ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​សង្ស័យ​វៀតណាម​បីរូប ត្រូវ​បាន​ចាប់ខ្លួន ពាក់ព័ន្ធនឹង​ការបោកប្រាស់​ពលរដ្ឋ​អាមេរិក​ក្នុង​រឿង​ជំងឺ​កូវីដ១៩


រូបឯកសារ៖ ទឹក​អាល់កុល​លាងដៃ ដែល​គេ​ដាក់​នៅក្នុង​ហាងកាត់សក់​មួយ​កន្លែង​នៅ​សហរដ្ឋ​អាមេរិក។
រូបឯកសារ៖ ទឹក​អាល់កុល​លាងដៃ ដែល​គេ​ដាក់​នៅក្នុង​ហាងកាត់សក់​មួយ​កន្លែង​នៅ​សហរដ្ឋ​អាមេរិក។

ជន​សង្ស័យ​ទាំង៣​​នាក់​ដែលមាន​ឈ្មោះ ថា Phan Dinh Thu, Tran Quoc Khanh និង​ Nguyen Duy Toan បាន​ដំណើរការ​គេហទំព័រ​ចំនួន​៣០០​ ដោយ​ប្រកាស​លក់​​​ទឹក​លាង​ដៃ​ និង​សម្ភារៈផ្សេងៗទៀត​ ដែល​មិន​អាច​រក​បាន​​ក្នុង​ទីផ្សារអាមេរិក​ នៅ​​ដំណាក់កាល​ដំបូង​នៃ​​ការ​ផ្ទុះ​​ឡើង​នូវ​ការរាតត្បាត​ជំងឹ​កូវីដ​១៩នោះ។​

អាជ្ញាធរ​ប្រទេស​វៀតណាម​ បាន​ចាប់​និង​ចោទ​ប្រកាន់​មនុស្ស​៣នាក់ ពី​បទបន្លំបោក​ប្រាស់តាម​ប្រព័ន្ធ​អនឡាញ ទាក់​ទង​នឹង​ករណី​ការ​ឆ្លង​រាតត្បាត​ជំងឹ​កូវីដ​១៩ ​ដោយបោកប្រាស់ពលរដ្ឋ​អាមេរិកកាំង​រាប់​ពាន់​នាក់ ឲ្យ​បង់​ប្រាក់​ប្រមាណ​ជិត​១លាន​ដុល្លារ​អាមេរិក។​

សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ ដោយស្ថានទូតនិង​ស្ថាន​កុងស៊ុលអាមេរិក​ក្នុង​ប្រទេស​វៀតណាម​បាន​ឲ្យ​ដឹង​ថា​ ជន​សង្ស័យ​ទាំង៣នាក់​ដែលមាន​ឈ្មោះ ថា Phan Dinh Thu, Tran Quoc Khanh និង​ Nguyen Duy Toan បាន​ដំណើរការ​គេហទំព័រ​ចំនួន​៣០០​ ដោយ​ប្រកាស​លក់​ទឹក​លាង​ដៃ​ និង​សម្ភារៈផ្សេងៗទៀត​ ដែល​មិន​អាច​រក​បានក្នុង​ទីផ្សារអាមេរិក​ នៅដំណាក់កាល​ដំបូង​នៃការ​ផ្ទុះឡើង​នូវ​ការរាតត្បាត​ជំងឹ​កូវីដ​១៩នោះ។​ ជនរ​ង​គ្រោះ​អាមេរិក​ជាង​៧ពាន់នាក់​ ក្នុង​រដ្ឋ​ទាំង​៥០​របស់​សហរដ្ឋ​អាមេរិក​ បាន​បញ្ជាទិញ​របស់​ទាំង​នោះ​ តាម​ប្រព័​ន្ធ​អនឡាញ ប៉ុន្តែ​ពួកគេ​មិនដែល​បាន​ទទួល​នូវ​ទំនិញ​ដែល​គេ​បាន​ទិញនោះ​ឡើយ។​

ការ​ស៊ើប​អង្កេតមួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក​ រក​ឃើញ​ថា​ គណនី​អ៊ីមែល​រាប់​រយនិង​ឈ្មោះរបស់​ម្ចាស់​គណនី​ទាំង​នោះ​ ត្រូវ​បាន​បង្កើត​ឡើង​ជាមួយក្រុមហ៊ុន​បង់​ប្រាក់ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក ដើម្បីដំណើរ​ការ​ក្នុង​ការ​បោក​ប្រាស់នេះ ដោយ​លាក់​បាំងដំណើរ​ការ​នេះ​ពី​ក្រុមអនុវត្ត​ច្បាប់របស់​អាមេរិក​។

ជន​ជាប់​ចោទទាំង​៣នាក់ ​ក៏​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ផង​ដែរ​ថា ​បានបង្កើតអាស័យដ្ឋាន​និង​លេខ​ទូរស័ព្ទ​ក្លែង​ក្លាយ​បង្ហោះ​នៅលើ​គេហទំព័ររប​ស់​ពួក​គេ ដែល​ប្រការ​នេះ បាន​ធ្វើ​ឲ្យ​បុគ្គលនិង​ក្រុម​ហ៊ុន​មួយ​ចំនួន​ក្នុង​សហរដ្ឋ​អាមេរិក ​ដែល​មិន​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ ទទួលការប្តឹង​តវ៉ា​ពី​ជន​រង​គ្រោះ​ដែល​បាន​ពីការ​បង់ប្រាក់​និង​ទទួល​បាន​របស់​ក្លែង​ក្លាយ។​

ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក​ បាន​ជូន​ដំណឹង​ទៅ​ក្រសួង​សន្តិសុខ​សាធារណៈរបស់​វៀតណាម​ ហើយ​អាជ្ញាធរវៀតណាមក៏​បាន​ដំណើរ​ការ​ស៊ើប​អង្កេត​ពាក់ព័ន្ធនឹងរឿង​នេះ នឹង​ចុង​ក្រោយ​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួនជន​សង្ស័យ​ទាំង​៣នាក់​នេះ​តែ​ម្តង។​

ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​ប្រទេស​វៀតណាម​លោក Daniel J. Kritenbrink បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ការស៊ើប​អង្កេត​នេះ​ បង្ហាញ​ថា ​រដ្ឋាភិបាល​ប្រទេស​វៀតណាម​ បាន​ចាត់​ទុក​ឧក្រិដ្ឋកម្ម​ទាក់ទង​នឹង​រឿង​កូវីដ១៩​នេះ​ ថា​ជារឿង​មួយ​ដ៏ធំ​ មិន​អាច​អត់​អោនឲ្យបាន៕

XS
SM
MD
LG