Dicky Budiman ​បាន​និយាយ​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក ​Kompas​ ថា៖​«គ្មាន​ជម្រើស​ឯ​ទៀត​សម្រាប់​ប្រទេស​ឥណ្ឌូណេស៊ី​ ទេ​លើក​លែង​តែ​លោក​អ្នក​ចង់​ប្រថុយ​ប្រថាន​នឹង​កំណើន​នៃ​ការ​ឆ្លង​និង​ការ​ស្លាប់​ដោយ​វីរុស​នេះ។

លោក​ Anies Baswedan ​អភិបាល​ក្រុង​ហ្សាការតាបាន​សន្យា​ថា​ នឹង​កែលម្អ​ការ​ត្រួត​ពិនិត្យ​ការ​ពង្រឹង​វិធានការ​សុខភាព​និង​ពង្រីក​ការ​ធ្វើតេស្ត​រក​វីរុស​កូរ៉ូណា​ ដោយ​លោក​សន្យា​ដែរ​ថា​ នឹង​បញ្ចេញ​ឈ្មោះ​ក្រុម​ហ៊ុន​ដែល​មិន​បាន​គោរព​តាម​វិធានការ​ទាំង​នេះ។​

លោក​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​តាម​អ៊ីនធឺណិត ​កាលពី​ថ្ងៃ​ទី​៣០​ ខែកក្កដា​ថា៖​ ​«រដ្ឋាភិបាល​នៃ​ក្រុង​ហ្សាការតា​នឹង​បន្ត​ត្រួត​ពិនិត្យ​វិស័យ​ធុរកិច្ច​និង​សកម្មភាព​សាធារណៈ​ទាំង​អស់​នៅ​ក្នុង​រដ្ឋធានី»។​

លោក​បាន​ថ្លែង​ទៀត​ថា៖ ​«យើង​នឹង​ប្រកាស​នៅ​ក្នុង​គេហទំព័រ​របស់​យើង​អំពី​ការ​រំលោភ​ណាមួយ​និង​ផល​វិបាក។​ យើង​ក៏​នឹង​ដាក់​ពិន័យ​ធ្ងន់​ដល់​ពួក​អ្នក​រំលោភ​វិធានការ​សុខភាព​ច្រើន​ដង​និង​ក្រុម​ហ៊ុន​ដែល​ធ្លាប់​បាន​ទទួល​ការ​ព្រមាន​កាល​ពី​ពេល​មុនៗ​មក​ហើយ»។

លោក​ Anies Baswedan ​បាន​និយាយ​ថា​ នាយក​ការិយាល័យ​ត្រូវ​ចាត់​វិធានការ​ការពារ​ពួក​អ្នក​ធ្វើការ​របស់​ខ្លួន​និង​បន្ត​គូស​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​ការ​ធ្វើ​តាម​វិធានការ​ខាង​សុខភាព​និង​ខាង​សុវត្ថិភាពព្រម​ទាំង​បន្ត​ត្រួត​ពិនិត្យ​សកម្ម​ភាព​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៅ​ក្នុង​អគារ​ផង​ដែរ។​

លោក​បាន​ពោល​ដែរ​ថា៖ ​«ប្រសិន​បើ​កន្លែង​ធ្វើការ​មិន​គិត​គូរ​អំពី​ពួក​អ្នក​ធ្វើការ​របស់​ពួក​គេ​នោះទេ​ ​នោះ​ផល​វិបាក​គឺ​អាច​មាន​ការ​ឆ្លង​វីរុស​នេះ​ជាច្រើន។​ នៅ​ពេល​មាន​ការ​ឆ្លង​វា​នឹង​មាន​ការ​បិទ​អគារហើយ​នៅ​ទី​បញ្ចប់​ទាំង​អស់​គ្នា​នឹង​ខាត​បង់»។

នៅ​ពេល​នេះ​ប្រទេស​ឥណ្ឌូណេស៊ី​មាន​ករណី​មនុស្ស ឆ្លង​វីរុស​កូរ៉ូណា​ជាង​១សែន១ម៉ឺន​៦​ពាន់​៨​រយ​៧០​នាក់ដោយ​មាន​អ្នក​ជំងឺ​នេះ​ស្លាប់​៥​ពាន់៤​រយ​៥២​នាក់ ​ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​បំផុត​ក្នុង​អាស៊ី​អាគ្នេយ៍៕​

ប្រែ​សម្រួល​ដោយ​លោក​ឈឹម សុមេធ​

XS
SM
MD
LG